Joint Statement On The Concerns about Ongoing Arrests of Political Activists
សេចក្តីថ្លែងការណ៍រួមស្តីពី ការព្រួយបារម្ភលើការបន្តចាប់ខ្លួនសកម្មជននយោបាយ June 11, 2020 – by ADHOC- Cambodia ថ្ងៃព្រហស្បតិ៍ ០៦រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ភ្នំពេញថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ សេចក្តីថ្លែងការណ៍រួមស្តីពី ការព្រួយបារម្ភលើការបន្តចាប់ខ្លួនសកម្មជននយោបាយ យើងខ្ញុំជាអង្គការសង្គមស៊ីវិល សហជីព និងសហគមន៍ សូមសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងជុំវិញការចាប់ខ្លួនសកម្មជននយោបាយ ពិសេសអតីតសមាជិកគណបក្សសង្គ្រោះជាតិ ។ ថ្មីៗនេះ យើងសង្កេតឃើញសមត្ថកិច្ចបានបន្តចាប់ និងឃុំខ្លួនអតីតសមាជិកគណបក្សប្រឆាំងជាបន្តបន្ទាប់ ដោយការចោទប្រកាន់ពីបទ រួមគំនិតក្បត់ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទ៍ និង បទញុះញង់ឱ្យយោធាមិនស្តាប់បង្គាប់ ដែលការចោទប្រកាន់ទាំងនេះបានរំលោភយ៉ាងធ្ងន់ធ្ងរទៅលើសេរីភាពក្នុងការបញ្ចេញមតិ និងសិទ្ធិធ្វើនយោបាយរបស់ប្រជាពលរដ្ឋ ដែលទទួលស្គាល់ដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា សេចក្តីប្រកាសជាសកលស្តីពី សិទ្ធិមនុស្ស និងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលប្រទេសកម្ពុជាជារដ្ឋហត្ថលេខី ។ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា ៥១ថ្មីចែងថា “ប្រជាពលរដ្ឋ គឺជាម្ចាស់វាសនានៃប្រទេសជាតិរបស់ខ្លួន។ អំណាចទាំងអស់ជារបស់ប្រជាពលរដ្ឋ…” មាត្រា៣៥ ចែងថា “ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ …របស់ប្រទេសជាតិ” និងមាត្រា៤១ ចែងថា “ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន…។” ដើម្បីឱ្យប្រទេសជាតិមានការរីកចម្រើនលូតលាស់ និងសុខសន្តិភាពពិតប្រាកដទៅបាន គឺទាល់តែប្រជាពលរដ្ឋមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងសិទ្ធិចូលរួមក្នុងសកម្មភាពនយោបាយបានដោយសេរី