ព្រះសង្ឃដែលមានឋានៈធំៗទាំងនោះ ភាគច្រើនបញ្ចូលនយោបាយរបស់គណបក្សខ្លះ នៅពេលបានឡើងគង់ទេសនាម្តងៗ។ ជាងនេះទៅទៀត គំរាមកំហែង និងតាមដានព្រះសង្ឃណាដែលចូលរួមសង្កេតតាមដានប្រជាពលរដ្ឋ ដែលមកតវ៉ារឿងវិវាទដីធ្លី ព្រៃឈើ និងសិទ្ធិមនុស្សជាដើម ដោយសារព្រះសង្ឃរស់បានអាស្រ័យឧបាសក នៅពេលឧបាសកទុក្ខព្រួយគឺព្រះសង្ឃតែងតែជួយអ៊ីចឹងហើយ។ ឧទាហរណ៍ ដូចកាលពីឆ្នាំទៅ ព្រះសង្ឃលួន សាវ៉ាត ដែលចូលរួមឃ្លំាមើលការតវ៉ារឿងព្រៃឡង់ក៏មិនបានដែរ គឺមានលិខិតគណៈសង្ឃរាជធានីហាមវត្តនានានៅរាជធានីភ្នំពេញ មិនឲ្យគង់ស្នាក់អាស្រ័យនៅទេ។ ពេលខ្លះធ្វើការតាមដានព្រះសង្ឃណាដែលមាននិន្នាការនយោបាយរក លទ្ធិប្រជាធិបតេយ្យថែមទៀតផង។
Phnom Penh Post
Monday, 06 February 2012 12:00 តុង សុប្រាជ្ញ Hits: 225
ព្រះពុទ្ធឱវាទបានសម្តែងថា «ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់» ឬពាក្យសាមញ្ញនិយាយថា «ដាំចេកបានផ្លែចេក ដាំស្វាយនឹងបានផ្លែស្វាយ»។ ពុទ្ធឱវាទនេះ គួរត្រូវបានពុទ្ធសាសនិក ទាំងអស់ចងចាំ និងគោរពប្រណិប័តន៍តាមយ៉ាងខ្ជាប់ខ្ជួន ពិសេស គឺព្រះសង្ឃ ពុទ្ធសាសនា។ ប៉ុន្តែមិនដូច្នោះទេ ព្រះសង្ឃមួយចំនួនប្រព្រឹត្តខុសនឹងពុទ្ធឱវាទជាច្រើនប្រការ ដែលត្រូវបានការប្រមាថពីមតិសាធារណៈ។
កម្មៗប្រែមកថា «អំពើ» អំពើដែលលោកអ្នកធ្វើ លោកអ្នកតែងទទួល បើអាត្មាធ្វើខុសអាត្មាក៏ទទួលដែរ… មានតែព្រះអង្គ(ព្រះពុទ្ធ)មួយព្រះអង្គទេគ្មានគ្រូបាអាចារ្យណា ប្រដៅព្រះអង្គបានឡើយ…ហើយឧបាសកឧបាសិកាគួរតែកុំប្រព្រឹត្តទៅតាម កាមកិលេសតណ្ហា កុំលួចប្រពន្ធគេ ត្រូវចៀសវាងឲ្យបាននូវ ស្រី ស្រា ល្បែង…។ នេះគឺជាធម៌ដែលព្រះសង្ឃទេសនាម្តងៗដើម្បីប្រៀនប្រដៅឧបាសកឧបាសិកា ចំណុះជើងវត្ត កុំឲ្យប្រពឹត្តអំពើអបាយមុខទាំងនេះ។ សាសនា គឺជាផ្នែកមួយនៃបាវចនារបស់ព្រះរាជាណាចក្រកម្ពុជា ហើយប្រជាពលរដ្ឋដែលកាន់ និងគោរពសាសនាព្រះពុទ្ធដ៏លើសលប់គឺ៩៦,៩ភាគរយ នៃសាសនាសរុប។ (ជំរឿនឆ្នាំ ២០០៨) ដែលមានព្រះសង្ឃជាអ្នកដើរតួជាអ្នកប្រតិបត្តិតាមព្រះពុទ្ធ។ តើព្រះសង្ឃសព្វថ្ងៃប្រព្រឹត្តអ្វីខ្លះ នៅក្នុងសង្គម និងបណ្តាញសង្គមហេ្វសបុក(Facebook)?
បច្ចុប្បន្ននេះ បើមើលទៅទីវត្តអារាមណាដែលមានការសាងសង់រចនាប័ទ្មទំនើបស្អាតៗ ប្រណីតៗ សូម្បីកុដិព្រះសង្ឃនោះ ខ្លះក៏សឹងធំជាងវិហារវត្តល្មមផង ហើយតុបតែងស្អាតណាស់បំពាក់សុទ្ធតែឈើប្រណីតៗ និងបរិក្ខារត្រជាក់។ វត្តណាដែលល្អៗទាំងនោះ គឺភាគច្រើនសុទ្ធតែមានព្រះសង្ឃដែលពូកែៗ ខាងស្រោចទឹក ខាងទស្សន៍ទាយដំឡើងជោគជតារាសី បញ្ចូលមន្តអាគមន៍គាថា ហើយអ្នកធំៗ បានឡើងបុណ្យស័ក្តលឿនណាស់ ខ្លះកាន់តំណែងមិនត្រឹមតែរាប់ឆ្នាំទេគឺរាប់ទសវត្សរ៍ទៀតផង កាន់បានយូរណាស់។ នេះជាតួនាទីរបស់ព្រះសង្ឃដែលតែងតែជួយប្រោសព្រំគ្រហស្ថ អ៊ីចឹងហើយ បើទោះបីគ្រហស្ថទាំងនោះប្រកបរបរទុច្ចរិត ពុករលួយលក់ជាតិ ឬក៏មានបាតដៃប្រឡាក់ឈាមក៏ដោយ? ព្រះសង្ឃដែលពូកែៗទាំងនោះ ក៏ឡើងបុណ្យស័កិ្តលឿនដែរប្រៀបដូចចៅហ្វាយឡើងបុណ្យខុនឡើង ស័ក្តិ។ ពេលនិមន្តចេញក្រៅម្តងៗគឺសុទ្ធមានត្រាព្រះសង្ហាថ្នាក់ជាតិនៅ ពីលើចីវរ និងមានអង្គរក្សឆ្វេចឆ្វាចទៀតផង នៅតែថ្ងៃដាក់រថយន្តសៀរ៉ែននៅខាងមុខទេ។ ប្រសិនបើមានញោមៗធម្មតាណាមកនិមន្តទៅឆាន់សង្ឃទាននៅឯផ្ទះ វិញគឺ ព្រះសង្ឃធម្មតានិមន្តទៅបានហើយអាត្មាជាប់រវល់ណាស់ តែបើញោមៗណាថ្នាក់ធំៗ ឯកឧត្តម លោកជំទាវ ឬក៏ឧត្តមសេនីយ៍និមន្តទៅដំឡើងរាសី ឬក៏ឆាន់នៅវីឡាវិញគឺនិមន្តឡើងឡង់គ្រីស័រ ឬឡិចស៊ីសទៅភ្លាម។ គិតៗទៅសូម្បីតែសង្ឃក៏មានអង្គខ្លះកាលីបៗដែរ កុំថាឡើយតែឧបាសកនោះ។
ព្រះសង្ឃដែលមានឋានៈធំៗទាំងនោះ ភាគច្រើនបញ្ចូលនយោបាយរបស់គណបក្សខ្លះ នៅពេលបានឡើងគង់ទេសនាម្តងៗ។ ជាងនេះទៅទៀត គំរាមកំហែង និងតាមដានព្រះសង្ឃណាដែលចូលរួមសង្កេតតាមដានប្រជាពលរដ្ឋ ដែលមកតវ៉ារឿងវិវាទដីធ្លី ព្រៃឈើ និងសិទ្ធិមនុស្សជាដើម ដោយសារព្រះសង្ឃរស់បានអាស្រ័យឧបាសក នៅពេលឧបាសកទុក្ខព្រួយគឺព្រះសង្ឃតែងតែជួយអ៊ីចឹងហើយ។ ឧទាហរណ៍ ដូចកាលពីឆ្នាំទៅ ព្រះសង្ឃលួន សាវ៉ាត ដែលចូលរួមឃ្លំាមើលការតវ៉ារឿងព្រៃឡង់ក៏មិនបានដែរ គឺមានលិខិតគណៈសង្ឃរាជធានីហាមវត្តនានានៅរាជធានីភ្នំពេញ មិនឲ្យគង់ស្នាក់អាស្រ័យនៅទេ។ ពេលខ្លះធ្វើការតាមដានព្រះសង្ឃណាដែលមាននិន្នាការនយោបាយរក លទ្ធិប្រជាធិបតេយ្យថែមទៀតផង។
គណៈសង្ឃធំៗទាំងនោះ មិនសូវគិតគូររឿងការបន្តបង្កើតព្រះធម៌ព្រះត្រៃបិដកដើម្បី អភិវឌ្ឍវិស័យព្រះពុទ្ធសាសនា ឬក៏បង្កើតពាក្យថ្មីៗទៅលើវចនានុក្រម សម្តេចសង្ឃ ជួន ណាត ដែលមានស្រាប់ទេ ឬកំណត់យកនិយាមពាក្យដែលត្រូវមកផ្សព្វផ្សាយទេ គឺទុកឲ្យកូនខ្មែរទាំងបច្ចុប្បន្ន ជំនាន់ក្រោយទៀតមានការលំបាក ហើយតាំងបន្ទោសថាកូនខ្មែរមិនចេះសរសេរអក្សរខ្មែរត្រឹមត្រូវ សូម្បីការបង្កើតពាក្យប្រើជាភាសាខ្មែរនៅក្នុងទូរស័ព្ទហ្នឹង ក៏មិនទាន់ចុះសម្រុងគ្នានៅឡើយទេ។ ចុះថាតើនឹងមានបញ្ហាអក្សរខ្មែរអ្វីខ្លះកើតឡើង នៅខែក្រោយនេះ ប្រព័ន្ធអ៊ីនធឺណិត Mozilla Firefox មានគម្រោងបង្កើតកម្មវិធីអក្សរខ្មែរនៅលើវេបសាយរបស់ខ្លួន ឬមួយក៏ទុកឲ្យតាមដំណើរអ៊ីចឹងទៅ? គណៈសង្ឃធំៗបច្ចុប្បន្ននេះមើលទៅដូច គិតគូររឿងបក្ស បុណ្យស័ក្តិ និងអំណាចច្រើនជាងស្រាវជ្រាវធម៌អាថ៌ និងអក្សរសាស្រ្ត ខុសពីព្រះសង្ឃជំនាន់ដើមខិតខំរាប់ឆ្នាំបកប្រែពីភាសាបាលីមក ឲ្យកូនខ្មែរជំនាន់ក្រោយប្រើ ហើយមេដឹកនាំព្រះសង្ឃជំនាន់មុនហ៊ានចេញមុខតស៊ូប្រឆាំងជាមួយនឹង អាណានិគមនិយមបារាំង ដូចព្រះសង្ឃក្រឡាហោមគង់ ជាដើម។ សូមមានពុទ្ធដីកាជាលាយលក្ខណ៍អក្សរប្រាប់ផងសព្វថ្ងៃនេះធ្វើបាន អ្វីខ្លះ ?
ក្រៅពីនោះ មានរឿងប្លែកៗជាច្រើនជុំវិញព្រះសង្ឃដែលប្រព្រឹត្តផ្ទុយពីវីន័យ ធម៌ ព្រះសង្ឃខ្លះលួចផឹកស្រា ខ្លះលួចលេងបៀរ ខ្លះចាក់កន្ទុយលេខ ខ្លះហាត់បើកឡានលេងក្នុងវត្តពេលយប់ៗ ខ្លះលួចមើលរឿងអាសអាភាសក៏មាន អ៊ីចឹងហើយបានជាកើតមានព្រះសង្ឃហ៊ានដល់សេពមេថុន(រួមភេទ) ខ្លះទៀតឈានដល់ថ្នាក់ចាប់រំលោភសេពសន្ថវៈទៀតផង។ ឧទាហរណ៍៖ កាលពីសប្តាហ៍មុន មានព្រះសង្ឃមួយអង្គធ្វើសកម្មភាពរំលោភកុមារីដល់ទៅ២នាក់ ហើយ២នាក់ផ្សេងទៀតប៉ុនប៉ង ហើយគំរាមសម្លាប់ក្មេងស្រីៗទាំង២នាក់នោះទៀត បើស្រែក ឬក៏ទៅប្តឹងប៉ូលិស។ ព្រះសង្ឃអើយ ព្រះសង្ឃ!អីក៏សាហាវម្ល៉េះ ក្រែងទូន្មានគ្រហស្ថសុទ្ធតែ កុំឲ្យប្រព្រឹត្តអបាយមុខនានា តែព្រះសង្ឃខ្លួនឯងនោះជាអ្នកប្រព្រឹត្តទៅវិញ។ ករណីព្រះសង្ឃធ្វើសកម្មភាពយ៉ាងដូច្នេះ មិនឃើញមានគណៈសង្ឃធំៗ រឹតបន្តឹងផ្នែកវិន័យឲ្យបានធ្ងន់ធ្ងរទេ ដូចជា ចេញជាលាយលក្ខណ៍អក្សរ ប្រកាសតាមវត្តនានាទូទាំងប្រទេសជាដើម ពោលគឺទុកទាល់តែទុំជោរ បានដឹងដូចជា ករណី នេត ខៃ បាននាំគ្នាចាត់ការទាំងគណៈសង្ឃទាំងសមត្ថកិច្ច។ បើតាមរបាយការណ៍ឆ្នាំ២០១១ របស់ក្រសួងមហាផ្ទៃ បានបង្ហាញថា ករណីរំលោភសេពសន្ថវៈមាន៣៤០ករណី កើនឡើងជាងឆ្នាំ២០១០ ដែលមាន៣១០ករណី។ ក្នុងនោះករណីរំលោភសរុបក៏រាប់បញ្ចូលទាំងព្រះសង្ឃផងដែរ។ សង្ឃឹមថា ឆ្នាំនេះក្រសួងនឹង វិភាគទិន្នន័យមកបង្ហាញចំពោះករណីអ្នកប្រព្រឹត្តជាព្រះសង្ឃផងដែរ ។
សកម្មភាពអបាយមុខរបស់ព្រះសង្ឃខាងលើនេះ គួរឲ្យខ្ពើមរអើមចំពោះសង្គមជាតិ។ ឧបាសកម្នាក់ៗធ្វើអ្វីៗ មិនហ៊ានប៉ះព្រះសង្ឃទេព្រោះខ្លាចបាប សូម្បីតែនិយាយទៅកាន់ព្រះសង្ឃក៏គិតដែរខ្លាចខុសពាក្យពេចន៍ ចំណែកព្រះសង្ឃខ្លះវិញមិនត្រឹមតែរំលោភទេ ថែមទាំងគំរាមសម្លាប់ទៀត។
ឥឡូវនេះ ចូលដល់ដំណាក់កាលព្រះសង្ឃនាំគ្នាលេងហ្វេសប៊ុក ហើយឆ្លើយឆ្លងជាមួយនារីស្អាត ខ្លះស៊ិចស៊ីទៀត សំណួរសួរថាតើព្រះសង្ឃលេងហ្វេសប៊ុកមានអ្វីខុសដែរឬទេ ? បើតាមវិន័យសង្ឃវិញតើ អាចដាច់អាបត្តិដែរឬទេ? បើព្រះសង្ឃបើកហ្វេសប៊ុកទៅឃើញសុទ្ធតែរូបអាសអាភាស ឬវីដេអូគ្លីបអាសអាភាស ដែលគេបានបង្ហោះ ឬមានមេរោគ(Virus)ដែលបានផ្ញើមកចូលក្នុងខ្ទង់គណនីហ្វេសបុករបស់ ព្រះសង្ឃនោះ? ពេលខ្លះព្រះសង្ឃដែលជាសមាជិកលេងហ្វេសបុកក៏បង្ហោះរូបភាពរបស់ ព្រះសង្ឃក្នុងបន្ទប់ក្នុងកុដិ ដែលរូបថតទាំងប្រុស ស្រី នៅក្នុងបន្ទប់នោះឲ្យញាតិញោមឃើញទាំងអស់ ហើយព្រះសង្ឃខ្លះពាក់តែហង្សសាក់ (អាវកាក់)ទៀត។ តើជាការសមរម្យដែរឬទេបើនារីៗបើកនៅក្នុងហ្វេសបុកឃើញនោះ? បើតាមវិន័យធម៌ព្រះសង្ឃតាមធម្មតា គឺអាចមើលមុខស្រ្តីទាល់តែចម្ងាយសុទ្ធតែ៣ ទៅ៤ម៉ែត្រឯណោះ។ បើព្រះសង្ឃមើលរូបភាពស្រើបស្រាលបែបនេះ អាចបណ្តាលឲ្យព្រះសង្ឃដែលលេងហ្វេសប៊ុកអាចឈានដល់ការរួមភេទ ឬក៏ចាប់រំលោភដែរឬទេ? តើគណៈសង្ឃធំៗមានបានដឹងរឿងព្រះសង្ឃលេងហ្វេសប៊ុកដែរ ឬទេ? បើដឹងហើយ តើមានវិធានការដែរឬទេ?
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com