មេចារកម្មអាមេរិកបន្តព្រមានពីលទ្ធភាពនៃវត្តមានកងទ័ពចិននៅកម្ពុជា
មេចារកម្មអាមេរិកបន្តព្រមានពីលទ្ធភាពនៃវត្តមានកងទ័ពចិននៅកម្ពុជា 30 មករា 2019 អូន ឆេងប៉រ ភ្នំពេញ — មន្ត្រីជាន់ខ្ពស់បង្អស់នៃស្ថាប័នចារកម្មរដ្ឋរបស់សហរដ្ឋអាមេរិក បានបន្តបង្ហាញក្ដីបារម្ភអំពីលទ្ធភាពដែលកងទ័ពរំដោះប្រជាជនចិន អាចមានវត្តមាន តាំងទីនៅកម្ពុជាដោយបានភ្ជាប់លទ្ធភាពនេះទៅដល់ការគ្រប់គ្រងអំណាចផ្ដាច់មុខរបស់គណបក្សប្រជាជនកម្ពុជា។ ក្នុងរបាយការណ៍កម្រាស់៤២ទំព័រ ចេញផ្សាយកាលពីថ្ងៃអង្គារ ដែលសំយោគពីទិន្នន័យប្រមូលបានពីទីភ្នាក់ងារស៊ើបការណ៍ទាំងអស់របស់អាមេរិក ក្នុងការធ្វើការវាយតម្លៃ ពីកម្រិតនៃការគំរាមកំហែង ដល់សន្ដិសុខជាតិអាមេរិក លោក Daniel Ray Coats នាយកមន្ទីរចារកម្មជាតិអាមេរិកាំង បានភ្ជាប់អនុត្តរភាពអំណាចនយោបាយក្នុងប្រទេសកម្ពុជារបស់បក្សកាន់អំណាច និងសិទ្ធិអំណាចក្នុងការកែប្រែរដ្ឋធម្មនុញ្ញ។ ចារបុរសកំពូលរូបនេះបានលើកឡើងក្នុងរបាយការណ៍ថា៖«ការធ្វើដំណើររបស់កម្ពុជាឆ្ពោះទៅរកការដឹកនាំផ្ដាច់ការ ដែលអភិក្រមស្ដែងចេញតាមរយៈការបន្តស្ថិតក្នុងអំណាចរបស់គណបក្សប្រជាជនកម្ពុជា និងការគ្រប់គ្រងទាំងស្រុងរបស់គណបក្សមួយនេះ ទៅលើស្ថាប័ននីតិប្បញ្ញត្តិរបស់ជាតិ បានបើកផ្លូវ[នូវអំណាច]ធ្វើវិសោធនកម្មណាមួយ ដែលនៅទីបំផុតអាចនាំឱ្យមានវត្តមានយោធារបស់ចិននៅក្នុងប្រទេសមួយនេះ»។ រដ្ឋធម្មនុញ្ញប្រទេសកម្ពុជា មាត្រា៥៣ បានហាមប្រាមមិនឱ្យមានវត្តមាននៃមូលដ្ឋានទ័ពបរទេសលើទឹកដីរបស់ខ្លួនឡើយ។ ការកែប្រែរដ្ឋធម្មនុញ្ញ ត្រូវការសំឡេងគាំទ្រ២ភាគ៣ ក្នុងរដ្ឋសភា ដើម្បីអនុម័តយល់ព្រម។ បន្ទាប់ពីបានធ្វើការរំលាយគណបក្សសង្គ្រោះជាតិ ដែលជាបក្សជំទាស់ធំបង្អស់នៅក្នុងប្រទេស កម្ពុជាបានរៀបចំការបោះឆ្នោតដែលនាំឱ្យគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះគ្រប់គ្រងអាសនៈទាំងអស់១២៥នៅក្នុងរដ្ឋសភា ដែលលើសពីតម្រូវការ២ភាគ៣នៃសំឡេងសមាជិកសភា អាចធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ បានដោយគ្មានឧបសគ្គ ខណៈបក្សនេះក៏គ្រប់គ្រងអាសនៈ៥៨/៦២ នៅព្រឹទ្ធសភាផងដែរ។ បញ្ហានៃវត្តមានកងទ័ពចិននៅកម្ពុជា ត្រូវបានលើកឡើងដំបូងកាលពីខែមេសា ឆ្នាំ២០១៨កន្លងទៅ ដោយមជ្ឈមណ្ឌលស្រាវជ្រាវនិងសិក្សាជាន់ខ្ពស់លើកិច្ចការការពារជាតិ (C4ADS) ដែលបានភ្ជាប់ក្រុមហ៊ុន Union Development Group