ស្ថានទូតប្រជាធិបតេយ្យទទូចដល់របបក្រុងភ្នំពេញឱ្យគោរពសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ
Op-Ed: RFA, Sept. 08, 2020 ស្ថានទូតបរទេសមួយចំនួន អះអាងថា ពួកគេកំពុងតាមដានដោយយកចិត្តទុកដាក់ចំពោះការបង្ក្រាបរបស់អាជ្ញាធរលើក្រុមសកម្មជន និងអ្នកតវ៉ាដោយសន្តិវិធី។ តំណាងរដ្ឋាភិបាលបរទេសទាំងនោះ ស្នើឱ្យរបបលោក ហ៊ុន សែន គោរពសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ។ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលថា ការយល់ឃើញយ៉ាងណានោះ ជាសិទ្ធិរបស់តំណាងរដ្ឋាភិបាលបរទេស តែរដ្ឋាភិបាលកម្ពុជាមានសិទ្ធិអនុវត្តច្បាប់ក្នុងដែនអធិបតេយ្យរបស់ខ្លួន។ ស្ថានទូតប្រទេសប្រជាធិបតេយ្យមួយចំនួន និងអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ចាត់ទុកការចាប់ខ្លួនសកម្មជន និងអ្នកតវ៉ាដោយសន្តិវិធីថ្មីៗ នេះ គឺជាបង្ក្រាបលើសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។ អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក ឆាដ រ៉ូដេម៉ាយអ៊ើរ (Chad Roedemeier) ប្រាប់អាស៊ីសេរីតាមអ៊ីមែល (E-mail) នៅថ្ងៃទី៧ កញ្ញាថា ស្ថានទូតមានកង្វល់ជាខ្លាំង ចំពោះការចាប់ខ្លួនពលរដ្ឋ ដែលព្យាយាមអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួន។ លោកថា សហរដ្ឋអាមេរិកគាំទ្រជានិច្ចដល់សិទ្ធិសេរីភាពបញ្ចេញមតិ និងការជួបប្រជុំ។ លោកសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកទទូចឱ្យរដ្ឋាភិបាលកម្ពុជា ជួយសម្រួលដល់ដំណើរការនៃការសន្ទនាគ្នាដោយសេរី និងការផ្សះផ្សាជាមួយភាគីពាក់ព័ន្ធទាំងអស់។ ចំណែក ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជាវិញ ឱ្យអាស៊ីសេរីដឹងតាមអ៊ីមែលថា ស្ថានទូតកំពុងតាមដានពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាដោយយកចិត្តទុកដាក់។ ស្ថានទូតអូស្ត្រាលីអះអាងថា ដូចកាលពីមុនដែរ ប្រទេសអូស្ត្រាលីបន្តលើកឡើងពីបញ្ហាសិទ្ធិមនុស្ស រួមទាំងករណីច្បាស់ៗ មួយចំនួន ទៅកាន់មេដឹកនាំកម្ពុជា។ ប្រទេសអូស្ត្រាលីជំរុញឱ្យរដ្ឋាភិបាលកម្ពុជាផ្តល់កិច្ចគាំពារដល់សកម្មជនសិទ្ធិមនុស្សគ្រប់រូប