សេចក្តីថ្លែងការណ៍អំពីការបោះឆ្នោតនៅកម្ពុជា
Op-Ed: The CEROC គណៈកម្មាធិការដើម្បីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេសសូមថ្កោលទោសជាឱឡារិកដល់ការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដែលប្រព្រឹត្តឡើងប្រកបដោយភាពលំអៀង មិនសុក្រិត្តយុត្តិធម៌ និងជាការបោកបញ្ឆោតសំលេងម្ចាស់ឆ្នោតប្រជាពលរដ្ឋខ្មែរ១៦លាននាក់។ គណៈកម្មការជាតិដើម្បីការបោះឆ្នោតឬហៅកាត់គជបជាអង្គភាពបង្គ្រប់កិច្ចអោយរដ្ឋាភិបាលដើម្បីបោកបញ្ឆោតប្រជាពលរដ្ឋខ្មែរ។ គជបមានមនុស្សធ្វើការមកពីគណបក្សប្រជាជនកម្ពុជា ហើយគណបក្សប្រជាជនកម្ពុជាបានរំកិលខ្លួនខ្ពស់ជាងស្ថាប័នជាតិសំខាន់ៗ។ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន-សែន ការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងការកសាងហេដ្ឋារចនាសម្ព័ន្ធគឺគ្រាន់តែជាការលំអររូបភាពខាងក្រៅតែប៉ុណ្ណោះ ពីព្រោះក្នុងរយៈពេលជាង២២ឆ្នាំនេះ លោកហ៊ុន-សែននិងក្រុមរបស់គាត់បានបំលែងប្តូរនូវស្ថាប័នជាតិដោយជំនួសវិញគឺក្រុមស្វាមីភក្តិរបស់គាត់និងគណបក្សប្រជាជនកម្ពុជា។ យើងខ្ញុំសូមអំពាវនាវអោយប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសទាំងអស់ត្រូវឈរប្រកៀកស្មារជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសក្នុងការជំរុញអោយស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ មានការបោះឆ្នោតឡើងវិញដែលអាចឆ្លុះបញ្ចាំងឆន្ទៈប្រជាពលរដ្ឋពិតប្រាកដក្នុងការជ្រើសរើសតំណាងរបស់ខ្លួន។ សហគមន៍អន្តរជាតិជាពិសេសប្រទេសប្រកាន់របបប្រជាធិបតេយ្យត្រូវអនុវត្តន៍ជាក់ស្តែងជាជាងគ្រាន់តែសំដែងចំណាប់អារម្មណ៍និងសេចក្តីថ្លែងការណ៍មិនទទួលស្គាល់ការបោះឆ្នោតនេះ។ ជាមេរៀន សូមអោយក្រុមអ្នកប្រជាធិបតេយ្យនិងសហគមន៍អន្តរជាតិធ្វើការផ្លាស់ប្តូរទិសពីការពង្រឹងសមត្ថភាពប្រជាពលរដ្ឋម្នាក់ៗមកជាការពង្រឹងស្ថាប័នជាតិវិញ ព្រោះក្នុងរយៈពេល២៧ឆ្នាំនេះ ប្រជាពលរដ្ឋខ្មែរម្នាក់ៗបានយល់សុីជម្រៅនូវខ្លឹមសារលទ្ធិប្រជាធិបតេយ្យបានមួយចំនួនធំហើយ តែពួកគេនៅជាជនរងគ្រោះពីគណបក្សកាន់អំណាចដែលគ្របសង្កត់ទាំងស្រុងទៅលើស្ថាប័នជាតិ។ Committee for Election Rights of Overseas Cambodians (The CEROC) solemnly condemns the national election conducted in July 29, 2018 which has been in bias, unfair, and manipulating the 16 millions of Cambodian population.