មកដល់ថ្ងៃនេះ ពេលនេះ កម្ពុជានៅជាកូនសិស្សថ្នាក់មតេ្តយ្យសាលាដែលកំពុងរៀនសូត្រពីលទ្ធិប្រជាធិបតេយ្យ។ តាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ និងតាមរដ្ឋធម្មនុញ្ញដែលប្រសូត្រចេញក្រោយថ្ងៃបោះឆ្នោតឆ្នាំ១៩៩៣ គឺកម្ពុជាជាពិសេសថ្នាក់ដឹកនាំនិងមន្ត្រីគ្រឹកៗទាំងអស់ គួរយល់ច្បាស់និងអនុវត្តន៍បានទាំងអស់គ្នា ពីព្រោះរដ្ឋធម្មនុញ្ញខ្មែរមានលក្ខណៈមិនខុសពីរដ្ឋធម្មនុញ្ញប្រទេសថៃ ប្រទេសកាណាដា ប្រទេសអូស្ត្រាលី និងប្រទេសអង់គ្លេសនោះទេ។ តែហេតុផលដែលកម្ពុជានៅតែមិនច្បាស់លាស់ពីការជំរុញលទ្ធិប្រជាធិបតេយ្យអោយដើរទៅមុខគឺ៖
- លោភលន់អំណាចជ្រុល ធ្វើអោយខ្លួនខំប្រឹងអោយខាងតែបានដើម្បីអំណាចទោះបីត្រូវរំលោភទៅលើស្ថាប័នរក្សាតុល្យភាពអំណាចនិងរដ្ឋធម្មនុញ្ញយ៉ាងណាក៏ដោយ
- បកស្រាយច្បាប់តាមតែចិត្តចង់ដោយគ្មានស្ថាប័នឯករាជ្យឬស្ថាប័នជំនាញណាមួយហ៊ានប្រតិកម្មជំទាស់ឡើយ
ចុះអ្វីគឺលទ្ធិប្រជាធិបតេយ្យ?
លោកអារីស្តូត(Aristotle) គឺជាអ្នកប្រាជ្ញក្រិចបុរាណដែលបានបំពេញបន្ថែមយ៉ាងពេញលេញទៅលើទ្រឹស្តីការដឹកនាំរដ្ឋតាមបែបលទ្ធិប្រជាធិបតេយ្យជំនួយបន្ថែមអោយគ្រូរបស់ខ្លួនគឺលោកប្លាតូ(Plato) និងបុព្វាចារ្យគឺលោកសូក្រាត(Socrates)។ តាមលោកអារីស្តូត ប្រជាធិបតេយ្យទោះក្នុងរូបភាពជាព្រះមហាក្សត្រសោយរាជ្យឬប្រព័ន្ធប្រធានាធិបតីក្តី រដ្ឋសភាគឺជាស្ថាប័នតំណាងជ្រើសតាំងដោយប្រជាជន ជាអ្នកតាក់តែងច្បាប់ និងជម្រុញអោយមានការអនុវត្តន៍ច្បាប់ តាមក្រិតក្រមនៃរដ្ឋធម្មនុញ្ញ។
ក្រោយឆ្នាំ១៩៩៣ រដ្ឋធម្មនុញ្ញកម្ពុជាមានការអនុវត្តន៌បានតែមួយចំនួនប៉ុណ្ណោះ ចំណែកមួយចំនួនទៀតជាពិសេសស្ថាប័នទាំងឡាយណាដែលជួយអោយរដ្ឋធម្មនុញ្ញមានសុពលភាពឬជម្រុញអោយស្ថាប័នទាំងបីគឺនីតិបញ្ញត្តិ នីតិតុលាការ និងនីតិប្រតិបត្តិ មានម្ចាស់ការនិងដាច់ដោយឡែកពីគ្នា គឺមិនត្រូវបានផ្តល់អំណាចអោយនិងអនុវត្តបានឡើយ។
- ព្រះមហាក្សត្រទ្រង់ជាព្រះប្រធាននៃអង្គចៅក្រម ដែលប្រធានអង្គចៅក្រមនេះជាអ្នកធានានូវឯករាជ្យភាពនិងវិជ្ជាជីវៈរបស់តុលាការកំពូល តុលាក្រុង-ខេត្ត និងសាលាឧទ្ទរ។ តែការអនុវត្តន៌វិញ ព្រះអង្គគ្រាន់តែជាប្រធានបង្គ្រប់កិច្ចពីព្រោះលេខាផ្ទាល់ក្នុងការរៀបចំកិច្ចប្រជុំ-រៀបចំវារៈប្រជុំម្តងៗរបស់សមាជិកគឺគ្មាន នេះមិននិយាយដល់សិទ្ធិអំណាចក្នុងការជ្រើសរើសសមាជិកដែលមានសមត្ថភាពនិងវិជ្ជាជីវៈផង។ ជាក់ស្តែង ស្ថានភាពបច្ចុប្បន្ន លោកឌិត មន្ទី ដែលជាសមាជិកអចិន្ត្រៃយ៍របស់គណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចគឺជាប្រធាននៃតុលាការកំពូល ហើយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោកអង់ វង្សវឌ្ឍនា គឺជាអ្នកចាត់ចែងថវិការនិងជាតំណាងសាធារណៈរបស់សមាជិកនៃអង្គចៅក្រមថែមទៀតផង ដូច្នេះតើធ្វើអោយព្រះមហាក្សត្របំពេញតួនាទីអោយតុលាការនោះឯករាជ្យបានយ៉ាងម៉េចទៅ?
- ទាំងប្រទេសថៃ ទាំងប្រទេសកាណាដាជាដើម ព្រះមហាក្សត្រគឺជាអគ្គមេបញ្ជាការកងទ័ពជាតិនិងជាអ្នកធានាយុត្តិធម៌ជូនប្រជាពលរដ្ឋគ្រប់គ្នាដោយមិនមែនគ្រាន់តែនិយាយសើរៗនៅលើរដ្ឋធម្មនុញ្ញទេ តែមានតំណាងដែលជ្រើសរើសផ្ទាល់ដោយព្រះមហាក្សត្រនិងមានថវិការដាច់ដោយឡែកសម្រាប់ស្ថាប័នព្រះមហាក្សត្រ។ ចំណែកកម្ពុជាវិញ ព្រះមហាក្សត្រមានមនុស្សបញ្ជូនមកពីស្ថាប័ននីតិប្រតិបត្តិមកជាមន្ត្រីព្រះបរមរាជវាំងនិងមានសេនាឆ្វេងស្តាំផ្សេងទៀតជាដើម។
លទ្ធិប្រជាធិបតេយ្យតាមទស្សនៈរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន
ក្រោយពីរំលាយគណបក្សសង្គ្រោះជាតិនៅថ្ងៃទី១៦ ខែវិច្ឆិការ ឆ្នាំ២០១៧ រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានចោទប្រកាន់ដៃគូប្រជាធិបតេយ្យរបស់ខ្លួនថាជាភេរវជនឬជនបដិវត្តន៌ព៍ណផ្តួលរំលំរដ្ឋាភិបាលជាដើម។ ក្រោយមកមានការបោះពុម្ពផ្សាយពីមាគ៍ាបដិវត្តន៌ព៍ណនៅបណ្តាប្រទេសផ្សេងៗ មានចេញផ្សាយសៀវភៅសសម្រាប់គម្រោងរបស់ខ្លួនដល់ឆ្នាំ២០២៣ និងការបោះពុម្ពផ្សាយផែនទីភូមិសាស្ត្រនយោបាយរបស់កម្ពុជានៅក្នុងអាសុីនិងពិភពលោកដែលបោះពុម្ពផ្សាយដោយវិទ្យាស្ថានសភាកម្ពុជាជាដើម។
នៅក្នុងអត្ថបទមួយដែលចុះផ្សាយកាលពីខែឧសភា ២០១៧ ក្រោមចំណងជើងថា លក្ខណ្ឌនិងមុខងារបស់សភាកម្ពុជានិងប្រព័ន្ធគ្រប់គ្រងរដ្ឋ៖ នៅក្នុងបរិបទអន្តរជាតិ អ្នកនិព្វន្ធបានអោយនិយមន័យលទ្ធិប្រជាធិបតេយ្យកម្ពុជាមានត្រឹមការប្រើប្រាស់អំណាចនៅក្នុងរដ្ឋសភាតាមសំលេងភាគច្រើនតែប៉ុណ្ណោះ ដោយមិនមានការអធិប្បាយអោយបានសុីជម្រៅឡើយ (សូមមើលទំព័រទី១ ត្រង់ចំណុចលទ្ធិប្រជាធិបតេយ្យជាអ្វី?)។ ចំណែកសៀវភៅសដែលបោះពុម្ពផ្សាយដោយអង្គភាពប្រតិកម្មរហ័សរបស់ទីស្តីការគណៈរដ្ឋមន្ត្រីវិញ បានព្យាយាមប្រាប់ពិភពលោកថា កម្ពុជាមានស្ថាប័នឯករាជ្យជាច្រើនដែលធានានូវលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជាដូចជាស្ថាប័នព្រះមហាក្សត្រ តុលាការ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាដើម។
ទាំង២០៥ទំព័រនៃសៀវភៅផែនទីភូមិសាស្ត្រនយោបាយរបស់កម្ពុជាដែលសរសេរឡើងដោយអ្នកនិព្វន្ធជនជាតិបរទេសភាគច្រើន ព្រមទាំងរចនាបទយ៉ាងប្រណិត យើងសង្កេតឃើញថាមិនបាននិយាយលំអិតអំពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើយ។ តែជាសំណាងល្អអ្នកនិព្វន្ធលោកមីហ្សែល ហ្វូស្សេ ក្នុងចំណងជើងទំនាក់ទំនងសេដ្ឋកិច្ចនិងទំនាក់ទំនងនយោបាយ បានសង្ខេបយ៉ាងខ្លីតែពោរពេញដោយអត្ថន័យនៃលទ្ធិប្រជាធិបតេយ្យថា …ដំណើរការផ្លាស់ប្តូរនយោបាយកំពុងកើតមានយ៉ាងច្បាស់នៅអាសុីអាគ្នេយ៍ ក្នុងនោះមានទំនាក់ទំនងរវាងពលរដ្ឋនិងរដ្ឋ ទំរង់នៃការពិភាក្សា ការលេចឡើងនូវគណបក្សនយោបាយ ឬការចូលរួមរបស់អង្គការសមាគមក្រៅរដ្ឋាភិបាល ដែលបង្ហាញអំពីឆន្ទៈចង់អោយមានការផ្លាស់ប្តូរ…និន្នាការថ្មីនេះ មិនត្រូវចាត់ទុកថា គ្រាន់តែជាការតវ៉ាប្រឆាំងនោះទេ…
អនាគតរបស់កម្ពុជា
កម្ពុជាបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលអន្តរកាលគ្រោះថ្នាក់មួយ នៅពេលរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន-សែនបានយកសន្តិភាពមកដោះដូរជាមួយនឹងលទ្ធិប្រជាធិបតេយ្យ។ ការអនុវត្តន៌លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សដែលកកើតឡើងតាំងពីឆ្នាំ១៩៩៣តរៀងមកបានត្រឡប់ថយក្រោយវិញនៅពេលដែលគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ ហើយបើគណបក្សនេះដែលមានសំលេងប្រជាពលរដ្ឋបោះឆ្នោតអោយជិតកន្លៈប្រទេសមិនបានចូលរួមបោះឆ្នោតនៅខែកក្កដា ឆ្នាំ២០១៨នេះទេ ប្រទេសកម្ពុជានឹងក្លាយទៅជារដ្ឋាភិបាលឯកបក្សដូចប្រទេសចិន ឡាវ និងវៀតណាម ឬរបបយោធាដូចប្រទេសថៃនិងភូមាជាដើម។
ខ្ញុំសូមជំរាបជូននូវអានុសាសន៍មួយចំនួនដូចជា៖
- ពង្រឹងប្រព័ន្ធលើកកំពស់គុណសម្បត្តិជាក់ស្តែង(meritocracy) ដល់ប្រជាជនម្នាក់ៗ ជាជាងយកខ្សែស្រឡាយឬសាច់ញាតិជាធំក្នុងការបានការងារធ្វើនិងមុខរបរចិញ្ចឹមជីវិត។
- កាត់បន្ថយវប្បធម៍មុខមាត់(face) ជំនួសអោយវិញដោយវប្បធម៍ការងារ(work) ក្នុងការលើកតំលៃខ្លួនឯងនិងអោយតំលៃទៅលើមនុស្សម្នាក់ៗក្នុងសង្គម។
- មន្ត្រីរាជការសុីវិលត្រូវបំពេញការងារអោយមានប្រសិទ្ធិភាព មានប្រាក់បៀរវត្សន៍គ្រប់គ្រាន់ និងមានអព្យាក្រិតភាពក្នុងការបំពេញការងារម្តងៗ។
- មន្ត្រីរាជការកងកំឡាំងប្រដាប់អាវុធត្រូវមានក្រមសីលធម៍និងឧបេក្ខាចិត្តខ្ពស់ ហើយមិនគួរមកជ្រៀតជ្រែកឬទាក់ទាញអោយច្របូកច្របល់ក្នុងបញ្ហានយោបាយទេ យកល្អមិនគួរអោយមានសិទ្ធិបោះឆ្នោតដូចដែលមានការអនុវត្តន៍នៅប្រទេសថៃជាដើម។
- ពង្រឹងស្ថាប័នជាតិជាជាងស្ថាប័នគ្រួសារ ស្ថាប័នបក្សពួក និងស្ថាប័នគណបក្សនយោបាយជាដើម។
- ពង្រឹងស្ថាប័នជាតិដោយជម្រុញអោយអំណាចទាំងបីដាច់ឡែកពីគ្នានិងមានប្រសិទ្ធិភាពខ្ពស់។
- ជម្រុញនីតិរដ្ឋនិងការអនុវត្តន៌តាមរដ្ឋធម្មនុញ្ញអោយបានពិតប្រាកដជាក់ស្តែង។
The Nature and Functions of Cambodia’s Parliament and Government_Kh