សំណួរ-ចំលើយ ប្រឡងវិទ្យាសាស្រ្តនយោបាយ
សំណួរប្រឡងវិទ្យាសាស្រ្តនយោបាយ សំណួរ-ចំលើយ ប្រឡងវិទ្យាសាស្រ្តនយោបាយ រៀបរៀងដោយលោកសេង សុភ័ណ ១-ចួរពន្យល់ពីទស្សនៈទូទៅជុំវិញអត្ថន័យនយោបាយ? -នយោបាយគឺជាឧបាយក្នុងការកែច្នៃធនធានជាតិ(nation wealth) និងការអនុវត្តន៍ប្រព័ន្ធច្បាប់(national legal system)ដើម្បីផ្តល់សេវាកម្មល្អបំផុតដល់ប្រជាពលរដ្ឋនិងប្រទេសជាតិ។ ឧត្តមគតិអ្នកនយោបាយគឺជាឧត្តមគតិកសាងគំរូល្អសម្រាប់អនុជនជំនាន់ក្រោយនៅពេលខ្លួនកំពុងមានអំណាចគ្រប់គ្រង។ នយោបាយមិនមែនជាគំនិតរវើរវាយថាជារឿងរបស់វណ្ណៈអ្នកគ្រប់គ្រងដែលត្រូវតែប្រើអំណាចដើម្បីគ្រប់គ្រងប្រទេស ដើម្បីរៀបចំសណ្តាប់ធ្នាប់ក្នុងប្រទេស ដើម្បីប្រមូលធនធានក្នុងការអភិវឌ្ឍប្រទេស ហើយក៏ជាតួនាទីរបស់អ្នកនៅក្រោមការគ្រប់គ្រងដែលត្រូវតែស្តាប់បង្គាប់ និងប្រតិបត្តិតាមដោយម៉ឺងម៉ាត់នូវវិន័យ និងច្បាប់ នោះទេ ពីព្រោះទាំងអ្នកអភិរក្សនិយម(conservatives) ទាំងអ្នកសេរីនិយម(liberals) និងអ្នកទំនើបកម្មនិយម(modernists) សុទ្ធសឹងតែសំឡឹងឃើញនយោបាយជាវិធីសាស្ត្រឈានទៅរកការផ្លាស់ប្តូរជាវិជ្ជមានក្នុងសង្គម(positive changes in a society)។ ហើយនយោបាយមិនមែនជារឿងស្វែងរកអំណាចដើម្បីប្រើអំណាចទាំងនោះដោយខ្វះទំនួលខុសត្រូវនោះទេ ហើយក៏មិនមែនជាការស្វែងរកផលប្រយោជន៍សម្រាប់ខ្លួនឯងតាមការយល់ឃើញរបស់មហាជនមួយចំនួននោះដែរ ព្រោះការយល់ឃើញបែបនេះអាស្រ័យដោយអ្នកទាំងនោះធ្លាប់បានទទួលរងសម្ពាធពីនយោបាយបុគ្គលដែលមានជំនឿបែបនេះ មានអារម្មណ៍ស្អប់ខ្ពើមនយោបាយ ហើយមិនចង់ចូលរួមពាក់ព័ន្ធតែប៉ុណ្ណោះ។ តាមទស្សនៈប្រជាជនសាមញ្ញដែលឆ្លងកាត់ប្រវត្តិនយោបាយខុសនិងនយោបាយអមនុស្សធម៌ យល់ឃើញថា នយោបាយគឺជាការបោកប្រាស់ និងជាការងារខ្មៅកខ្វក់។ តែតាមពិតប្រជាជនសាមញ្ញទាំងអស់នោះគឺជាផ្នែកមួយនៃទំនួលខុសត្រូវនយោបាយខុសនិងនយោបាយអមនុស្សធម៍ទៅតាមច្បាប់កិច្ចសន្យាសង្គមនយោបាយ។ អ្នកប្រាជ្ញដ៏ល្បីឈ្មោះផ្នែកនយោបាយគឺលោកហ្សង់ហ្សាក់ រ៉ូសូ(Jean-Jacques Rousseau) បានអោយនិយមន័យនយោបាយថានយោបាយគឺជាកិច្ចសន្យាសង្គម(social contract)ដែលអ្នកមានអំណាចនិងប្រជាជនមិនអាចផ្តាច់ចេញពីគ្នាបានទេ ពួកគេគឺជាចលករនយោបាយមួយបង្កើតអោយមានវប្បធម៌នយោបាយនៃការធានាដល់សិទ្ធិសេរីភាព(rights and freedom) សមភាព(equality) យុត្តិធម៌(justice) និងប្រយោជន៍សុខដល់សាធារណៈ(public goods) ដោយមិនរើសមុខ។ ២-តើវិទ្យាសាស្រ្តនយោបាយមានប្រភពសំខាន់ៗអ្វីខ្លះ? ១- ទស្សនៈនយោបាយ ក- ប្រវត្តិនៃគំនិតនយោបាយ ខ- ទស្សនៈនយោបាយ ២- ស្ថាប័ននយោបាយ