Comment: ការសម្រេចបញ្ចេញថវិកាជួយអ្នកក្រីក្រជាងកន្លះលានគ្រួសារដែលមានទាំងអ្នករងគ្រោះដោយសារជំងឺកូវីដផងនោះគឺជាលទ្ធផលមួយនៃការតស៊ូមតិរបស់អ្នកប្រជាធិបតេយ្យជាពិសេសសកម្មជន យុវជននិងគណបក្សសង្គ្រោះជាតិ។ លទ្ធផលសម្រាប់ប្រជាពលរដ្ឋខ្មែរគឺមានទាំងត្រេកអរផងនិងអាក់អន់ចិត្តផងពីព្រោះច្បាស់ជាមានការបែងចែកមិនត្រូវត្រូវនិងប្រាក់ជួយតិចតួចពេក មិនអាចដោះស្រាយជីវភាពអោយប្រសើរបានឬសងបំណុលបាន ព្រមទាំងមានការរើសអើងដល់អ្នកមាននិន្នាការនយោបាយផ្សេងគ្នានៅក្នុងសហគមតាមរយៈមេឃុំ-ចៅសង្កាត់-មេភូមិដែលត្រូវបានតែងតាំងតំណែងដោយគណបក្សប្រជាជនកម្ពុជា។ កត្តារើសអើងនេះគឺជាបរាជ័យរបស់ភាពជាមេដឹកនាំរបស់លោកហ៊ុនសែនពីរទសវត្សកន្លងមកនេះ ដែលបានរំលាយគណបក្សសង្គ្រោះជាតិនៅពេលឃើញថាបក្សនេះមានប្រជាប្រីយភាពជាងបក្សខ្លួន។ បន្ទាប់ពីកំចាត់សម្លេងជិតកន្លះនគរនេះមក លោកហ៊ុនសែនកាន់តែរន្ថើនបង្កើនកំឡាំងគណបក្សប្រជាជនកម្ពុជាខ្ពស់ជាងស្ថាប័នជាតិដែលការណ៍នេះគឺពិតជានាំគ្រោះកាចដល់ជាតិនេះខ្លាំងណាស់។ សព្វថ្ងៃមន្ត្រីរាជការមួយភាគដែលស៊ីប្រាក់ខែរាស្ត្របានកំពុងត្រូវគេអូសទាញផង បង្ខិតបង្ខំផង និងសន្យាតំណែងផងដោយក្រុមការងារគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ជាពិសេសតាមរយៈបណ្តាញសហព័ន្ធសហភាពយុវជនកម្ពុជាជាដើម។
24 មិថុនា 2020
បោះពុម្ពភ្នំពេញ —
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃពុធនេះ បានអះអាងថា ជំនួយសង្គមជាថវិកាដែលរដ្ឋាភិបាលផ្តល់នៅពេលនេះ គឺជួយប្រជាពលរដ្ឋក្រីក្រនៅទូទាំងប្រទេស ដែលត្រូវបានបញ្ចូលក្នុងបញ្ជីគ្រួសារក្រីក្រ ហើយក៏ជាអ្នករងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩។
លោក ហ៊ុន សែន ថ្លែងបែបនេះនៅក្នុងពិធីប្រកាសជាផ្លូវការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រនិងងាយរងគ្រោះ ក្នុងអំឡុងពេលជំងឺកូវីដ១៩។ ពិធីនេះធ្វើឡើងនៅវិមានសន្តិភាព និងមានការចូលរួមពីអង្គទូតនានា។
បើតាមលោក ហ៊ុន សែន អ្នកក្រីក្រទាំងនោះមានជាង ៥៦ម៉ឺនគ្រួសារ។ លោកបន្តថា ជំងឺកូវីដ១៩នេះ«បន្តអូសបន្លាយនិងមិនមានភាពច្បាស់លាស់» ដូច្នេះហើយទើបរដ្ឋាភិបាលសម្រេចជួយអ្នកក្រីក្រនៅពេលនេះ។
លោក ហ៊ុន សែន បន្តថា រដ្ឋាភិបាលរបស់លោក មិនបណ្តោយឲ្យប្រជាពលរដ្ឋស្លាប់ដោយអត់អាហារនោះទេ។ លោកបញ្ជាក់ថា ថវិកាទាំងនេះ ជាថវិកាដែលរដ្ឋាភិបាលសន្សំទុក តាំងពីដើមមក។
លោកមានប្រសាសន៍ថា៖ «ការប្រកាសដាក់ឲ្យអនុវត្តនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលជំងឺកូវីដ១៩ ក្នុងពេលនេះគូសរំលេចឲ្យឃើញជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងក្រោមការដឹកនាំរបស់ខ្ញុំផ្ទាល់ នឹងមិនទុកឲ្យពលរដ្ឋណាមួយត្រូវស្លាប់ដោយអត់បាយ ដោយគ្មានការយកចិត្តទុកដាក់នោះទេ»។
កម្មវិធីជំនួយសង្គមពិសេសនេះនឹងជួយប្រជាជនក្រីក្រ ដែលមានបណ្ណក្រីក្រ១និង២ ដែលរដ្ឋាភិបាលបានចុះស្រង់ទិន្នន័យក្នុងពេលថ្មីៗនេះបន្ថែមទៀត។ ចំនួននេះមានរហូតទៅដល់ ៥៦ម៉ឺនគ្រួសារ។លោក ហ៊ុន សែន ថា ចំនួននេះនឹងបន្តកើនឡើងទៀត ដោយសារប្រជាជនកម្ពុជានឹងបន្តធ្លាក់ក្នុងភាពក្រីក្រ ដោយសារមិនមានការងារធ្វើ ហើយបាត់បង់ចំណូល។
តារាងប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រនិងងាយរងគ្រោះ ឲ្យដឹងថា គ្រួសារក្រីក្រនៅទីប្រជុំជននៅភ្នំពេញ និងនៅទីប្រជុំជនតាមខេត្តនានា នឹងទទួលបាន ១២ម៉ឺនរៀល ក្នុងមួយគ្រួសារ។ បន្ថែមពីនេះទៀត សមាជិកគ្រួសារម្នាក់ទទួលបាន ៤ម៉ឺនរៀល ហើយកុមារអាយុក្រោម ៥ឆ្នាំ នឹងទទួលបាន ៤ម៉ឺនរៀល ក្នុងមួយនាក់។ ចំណែកគ្រួសារក្រីក្រនិងងាយរងគ្រោះនៅតាមជនបទក្នុងបណ្តាខេត្តនានា មួយគ្រួសារនឹងទទួលបានចំនួន ៨ម៉ឺនរៀល។ សមាជិកគ្រួសារម្នាក់ទទួលបាន ២៤.០០០រៀល និងកុមារអាយុក្រោម ៥ឆ្នាំ ទទួលបាន ២៤.០០០រៀល។
លោក ហ៊ុន សែន បញ្ជាក់ថា នេះមិនមែនជាការផ្តល់ប្រាក់អចិន្រ្តៃយ៍នោះទេ ហើយរដ្ឋាភិបាលនឹងបន្តតាមដាន និងវាយតម្លៃផលប៉ះពាល់ជាក់ស្តែង រៀងរាល់ពីរខែម្តង។
លោក ហ៊ុន សែន បានអំពាវនាវឲ្យប្រជាពលរដ្ឋរកការងារធ្វើឲ្យបានឆាប់ និងត្រូវចៀសវាងបង្កើតទម្លាប់រស់នៅដោយពឹងផ្អែកទាំងស្រុងទៅលើប្រាក់ឧបត្ថម្ភ។
នៅថ្ងៃពុធនេះ ស្ថានទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជានិងស្ថានទូតអូស្រ្តាលី ដែលបាននិងកំពុងជួយកម្ពុជាក្នុងការផ្តល់បណ្ណក្រីក្រដល់ប្រជាពលរដ្ឋ បានចេញសេចក្តីប្រកាសព័ត៌មានមួយ គាំទ្រគម្រោងផ្តល់សាច់ប្រាក់របស់រដ្ឋាភិបាលកម្ពុជា។ ស្ថានទូតទាំងនេះលើកឡើងថា ពលរដ្ឋខ្មែរក្រីក្រជាង ៥៦ម៉ឺនគ្រួសារនេះគឺស្មើនឹងប្រជាជនប្រមាណ ២,៣លាននាក់ ដែលទទួលបានសិទ្ធិចូលរួមក្នុងកម្មវិធីថ្មីក្នុងការទទួលបានប្រាក់ឧបត្ថម្ភ។
លោក Günter Riethmacher នាយកទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ប្រចាំប្រទេសកម្ពុជា លើកឡើងថា ក្រុមការងារបានបន្ថែមអ្នកក្រីក្រថ្មីជាង ៥ម៉ឺនគ្រួសារ ទៅក្នុងប្រព័ន្ធភាពក្រីក្រ (IDPoor) នៅក្នុងខែនេះ។
លោក Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជាមានប្រសាសន៍ក្នុងសេចក្តីប្រកាសព័ត៌មានថា៖ «កម្មវិធីផ្ទេរសាច់ប្រាក់ដែលបានគ្រោងទុកនេះ គឺជាយន្តការដ៏មានប្រសិទ្ធភាពមួយ។កម្មវិធីនេះសំដៅជួយគ្រួសារណាដែលកំពុងមានតម្រូវការ ហើយនៅពេលជាមួយគ្នានេះដែរ វាជួយបង្កើនចំណាយក្នុងការប្រើប្រាស់ដែលជួយដល់សេដ្ឋកិច្ចទាំងមូល»។
លោក សន ជ័យ នាយកប្រតិបត្តិប្រចាំប្រទេសកម្ពុជានៃសម្ព័ន្ធភាពគណនេយ្យសង្គម (ANSA) បានលើកទឹកចិត្តឲ្យរដ្ឋាភិបាលស្វែងរកអ្នករងគ្រោះពិតប្រាកដ ដោយសារជំងឺកូវីដ១៩ ក្នុងរយៈពេលបីខែចុងក្រោយនេះ ដើម្បីឲ្យពួកគេមានឱកាសទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល។
លោកមានប្រសាសន៍ថា៖ «គួរតែមានការពិនិត្យមើលបន្ថែមទៀត ដើម្បីរកឲ្យឃើញថាអ្នកដែលងាយរងគ្រោះប្រហាក់ប្រហែល ឬក៏រងគ្រោះដែរ ប៉ុន្តែមិនទាន់ទទួលបានបណ្ណសមធម៌នេះ ដើម្បីឲ្យពួកគេមានឱកាសទទួលបានផលប្រយោជន៍ស្មើៗគ្នាពីរាជរដ្ឋាភិបាល»។
លោកជុំ សាវ៉ន មេឃុំសំបូរ ក្នុងស្រុកសំបូរ ខេត្តក្រចេះ បានថ្លែងប្រាប់ VOA នៅថ្ងៃពុធនេះថា ក្នុងរយៈពេលចុងក្រោយនេះ អាជ្ញាធរឃុំបានស្នើបញ្ចូលប្រជាពលរដ្ឋ ៥៧គ្រួសារ ក្នុងបញ្ជីគ្រួសារក្រីក្រស្រាប់ដែលមានចំនួន ៥០៧គ្រួសារ ក្នុងឃុំរបស់លោក។ លោកបន្តថា ពួកគេមិនមែនជាអ្នករងគ្រោះពីជំងឺកូវីដ១៩ ទាំងអស់នោះទេ គ្រាន់តែពួកគេក្រីក្រក្នុងពេលនេះ។
បើតាមលោកមេឃុំ មានតែ២គ្រួសារតែប៉ុណ្ណោះ ដែលមកពីប្រទេសថៃ ហើយត្រូវបានដាក់បញ្ចូលក្នុងប្រភេទគ្រូសារក្រីក្រ។ លោកបន្តថា ប្រជាពលរដ្ឋដែលក្រីក្រអាចដាក់ពាក្យស្នើសុំបណ្ណក្រីក្រនេះបាន។
លោកមានប្រសាសន៍ថា៖ «ក្រសួងលោកមិនទាន់ហាមឃាត់ទេនៅតែយើងឲ្យបងប្អូន ដាក់ស្នើជាបន្តបន្ទាប់ទៀត។សព្វថ្ងៃហ្នឹង យើងកំពុងតែមានជួនកាលម៉្ងៃមួយពីរៗ។ សំខាន់ឲ្យគាត់ដាក់ពាក្យស្នើសុំ ហើយយើងចុះទៅសម្ភាសគាត់ ជាប់មិនជាប់ ជាក់ស្តែងប្រព័ន្ធបច្ចេកវិទ្យាគេអ្នកឆ្លើយ»។
អ្នកស្រី ទ្រៀប សារ៉ប អាយុ៥៦ឆ្នាំ ជាអ្នករស់នៅក្នុងខេត្តសៀមរាប មានប្រសាសន៍ថា អ្នកស្រីស្ថិតក្នុងគ្រួសារក្រីក្រ១ ដែលទទួលបានបណ្ណក្រីក្រជាង១ឆ្នាំមកហើយ។ អ្នកស្រីដែលមានកូន ១០នាក់ មានប្រសាសន៍ថា គ្រួសារកំពុងជួបប្រទះការលំបាក ដោយសារកូន ៣នាក់ បាត់បង់ចំណូលក្នុងនោះ ២នាក់ មិនអាចត្រឡប់ទៅធ្វើការនៅប្រទេសថៃ និងម្នាក់បាត់បង់ការងារជាអ្នករត់តុនៅក្នុងខេត្តសៀមរាប។
អ្នកស្រី ទ្រៀប សារ៉ប បន្តថា អ្នកស្រីក៏កំពុងជាប់បំណុលមីក្រូហិរញ្ញវត្ថុហត្ថាកសិករ ដែលតម្រូវឲ្យបង់ប្រមាណ ២៥០ដុល្លារ ក្នុងមួយខែ រយៈពេលជិត៣ឆ្នាំទៀត។
អ្នកស្រីមានប្រសាសន៍ថា៖ «ឲ្យតែបានខ្លះ ក៏អរគុណ! ឲ្យតែបានជួយ! កំពុងតែដាច់! ធ្លាប់ពឹងកូន។ដល់អត់ពីកូនទៅ ក៏មានអី! ស្រាលខ្លួន[អត់លុយ]»។
របាយការណ៍របស់ធនាគារពិភពលោកចេញផ្សាយកាលពីចុងខែឧសភា ឲ្យដឹងថា ដោយសារជំងឺកូវីដ១៩ ភាពក្រីក្រក្នុងឆ្នាំ ២០២០ អាចនឹងកើនឡើងពី៣ទៅ ១១ភាគរយ ប្រសិនបើអ្នកដែលស្ថិតក្នុងវិស័យរងផលប៉ះពាល់បាត់បង់ចំណូលអស់៥០ភាគរយក្នុងរយៈពេល ៦ខែ ជាប់គ្នា។ មន្រ្តីរដ្ឋាភិបាលកម្ពុជាឲ្យដឹងថា អត្រាភាពក្រីក្ររបស់កម្ពុជាបច្ចុប្បន្ននេះមានជាង ១០ភាគរយ។
បើតាមរបាយការណ៍របស់ធនាគារពិភពលោក ជំងឺកូវីដនេះធ្វើឲ្យការងាររបស់ប្រជាពលរដុ្ឋកម្ពុជាយ៉ាងតិច ១,៧៦លាននាក់ ស្ថិតក្នុងហានិភ័យ៕