ប្រសិទ្ធភាពមេដឹកនាំនយោបាយ
មគ្គវិធីសំរាប់មេដឹកនាំខ្មែរ
ដោយ សេង ភ. សុភ័ណ
សេចក្តីប្រារព្ធ
មនុស្សកើតមកប្រកបដោយសិទ្ធិសេរីភាពខាងគំនិត និងការបដិបត្តិជាច្រើន ជាពិសេសសម្រាប់មេដឹកនាំដែលជាបុគ្គលសំខាន់ គំរូគេ នាំមុខគេ ក្នុងការកំណត់ជោគវាសនារបស់ប្រជាជាតិទូទៅ ដូច្នេះតើមេដឹកនាំខ្មែរគួរជ្រើសរើសយកផ្លូវមួយណា?។ ជាការចាំបាច់ណាស់ បើមេដឹកនាំខ្មែរទាំងអស់ ពិសេសយុវជនខ្មែរជំនាន់ក្រោយដែលនឹងក្លាយទៅជាមេដឹកនាំនាពេលអនាគតនោះប្រឹងស្វែងយល់យកផ្លូវដែលត្រឹមត្រូវមួយនិងសិក្សាយកគំរូល្អៗតាមមេដឹកនាំរបស់ខ្មែរយើងពីអតីតកាល ព្រមទាំងមេដឹកនាំល្បីៗក្នុងពិភពលោកយើងនេះ។ សៀវភៅតូចនេះគ្រាន់តែជាអនុសាសន៍និងជាពន្លឺខ្លះៗសម្រាប់មេដឹកនាំខ្មែរទាំងអស់ជាពិសេសគឺយុវជនខ្មែរជំនាន់ក្រោយដើម្បីរៀនសូត្រសំរាប់ខ្លួនឯងតែប៉ុណ្ណោះ។
ភាពចាំបាច់សម្រាប់ភាវៈជាមេដឹកនាំ
មេដឹកនាំ ឬអ្នកដឹកនាំជាគោលគំនិតមួយដែលមនុស្សម្នាក់ៗត្រូវតែព្យាយាមស្វែងរកមកទុកក្នុងក្រអៅបេះដូងរៀងៗខ្លួន។ បើមនុស្សម្នាក់ៗខ្វះភាវៈជាមេដឹកនាំនៅក្នុងចិត្តហើយគេពិបាកនឹងធ្វើជីវិតឲ្យចំរើនរុងរឿងខ្លាំងណាស់។ ខ្មែរយើងភាគច្រើនតែងតែយល់ថា ភាវៈមេដឹកនាំគឺមានសំរាប់តែប្រមុខរដ្ឋឬអ្នកនយោបាយមួយក្រុមតូចប៉ុណ្ណោះ។ ជាការជាក់ស្ដែង ប្រទេសដែលប្រកាន់យកលទ្ធិផ្ដាច់ការ ប្រទេសជាតិទាំងមូលនិងគ្រប់គ្រងទាំងស្រុងដោយមនុស្សមួយក្រុមតូច។ តែសំរាប់យុគ្គបច្ចុប្បន្ន ជាយុគ្គត្រាស់ដឹង(Enlightenment Era) បុគ្គលម្នាក់ៗនៅក្នុងប្រទេសមួយៗ គឺជាមេដឹកនាំ។ រាប់ចាប់តាំងពីសមាជិកម្នាក់ៗក្នុងសង្គមគ្រួសារ ភូមិ ស្រុក ខេត្ត ក្រុង និងប្រទេស ត្រូវតែអភិវឌ្ឍន៍ភាវ:ដឹកនាំឲ្យមាននៅក្នុងខ្លួនដើម្បីជាភ្នែកច្រមុះក្នុងការអភិវឌ្ឍន៍សង្គមរួមគ្នានៅគ្រប់វិស័យ។ តែទោះជាយ៉ាងណាក៏ដោយ ឋានៈជាអ្នកដឹកនាំក្នុងគ្រួសារនិងអ្នកដឹកនាំសង្គមជាតិទាំងមូលមានភាពខុសគ្នាឆ្ងាយណាស់ព្រោះផលប៉ះទង្គិចពីការដឹកនាំខុស ដឹកនាំជ្រុល មានទំហំខុសគ្នាឆ្ងាយណាស់។
នៅក្នុងសៀវភៅសាកលចិន្តារបស់ព្រះភិក្ខុធម្មបាលខៀវ ជុំ ភាគ២ ត្រង់ទំព័រ៤៣៣ បានបញ្ជាក់ថា “សង្គ្រាមជាហេតុធ្វើឲ្យរាំងស្ទះដល់ការអភិវឌ្ឍន៍សង្គម ប៉ុន្តែបើមានដឹកនាំគ្មានសមត្ថភាព គ្មានគំនិតសង្គម គ្មានស្មារតីយុត្តិធម៌។ល។ ចាត់ការគ្រប់គ្រងប្រទេសគ្មានប្រសិទ្ធភាព ប្រជាពលរដ្ឋស្ដាប់មិនបានមើលមិនយល់ មិនដឹងជាអ្នកដឹកនាំដឹកដៃខ្លួនចង់ដើរផ្លូវណា?។ ព្រឹត្តិការណ៍ស្រុកទេសមានសភាពដូចនេះកំរនឹងគេចផុតពីអានាធិបតេយ្យគឺភាពវឹកវរចលាចល។ ជាពិសេសសភាពអារ៉ាត់អារាយស្ដាប់គ្នាលេងកើតរវាងអ្នកដឹកនាំនិងអ្នកដើរតាម នេះជាកត្តាមួយទៀតដែលធ្វើឲ្យការអភិវឌ្ឍន៍ចេញមិនរួច។ បុព្វហេតុនៃការគ្មានសណ្ដាប់ធ្នាប់ដែលជាធាតុជាន់ពន្លិចការអភិវឌ្ឍន៍ គ្មានមកពីអ្នកណាដ៏ទៃទេ គឺមកពីអ្នកគ្រប់គ្រងគ្មានសមត្ថភាព ធ្វើចំណាត់ការសេដ្ឋកិច្ច នយោបាយ សង្គមកិច្ច វប្បធម៌ គ្មានប្រសិទ្ធភាពហ្នឹងឯង”។