០៧ កញ្ញា ២០១៩ / 07 September 2019
ទីក្រុងប៉ារីស ថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០១៩
ហេតុអ្វីបានជាខ្ញុំសម្រេចវិលត្រឡប់ ទៅប្រទេសកម្ពុជាវិញ?
ខ្ញុំបានស្គាល់ការនិរទេសខ្លួន យូរអង្វែងមកហើយ។ វាជាការឈឺចាប់មួយក្នុងជីវិតរបស់ខ្ញុំ តែវាគ្រាន់បើជាងការត្រូវគេលួចសម្លាប់ ឬការត្រូវគេចាប់ដាក់គុក ដែលជាវាសនាជៀសមិនផុត របស់មេដឹកនាំគណបក្សប្រឆាំងនៅកម្ពុជា មកដល់ពេលនេះ។
ខ្ញុំបានសម្រេចវិលត្រឡប់ទៅប្រទេសកំណើតរបស់ខ្ញុំវិញ ក្នុងឆ្នាំ ២០១៩ នេះ
ទោះជាត្រូវប្រឈមដីកាផ្តន្ទាទោសយ៉ាងទម្ងន់ និងដីកាចាប់ខ្លួនជាច្រើន យ៉ាងណាក៏ដោយ។ ការតស៊ូរបស់ខ្ញុំរយៈពេល ២៥ ឆ្នាំកន្លងទៅនេះ ដើម្បីទាមទារលទ្ធិប្រជាធិបតេយ្យ ជូនប្រជារាស្ត្រខ្មែរ ដោយប្រឆាំងរបបផ្តាច់ការមួយ ដឹកនាំដោយអតីតកម្មាភិបាលនិងទ័ពខ្មែរក្រហម បានធ្វើឲ្យខ្ញុំរងគ្រោះគ្រប់បែបយ៉ាង ដូចជាការប៉ុនប៉ងសម្លាប់រូបខ្ញុំច្រើនដងហើយ និងការធ្វើទុក្ខបុកម្នេញឥតល្ហែពីសំណាក់របបផ្តាច់ការនេះ ដែលប្រើតុលាការជាឧបករណ៍នយោបាយរបស់ខ្លួន។ តែខ្ញុំត្រូវវិលត្រឡប់ទៅប្រទេសខ្ញុំវិញ ដើម្បីថែរក្សា និងពង្រឹងអ្វីដែលខ្ញុំបានកសាងរួចមកហើយ ក្នុងនោះមានការបង្កើតសារព័ត៌មានប្រឆាំងមុនគេបង្អស់ ការបំផុសឲ្យមានបាតុកម្មមហាជនមុនគេបង្អស់ដើម្បីទាមទារសេរីភាពនិងយុត្តិធម៌សង្គម ការរៀបចំឲ្យមានកូដកម្មកម្មករមុនគេបង្អស់នៅតាមរោងចក្រនានា ការបង្កើតសហជីពសេរីមុនគេបង្អស់សម្រាប់កម្មករខ្មែរ និងការបង្កើតគណបក្សប្រឆាំងមុនគេបង្អស់ ដែលមានតំណាងរាស្ត្រ ក្នុងរដ្ឋសភា។ ថ្មីៗនេះ គណបក្សប្រឆាំងនេះ បានទទួលសម្លេងគាំទ្រ តំណាងឲ្យប្រជារាស្ត្រពាក់កណ្តាលនគរ ក្នុងការបោះឆ្នោតចុងក្រោយ ដែលខ្លួនទទួលបានការអនុញ្ញាតចូលរួម។
ខ្ញុំបានយកថ្ងៃ ០៩ វិច្ឆិកា ខាងមុខនេះ ធ្វើជាថ្ងៃមាតុភូមិនិវត្តន៍របស់ខ្ញុំ។ ថ្ងៃនោះ គឺជាថ្ងៃបុណ្យឯករាជ្យសម្រាប់ប្រទេសកម្ពុជាផង ហើយក៏ជាថ្ងៃរំលឹកការដួលរលំនៃជញ្ជាំងទីក្រុង ប៊ែរឡាំង ផង ដែលជានិមិត្តរូបនៃការទាមទារសេរីភាព ប្រកបដោយជោគជ័យ សម្រាប់ពិភពលោកទាំងមូល។ ចាប់តាំងពីឆ្នាំ ២០១៧ មក ប្រទេសកម្ពុជាឆ្លងកាត់វិបត្តិនយោបាយមួយដ៏ធ្ងន់ធ្ងរ ដែលអាចនាំឲ្យមានផលប៉ះពាល់ដល់ប្រទេសជិតខាង ក្នុងខណៈដែលភាពចម្រូងចម្រាស់ ក្នុងតំបន់អាស៊ីភាគអាគ្នេយ៍ មានសភាពកាន់តែតានតឹងឡើងៗ។ ការរំកិលទៅរកអំណាចផ្តាច់ការ នៅប្រទេសកម្ពុជា ត្រូវបានឆ្លុះបញ្ចាំងដោយការរំលាយដោយអត្តនោម័ត គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងតែមួយគត់ក្នុងរដ្ឋសភា ទន្ទឹមនឹងការចាប់ខ្លួននិងការឃុំខ្លួនមកដល់ថ្ងៃនេះ នៃប្រធានគណបក្សសង្គ្រោះជាតិ គឺលោក កឹម សុខា និងការបង្ក្រាបយ៉ាងសាហាវ មកលើសកម្មជនគណបក្សប្រឆាំង មន្ត្រីសង្គមស៊ីវិល និងសារព័ត៌មានឯករាជ្យដែលនៅសេសសល់ទាំងប៉ុន្មាន។ ការវិលត្រឡប់ទៅរកអំណាចផ្តាច់ការនេះ ត្រូវបានផ្តន្ទាទោសដោយអង្គការសហប្រជាជាតិ សហគមន៍ប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យ និងអង្គការសិទ្ធិមនុស្សអន្តរជាតិជាច្រើន។
ការវិលត្រឡប់ទៅរកប្រព័ន្ធឯកបក្ស ដូចសម័យកុម្មុយនីស្ត ក្រោយពីការរំលាយគណបក្សសង្គ្រោះជាតិមក និងការរំលោភសិទ្ធិមនុស្ស ជាបន្តបន្ទាប់ទន្ទឹមគ្នានេះ គឺជាការរំលោភកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ឆ្នាំ ១៩៩១ ដែលតម្រូវឲ្យប្រទេសកម្ពុជា ប្រកាន់ខ្ជាប់លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។ កិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ ក៏ធានាផងដែរឲ្យមានការបោះឆ្នោត ដោយសេរី និងយុត្តិធម៌នៅកម្ពុជា និងឲ្យមានការគោរពសិទ្ធិមនុស្សជាមូលដ្ឋាន សម្រាប់ប្រជារាស្ត្រខ្មែរ។
Continue reading