ជាងនេះទៅទៀត សូម្បីតែលោកនាយករដ្ឋមន្ត្រីក៏ហាក់បីដូចជាទទួលស្គាល់តុលាការមានភាពពុករលួយដែរ ដូចករណីដោះលែងឪពុក-ម្តាយ ថោង សារ៉ាត់ ឲ្យនៅក្រៅឃុំជាដើម។ រឿងរ៉ាវតុលាការនៅស្រុកខ្មែរប្រៀបដូចជារឿងភេ និងឆ្កែចចក នៅក្នុងសៀវភៅរៀនអានថ្នាក់ ទី១ នៅពេលដែលសត្វភេ ២ ក្បាលបានចាប់បានត្រីតែ ១ ហើយចែកគ្នាមិនដាច់យកទៅប្តឹងសត្វឆ្កែចចក ពេលនោះឆ្កែចចកកាត់សេចក្តីមិនស្មើ ហើយឆ្កែចចកឆ្លៀតកាត់សាច់ត្រីយកខ្លួនឯងមួយផ្នែកធំ តែសត្វភេទាំង ២ ក្បាលនៅតែមិនសុខចិត្តនឹងគ្នា ទីបំផុតបានតែម្នាក់មួយចំណិតតូចនៃសត្វត្រីដែលខ្លួនរកបាននោះ។ ហើយពេលខ្លះមន្ត្រីនៅតុលាការក៏មានការប្រជែងគ្នារឿងទំនាស់ផលប្រយោជន៍ជាមួយនឹង លោក មាលតី នេះដែរ គឺថានៅពេលណាមានករណីកាត់ក្តីរឿងអំពើហិង្សាក្នុងគ្រួសារ ឬក៏ការប្រទូស្តកេរ្តិ៍ខ្មាស ឬក៏ការលែងលះប្តីប្រពន្ធគឺឲ្យទៅគេ រីឯករណីកាត់ក្តីធំៗដែលពាក់ព័ន្ធលុយកាក់ច្រើន ដូចជាទំនាស់ដីធ្លី ឬបទឧក្រិដ្ឋធំៗ ដូចករណីដីយាយក្រពើ និងជនសង្ស័យ ថោង សារ៉ាត់ ជាដើមនោះគឺអញជាអ្នកកាត់ក្តី។ នេះក៏ជាសិល្បៈមួយដែរ។
ស្រុកខ្មែរសម្បូរទៅដោយសិល្បៈនៃការសម្តែងឈុតឆាកប្លែកៗ
នៅស្រុកខ្មែរ ក្រៅតែពីការសម្តែងការប្រគំតន្ត្រី កំប្លែង អាយ៉ៃ ល្ខោន និងសៀករហស្សកម្ម ក៏មានសម្បូរសិល្បៈនៃការសម្តែងផ្សេងទៀតដូចជា ការរៀបចំឈុតឆាកនយោបាយ ការកាត់សេចក្តីនៅក្នុងតុលាការ ការដោះលែងជនជាប់ចោទ ការកៀបស៊ីទាំងភាគីចុងចោទ និងដើមចោទ ការពុករលួយ ការធ្វើជាស្វែងរកចាប់ជនជាប់ចោទមិនឃើញ ឬក៏ចាប់បាន ដោះសារថាដោយសារគ្រោះធម្មជាតិ ឬគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសការទម្លាក់កំហុសទៅលើនរណាម្នាក់ ប្រសិនបើគេចង់ធ្វើក. ដោយយកច្បាប់មកប្រើគឺមិនចេះខ្វះទេបទចោទនោះ ដូចសម័យខ្មែរក្រហមចង់អ្នកណាសម្លាប់មនុស្សក៏ ប៉ុល ពត ដែរ។ ហេតុអ្វីបានជារបបនេះ គេចូលចិត្តលេងការសម្តែងបែបអ៊ីចឹង? បើម្តងកើតឡើងចំពោះគេ ម្តងខ្លួនឯងហ្នឹងនេះ? ឬមួយក៏តួអង្គរឿង សាម កុក ចូលខ្លួនគ្រប់ៗគ្នានោះ?
ជាក់ស្តែងកាលពីសប្តាហ៍មុននេះ មានការសម្តែងចេញឲ្យឃើញលើគោកៗមួយចំនួនគ្រាន់តែករណីដោះលែងឪពុកម្តាយ ថោង សារ៉ាត់ ឲ្យនៅក្រៅឃុំ ក្រោយមកចាប់យកមកដាក់គុកព្រៃសវិញ បន្ទាប់មកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឲ្យរដ្ឋមន្ត្រីយុត្តិធម៌ និងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមធ្វើការស៊ើបអង្កេតអតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ លើករណីដោះលែងឪពុកម្តាយ ថោង សារ៉ាត់។
លោកនាយករដ្ឋមន្ត្រីបន្តទៀតថា ប្រហែលជាបានសំណូកក្រាស់ក្រែលហើយបានជាដោះលែងនោះ និងដោយសារលេសនេះ លោកក៏បានយកឱកាសធ្វើការវាយប្រហារបកទៅលើស្ថាប័នអន្តរជាតិមួយចំនួនដែលតែងតែរិះគន់ទៅលើប្រព័ន្ធតុលាការស្រុកខ្មែរមិនឯករាជ្យ ឥឡូវគេឲ្យឯករាជ្យពេកវាអ៊ីចឹង? មិនយូរប៉ុន្មានម៉ោងក្រោយមក លោក អាំង មាលតី អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញត្រូវបានដកចេញពីតំណែងភ្លាមៗនោះដែរ ហើយត្រូវស្ថិតនៅក្រោមអធិការកិច្ចរបស់ក្រសួងយុត្តិធម៌ទៀតផង រីឯឧត្តមសេនីយ៍ ពេជ្រ ព្រហ្មមុន្នី ជាជំនួយការផ្ទាល់របស់លោកផង និងជាគ្រូមន្តអាគមអូមអាមរបស់លោករឿងរកស៊ីមានបាន ក៏ត្រូវគេចាប់ខ្លួន និងសួរចម្លើយអស់រយៈពេលជាច្រើនម៉ោងនៅតុលាការចោទពីបទម៉ាកំភ្លូសតាមច្បាប់នេះច្បាប់នោះ រួចហើយបញ្ជូនទៅគុកព្រៃសវិញ។
តើការដកតំណែងនេះគឺបង្ហាញពីការអនុវត្តកំណែទម្រង់ស៊ីជម្រៅ ឬក៏ជារឿងទំនាស់ផលប្រយោជន៍នៅក្នុងសមាជិកគណបក្សប្រជាជនគ្នាឯង? ហើយក៏មានសំណួរថា រឿងអីបានជាមានមុខ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយដុតដៃដុតជើងទៅចូលរួមជួបសួរជនជាប់ចោទទាំងពីរនាក់ផ្ទាល់នៅគុកព្រៃស ហ្នឹងគេដែរ? តើមានពាក្យប្តឹងពីបទពុករលួយហើយឬនៅ មុននឹងទៅសាកសួរអ្នកទាំងនោះ? តើគាត់ទៅស៊ើបអង្កេត ឬក៏ទៅអន្តរាគមន៍អ្នកទាំងពីរនាក់នោះ? តើវាមានទំនាក់ទំនងអ្វីដែររវាងលោក ឱម យ៉ិនទៀង និងលោក អាំង មាលតី? ឬក៏លោកទាំងពីរធ្លាប់មានទំនាក់ទំនងគ្នាល្អកាលពីនៅតុលាការ ខេត្តបន្ទាយមានជ័យ កាលពីបើកយុទ្ធនាការកម្ចាត់ការជួញដូរគ្រឿងញៀនដ៏ធំមួយ ដែលចាប់បានមេខ្លោង ម៉ឹក តារា និងស្នងការ ខេត្តបន្ទាយមានជ័យ ទៀតផងនោះ? នេះគឺជាការសម្តែងមួយឈុតផ្សេងទៀត។
តាមពិតទៅវាសឹងតែជារឿងសាមញ្ញទៅហើយ ដែលតុលាការស្រុកខ្មែរទទួលរងសម្ពាធពីរដ្ឋាភិបាលនោះក្នុងករណីឃុំខ្លួន ឬក៏ដោះលែងជនជាប់ចោទដែលយោងទៅតាមរបត់នយោបាយនោះ ដូចករណីចាប់ឃុំខ្លួន ឬក៏ដោះលែងអ្នកតវ៉ាដីធ្លីជាពិសេសអ្នកភូមិបឹងកក់ និងបុរីកីឡា ក៏ដូចគ្នាទៅនឹងការចាប់ឃុំខ្លួនមន្ត្រីបក្សប្រឆាំងផងដែរ។ រដ្ឋាភិបាលចង់ឃុំខ្លួនក៏ឃុំខ្លួនទៅ នៅពេលដែលនយោបាយបក្សទាំង ២ ត្រូវគ្នាមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងដោះលែងចេញមកវិញទាំងអស់ តែទុកមន្ត្រី ២ ទៅ ៣ នាក់នៅតែជាប់គុកគ្រាន់ធ្វើជានុយរបស់បក្សកាន់អំណាចលេងសិល្បៈ។
បើគ្រាន់តែមើលស្ថានការណ៍បក្សកាន់អំណាច និងបក្សប្រឆាំងដូចជារាងមានភាពតានតឹងដូចកាលពីខែមុនភ្លាមគឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ផ្តើមសើរើរឿងចាស់មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងពាក់ព័ន្ធនឹងសំណុំរឿងតុលាការឡើងវិញភ្លាម តែនៅពេលលោក សម រង្ស៊ី មេបក្សសង្គ្រោះជាតិ បានបន្ទន់ឥរិយាបថសភាពការណ៍ក៏ស្ងប់ស្ងាត់ទៅវិញភ្លាមដូចទឹកជោរទឹកនាចអ៊ីចឹង។
មានន័យថា តុលាការស្រុកខ្មែរចាំតែដើរខ្សែញាក់របស់រាជរដ្ឋាភិបាលទេ ដោយសារតែតុលាការស្រួលញាក់ ប៉ះដៃយកដៃប៉ះជើងយកជើងអ៊ីចឹង ម៉្លោះហើយដើម្បីស្រួលប្រើការថ្ងៃក្រោយគឺរដ្ឋាភិបាលពេលខ្លះ ចេះតែបិទភ្នែកខ្លះទៅឲ្យតុលាការធ្វើព្យុះធ្វើភ្លៀង ដូចការបណ្តែតបណ្តោយ មេទ័ព មេប៉េអឹម មេព្រៃ កាប់ឈើកាងឈើពេញផ្ទៃប្រទេសព្រោះរដ្ឋាភិបាលខ្វះលុយចិញ្ចឹមទ័ពខ្លះផង អ៊ីចឹងចេះតែធ្វើគធ្វើថ្លង់ទៅដើម្បីរក្សាអំណាច បើទោះបីជាលោកនាយករដ្ឋមន្ត្រីក៏ធ្លាប់ប្រកាសថា លោកនឹងចុះចេញពីតំណែងបើលោកដោះស្រាយបញ្ហាកាប់បំផ្លាញព្រៃឈើមិនបាននោះ។
ជាងនេះទៅទៀត សូម្បីតែលោកនាយករដ្ឋមន្ត្រីក៏ហាក់បីដូចជាទទួលស្គាល់តុលាការមានភាពពុករលួយដែរ ដូចករណីដោះលែងឪពុក-ម្តាយ ថោង សារ៉ាត់ ឲ្យនៅក្រៅឃុំជាដើម។ រឿងរ៉ាវតុលាការនៅស្រុកខ្មែរប្រៀបដូចជារឿងភេ និងឆ្កែចចក នៅក្នុងសៀវភៅរៀនអានថ្នាក់ ទី១ នៅពេលដែលសត្វភេ ២ ក្បាលបានចាប់បានត្រីតែ ១ ហើយចែកគ្នាមិនដាច់យកទៅប្តឹងសត្វឆ្កែចចក ពេលនោះឆ្កែចចកកាត់សេចក្តីមិនស្មើ ហើយឆ្កែចចកឆ្លៀតកាត់សាច់ត្រីយកខ្លួនឯងមួយផ្នែកធំ តែសត្វភេទាំង ២ ក្បាលនៅតែមិនសុខចិត្តនឹងគ្នា ទីបំផុតបានតែម្នាក់មួយចំណិតតូចនៃសត្វត្រីដែលខ្លួនរកបាននោះ។ ហើយពេលខ្លះមន្ត្រីនៅតុលាការក៏មានការប្រជែងគ្នារឿងទំនាស់ផលប្រយោជន៍ជាមួយនឹង លោក មាលតី នេះដែរ គឺថានៅពេលណាមានករណីកាត់ក្តីរឿងអំពើហិង្សាក្នុងគ្រួសារ ឬក៏ការប្រទូស្តកេរ្តិ៍ខ្មាស ឬក៏ការលែងលះប្តីប្រពន្ធគឺឲ្យទៅគេ រីឯករណីកាត់ក្តីធំៗដែលពាក់ព័ន្ធលុយកាក់ច្រើន ដូចជាទំនាស់ដីធ្លី ឬបទឧក្រិដ្ឋធំៗ ដូចករណីដីយាយក្រពើ និងជនសង្ស័យ ថោង សារ៉ាត់ ជាដើមនោះគឺអញជាអ្នកកាត់ក្តី។ នេះក៏ជាសិល្បៈមួយដែរ។
ម្យ៉ាងវិញទៀត អ្វីដែលជារឿងធ្វើឲ្យមានការឈឺចាប់របស់មន្ត្រីប៉ូលិសនោះគឺ នៅពេលដែលខ្លួនខំប្រឹងស៊ើបអង្កេតហើយ តាមចាប់បានករណីបទឧក្រិដ្ឋធំៗយកមកតុលាការតែបែរជាចៅក្រមដោះលែងដោយទទួលសំណូកទៅវិញ តើការចាប់ឧក្រិដ្ឋជន និងអ្នកពាក់ព័ន្ធបទឧក្រិដ្ឋនោះដើម្បីអ្វី មានន័យអ្វី? អ៊ីចឹងមានតែពេលខ្លះដោយសារតែតុលាការដោះលែងជនជាប់ចោទដោយទទួលសំណូក ហេតុដូចនេះសមត្ថកិច្ចអាចធ្វើឲ្យមានការកើតឡើងករណីមិនចាត់ការ ឬក៏ធ្វើជារកមិនឃើញដោយសារទទួលសំណូក ឬក៏សម្ពាធនយោបាយដែរ យ៉ាងម៉េចទៅវិញ? ដូចករណីរឿងសំខាន់ចាប់លោក ថោង សារ៉ាត់ មិនបាន? បើទោះបីជាលោកខំបញ្ចេញខ្សែអាត់លើក ទី៣ នៅតាមហ្វេសប៊ុកកាលពីសប្តាហ៍មុននេះថា គាត់មិនជាប់ពាក់ព័ន្ធនឹងឃាតកម្មលោក អ៊ឹង ម៉េងជឺ ទេ។
តែសំណួរជាសាមញ្ញសួរថា បើលោកមិនជាប់ពាក់ព័ន្ធបទឧក្រិដ្ឋនេះ ហេតុអ្វីបានជាលោក មិនចូលខ្លួនមកតុលាការដើម្បីជម្រះបញ្ជីដើម្បីឲ្យដាច់ស្រេចទៅ? ហើយក៏អាចបង្ហាញថា មិនជាប់ពាក់ព័ន្ធនឹងឪពុកម្តាយរបស់លោកដែរ? សិល្បៈនៃការសម្តែងធំៗរបស់សមត្ថកិច្ចនេះគឺអាចមានចេញនូវលក្ខខណ្ឌស៊ីរែកគឺស៊ីទាំងដើមចោទ ស៊ីទាំងចុងចោទ ប្រាប់ថា មិនអីទេសមត្ថកិច្ចកំពុងតែស៊ើបអង្កេតតាមចាប់ជិតបានហើយគឺបានត្រឹមតែដឹងតម្រុយរហូត អ្នកដើមចោទបានត្រឹមតែសង្ឃឹមរហូត។ ដូចគ្នានេះដែរ ករណី ឈូក បណ្ឌិត មកទល់ពេលនេះនៅតែចាប់មិនបានដដែល បើទោះបីជាលោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផងក៏ធ្លាប់ប្រកាសតាមចាប់ជនជាប់ចោទ ឈូក បណ្ឌិត នេះដែរ។
តែផ្ទុយទៅវិញ ករណីឧក្រិដ្ឋជន ហេង ពៅ វិញកុំថា ឡើយឆ្លងប្រទេសទៅដល់ម៉ាឡេស៊ី ក៏ដោយកុំថារួចខ្លួនឲ្យសោះគឺរដ្ឋាភិបាលថ្ពក់យកមកវិញឲ្យទាល់តែបាន ហើយចោទពីបទសឹងតែគ្រប់រឿង ជាប់គុកជាង ១០០ ឆ្នាំឯណោះសរុបទៅ។ ដូចលោកនាយករដ្ឋមន្ត្រីធ្លាប់ព្រមានរួចថា កុំថាឡើយយន្តហោះឡើងផុតពីដីថា រួចខ្លួនឲ្យសោះ លោកក៏បញ្ជាឲ្យយន្តហោះនោះត្រឡប់មកក្រោយវិញបានដែរ នេះបើរដ្ឋាភិបាលចង់ចាប់ជនណាម្នាក់ ឬក្រុមណាមួយដែលប្រព្រឹត្តបទល្មើសអ្វីមួយនោះ។
នេះគឺសិល្បៈការសម្តែងឲ្យឃើញលើគោកៗពេកហើយ ថាតើនៅស្រុកខ្មែររឿងតុលាការ សមត្ថកិច្ច និងឆាកល្ខោននយោបាយនោះ ឲ្យតែមនុស្សដែលគេប្រើលែងកើតហើយប៉ះពាល់ផលប្រយោជន៍ធំៗ គឺគេត្រូវលត់ហើយយកច្បាប់មកចោទជុំទិស សូម្បីតែគ្រូពេទ្យដើរចាក់ថ្នាំតាមភូមិខុសច្បាប់នៅ ឃុំរកា ខេត្តបាត់ដំបង ក៏ត្រូវរដ្ឋាភិបាលចោទឡើងងងឹតមុខដែរគឺឲ្យជាប់គុកអស់មួយជីវិត។ តាមពិតគឺជារឿងធ្វេសប្រហែសរបស់រដ្ឋាភិបាលខ្លួនឯងសោះដែលបណ្តោយឲ្យមានផ្ទុះនូវការឆ្លងមេរោគអេដស៍ទៅមនុស្សជាង ២០០ នាក់កន្លងទៅ។
សរុបមកវិញ បើម្នាក់ៗចេះតែដេកគិតសម្តែងឆាកបំភាន់ភ្នែកស្រស់ៗបែបហ្នឹង តើស្រុកទេសពេលណាបាននិទ្ទណ្ឌភាពត្រូវបានគេបញ្ចប់នោះ? ហើយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលនេះ គ្រាន់តែជាការវាយស្មៅបង្អើលពស់ ដូចករណីលោក អាំង មាលតី នេះទេ គឺមិនមែនជាកំណែទម្រង់ឲ្យមាននិរន្តរភាពពិតប្រាកដនោះទេ។
ហេតុដូចនេះ រាជរដ្ឋាភិបាល គួរតែមើលឲ្យគ្រប់ជ្រុងជ្រោយដើម្បីឲ្យមានតម្លាភាព រវាងសមត្ថកិច្ច និងតុលាការ និងដើម្បីឲ្យមានគណនេយ្យភាពជាមួយនឹងប្រជាពលរដ្ឋ បើពុំដូចនោះអាណត្តិក្រោយប្រហែលបាត់លើស ២២ កៅអីទៀត។
យ៉ាងណាមិញ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមគួរតែចេះភ្ញាក់រឭកស៊ើបអង្កេតករណីរំលោភច្បាប់នៅប្រព័ន្ធតុលាការដោយខ្លួនឯង កុំចាំតែរដ្ឋាភិបាលមានប្រតិកម្មបានខ្លួនខំប្រឹងធ្វើតាមនោះ៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com