ទស្សនៈវិជ្ជានយោបាយដ៏ល្បីល្បាញរបស់ John locke (1632-1704)
ទស្សនៈវិជ្ជានយោបាយដ៏ល្បីល្បាញរបស់ John locke (1632-1704) Op-Ed: Mao Sokha ទស្សនវិជ្ជានយោបាយដ៏ល្បីល្បាញ និងដ៏មានឥទ្ធិពលបំផុតរបស់ចន ឡក គឺមានសរសេរនៅក្នុងសៀវភៅ ដែលមានចំណងជើងជាភាសាអង់គ្លេសថា “Two Treatises of Government” ដោយនៅក្នុងនោះ ចន ឡក សរសេរអំពីគោលគំនិតសំខាន់ៗរបស់លោក ទាក់ទងនឹងប្រភពនៃធម្មានុរូបភាពរបស់រដ្ឋ និងអំណាចរបស់មេដឹកនាំ។ ខ្សែសង្វាក់នៃទឡ្ហីករណ៍របស់ ចន ឡក ចំពោះបញ្ហានេះ គឺដូចគ្នាទៅនឹងថូម៉ាស់ ហបស៍ដែរ ពោលគឺ ចន ឡក ចាប់ផ្តើមពីការពិចារណាទៅលើសភាពធម្មជាតិរបស់មនុស្ស មុនពេលការបង្កើតជាសហគមន៍ ឬជារដ្ឋ តាមរយៈកិច្ចព្រមព្រៀងគ្នាមួយ ដែលគេឲ្យឈ្មោះថា “កិច្ចសន្យាសង្គម”។ ក៏ប៉ុន្តែ ថ្វីដ្បិតតែមានខ្សែសង្វាក់នៃទឡ្ហីករណ៍ដូចគ្នា តែគោលគំនិតរបស់ ចន ឡក ទៅលើសភាពធម្មជាតិរបស់មនុស្ស និងកិច្ចសន្យាសង្គម គឺផ្ទុយគ្នាស្រឡះពីគោលគំនិតរបស់ថូម៉ាស់ ហបស៍។ យោងតាមថូម៉ាស់ ហបស៍ ធម្មជាតិរបស់មនុស្ស គឺអាត្មានិយម ចូលចិត្តប្រកួតប្រជែងគ្នា និងប្រើកម្លាំងបាយ ហើយនៅក្នុងសភាពធម្មជាតិដើមរបស់មនុស្ស គឺពោរពេញទៅដោយភាពអនាធិបតេយ្យ និងសង្រ្គាមជាប់ជាប្រចាំ។