មុនស្លាប់ តើលោក លីខ្វាន់យូ បានសរសេរដូចម្ដេចខ្លះអំពីប្រទេសកម្ពុជា?
លោកថា៖ «ប្រជាជនកម្ពុជា គឺជាមនុស្សបរាជ័យ។ ប្រទេសត្រូវខ្ទេច វណ្ណៈអ្នកមានការអប់រំរបស់ប្រទេសនេះត្រូវបានកម្ទេច [ហើយ]សេដ្ឋកិច្ចត្រូវបានបំផ្លាញ។ រដ្ឋប្រហារ*របស់លោក ហ៊ុន សែន ធ្វើអោយការចូលជាសមាជិកអាស៊ានរបស់កម្ពុជាត្រូវបានផ្អាក»។ លោក លី ខ្វាន់យូ បានបញ្ចប់ថា៖ «មេដឹកនាំបច្ចុប្បន្នរបស់[កម្ពុជា] គឺជាលទ្ធផលនៃការច្បាំងយ៉ាងជូរចត់ [និង]មួយអស់ដៃ ហើយក្នុងនោះ គូប្រជែងត្រូវបានគេកម្ទេច ឬកាច់ធ្មុង។ [មេដឹកនាំទាំងនេះ] គ្មានក្ដីមេត្តាទេ ហើយសាហាវ គឺគ្មានមនោសញ្ចេតនាជាមនុស្ស។ ប្រវត្តិសាស្ត្រព្រៃផ្សៃណាស់សម្រាប់ជនជាតិខ្មែរ»។
October 12, 2018 ជុំ សុខណា ក្រឡេកក្រោយ,រណឫទ្ធិ, ហ៊ុន សែន
Before His Death, What Did Lee Kuan Yew Write about Cambodia?
ដោយ៖ ជុំ សុខណា
ភ្នំពេញ៖ លោក លី ខ្វាន់យូ(Lee Kuan Yew) គឺជាបិតាស្ថាបនិកប្រទេសសាំងកាពួរ (ឬសិង្ហបុរី) ដែលបានប្រវេប្រវាកសាងប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ ពីប្រទេសតតិយលោក រហូតមកក្លាយជាប្រទេសអ្នកមាន។ លោកធ្វើជានាយករដ្ឋមន្ត្រីសាំងកាពួរពីឆ្នាំ១៩៥៩ ដល់ឆ្នាំ១៩៩០ ហើយលោកទទួលមរណភាពនៅឆ្នាំ២០១៥។
លោក លី ខ្វាន់យូ ត្រូវបានគេស្គាល់ថា ជាមេដឹកនាំដែលផ្ដាច់ការ តែប្រកបដោយទស្សនវិស័យភ្លឺស្វាង។ ការដឹកនាំប្រទេសរបស់គាត់ គឺកត់សម្គាល់ដោយពង្រឹងវិន័យរបស់ប្រជាជនសាំងកាពួរម្នាក់ៗ។ ចំណុចនេះហើយ ដែលធ្វើអោយប្រទេសបស្ចឹមលោក ដែលគោរពសិទ្ធិបុគ្គលនោះ តែងតែចោទប្រកាន់លោក លី ខ្វាន់យូ ថាបានរំលោភលើសិទ្ធិឯកជនរបស់ពលរដ្ឋខ្លួន ដែលនេះក៏ជាប្រធានបទសួរដេញដោលមួយដែរ នៅពេលដែលលោកត្រូវបានអញ្ជើញអោយថ្លែងទៅកាន់សភារួមរបស់សហរដ្ឋអាមេរិកនៅខែតុលា ឆ្នាំ១៩៨៥។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រោយពីបានមើលឃើញភាពជោគជ័យនៃការកសាងរដ្ឋសាំងកាពួរ ពិភពលោកបានផ្ដល់តម្លៃយ៉ាងខ្លាំងចំពោះទស្សនៈរបស់លោក។ ក្នុងនោះរួមមានការរៀបចំវេទិកាជាច្រើន ដែលអញ្ជើញលោកធ្វើជាវាគ្មិន ទោះបីជាលោកមានវ័យជរាណាស់ទៅហើយក៏ដោយ។ មនុស្សនៅតែចាប់អារម្មណ៍ចង់ស្ដាប់គំនិតរបស់លោកក្នុងការដឹកនាំប្រទេសនានា ដែលរាប់តាំងពីអ្នកសួរចង់អោយលោកផ្ដល់យោបល់ពីរបៀបដឹកនាំប្រទេសឥណ្ឌា រហូតដល់វៀតណាម។
មុនលោកស្លាប់ លោកក៏បាននិពន្ធសៀវភៅមួយក្បាលដែលបោះពុម្ពនៅឆ្នាំ២០០០ និងមានចំណងជើងថា៖ «ពីប្រទេសតតិយលោក មកកាន់ប្រទេសបឋមលោក(From Third World To First)»។ នៅក្នុងសៀវភៅដែលមានកម្រាស់ ៧២៩ទំព័រនេះ ក៏មាននិយាយអំពីប្រទេសកម្ពុជាប្រហែល ៤ទំព័រដែរ។ នេះអាចប្រហែលមកពីប្រទេសកម្ពុជាមិនសូវសំខាន់ ឬក៏លោក លី ខ្វាន់យូ ផ្ទាល់មានទំនាក់ទំនងតិចតួចជាមួយកម្ពុជា។
នៅក្នុងការនិយាយអំពីប្រទេសកម្ពុជានេះ លោក លី ខ្វាន់យូ បាននិយាយទៅដល់ឥស្សរជននយោបាយសំខាន់ៗចំនួន ៣រូប គឺសម្ដេច សីហនុ ទ្រង់ រណឫទ្ធិ និងលោក ហ៊ុន សែន។
ចំពោះសម្ដេច សីហនុ លោក លី ខ្វាន់យូ បានប្រើពាក្យបរិយាយយ៉ាងដូច្នេះថា៖ «[សម្តេច] សីហនុ គឺជាមនុស្សមានប្រជាប្រិយក្រៃលែង ឆ្លៀវឆ្លាតខ្លាំង និងពោរពេញដោយថាមភាព និងការរីករាយជាមួយជីវិត។ គាត់មានលក្ខណៈ និងបែបបទជាសុភាពបុរសបារាំងដែលមានការអប់រំ ក្នុងនោះរួមទាំងអាកប្បកិរិយា និងឫកពារ ហើយគាត់និយាយភាសាអង់គ្លេសស្ទីលបារាំង»។
សម្ដេចព្រះ នរោត្តម សីហនុ អតីតព្រះមហាក្សត្រខ្មែរ។
លោក លី ខ្វាន់យូ បានពិពណ៌នាអំពីទ្រង់បន្ថែមថា៖ «ព្រះអង្គម្ចាស់អង្គនេះឆេវឆាវ(mercurial) ប្រតិកម្មរហ័សទៅកាន់ពាក្យរិះគន់។ គាត់តែងតែឆ្លើយតបនឹងអត្ថបទសារព័ត៌មានទាំងឡាយណា ដែលមានលក្ខណៈរិះគន់។ នយោបាយ សម្រាប់គាត់គឺសារព័ត៌មាន និងការលេចមុខជាសាធារណៈ»។
ជាងនេះទៅទៀត លោក លី ខ្វាន់យូ ក៏បានរំលឹកដល់កាលដែលព្រះអង្គត្រូវបានលោក លន់ ណុល ធ្វើរដ្ឋប្រហារកាលពីឆ្នាំ១៩៧០ ដែលក្រោយពីនោះព្រះអង្គទ្រង់គង់នៅទីក្រុងប៉េកាំង ប្រទេសចិន។ លោក លី ខ្វាន់យូ យល់ឃើញថា បើសិនពេលនោះព្រះអង្គយាងត្រឡប់មកវិញ ក៏គ្មានទាហានណាម្នាក់ហ៊ានបាញ់ទ្រង់ដែរ ពីព្រោះសម្រាប់ពួកគេ ព្រះអង្គគឺជា«ទេវរាជ(god-king)»។
ចំណែកឯទ្រង់ រណឫទ្ធិ វិញ លោក លី ខ្វាន់យូ បាននិយាយថា ទ្រង់«ដូចព្រះបិតា[ទ្រង់]ណាស់ ទាំងសម្លេង អាកប្បកិរិយា ទឹកមុខ និងកាយវិការ» ប៉ុន្តែមាន«អារម្មណ៍នឹងនជាង[ព្រះបិតា] ហើយមិនសូវរងឥទ្ធិពលបរិយាកាសនៅក្នុងខណៈណាមួយទេ» ហើយបើកុំតែមានលក្ខណៈទាំងនេះ ទ្រង់ទាំងពីរ«គឺពុម្ពតែមួយ»។
លោក លី ខ្វាន់យូ ក៏បានរំលឹកដែរអំពីការដែលប្រទេសសាំងកាពួរគាំទ្រចលនាតស៊ូរបស់ទ្រង់ នៅជាយដែនថៃ ដើម្បីប្រឆាំងនឹងការគ្រប់គ្រងរបស់វៀតណាមមកលើប្រទេសកម្ពុជានៅទសវត្សរ៍ឆ្នាំ៨០។ គាត់បានបរិយាយអំពីការចុះត្រួតពិនិត្យជំរំហ្វឹកហ្វឺនរបស់ទ្រង់ រណឫទ្ធិ យ៉ាងដូច្នេះថា៖ «[ជំរំនោះ]មិនរៀបរយសោះ ហើយគ្មានព្រលឹងជាកងទ័ពទេ។ ត្រឹមកម្រិតនោះ គឺជាអ្វីល្អបំផុត ដែល[ទ្រង់] រណឫទ្ធិ អាចធ្វើបានហើយ ពីព្រោះឧត្តមសេនីយ៍ និងមន្ត្រីយោធាទាំងឡាយរបស់គាត់ចំណាយពេលនៅបាងកក ច្រើនជាងនៅជំរំ ដូចតែគាត់ដែរ។ ដោយសារតែ[សាំងកាពួរ] ជួយទ្រទ្រង់ផ្នែកអាវុធ និងឧបករណ៍វិទ្យុ ខ្ញុំមានអារម្មណ៍ខកចិត្តមែនទែន»។
ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ លោក លី ខ្វាន់យូ បានជួបទ្រង់ រណឫទ្ធិ ម្ដងទៀតនៅសាំងកាពួរ ក្នុងខែសីហា។ លោកបានប្រាប់ទ្រង់ទុកជាមុនថា ការធ្វើរដ្ឋាភិបាលចម្រុះជាមួយលោក ហ៊ុន សែន គឺប្រថុយប្រថានណាស់ ពីព្រោះ«ទាំងយោធា ប៉ូលីស និងរដ្ឋបាលដឹកនាំ គឺជារបស់លោក ហ៊ុន សែន»។ លោកបានផ្ដល់យោបល់ដល់ទ្រង់បន្ថែមថា ដើម្បីរស់ ទ្រង់ត្រូវតែទាញការគាំទ្រពីកងទ័ព ប៉ូលីស និងអភិបាលខេត្តរបស់លោក ហ៊ុន សែន។ ក៏ប៉ុន្តែលោក លី ខ្វាន់យូ បានសរសេរបន្ថែមអំពីព្រះអង្គនៅក្រោយពីនោះថា៖ «ប្រហែលគាត់មិនយកពាក្យខ្ញុំទុកក្នុងចិត្តទេ។ គាត់ប្រហែលគិតថា ឈាមជ័ររាជវង្សនឹងធានាអោយគាត់មានការគាំទ្រពីប្រជាជន [និង]ជឿថា គ្មានអ្នកណាជំនួសគាត់បានទេ»។
ទ្រង់ រណឫទ្ធិ និងលោក ហ៊ុន សែន ជាសហនាយករដ្ឋមន្ត្រី ពេលដែលលទ្ធផលបោះឆ្នោតឆ្នាំ១៩៩៣ បង្ខំអោយពួកគេធ្វើរដ្ឋាភិបាលចម្រុះ និងក្រោយមកបែកបាក់គ្នាវិញ។ (រូបថត៖ EPA)
ឥស្សរជននយោបាយរបស់កម្ពុជាម្នាក់ទៀត ដែលលោក លី ខ្វាន់យូ បានកត់សម្គាល់នោះ គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក លី ខ្វាន់យូ បានជួបលោក ហ៊ុន សែន នៅសាំងកាពួរ ក្នុងខែធ្នូ ក្រោយការបោះឆ្នោតដែរ ហើយបើប្រៀបធៀបនឹងទ្រង់ រណឫទ្ធិ លោក លី ខ្វាន់យូ បានពិពណ៌នាលោក ហ៊ុន សែន ថា ជា«មនុស្សមានលក្ខណៈខុសគ្នាស្រឡះ ជាអ្នករស់រានស្វិតស្វាញសល់ពីសម័យខ្មែរក្រហម ជានាយករដ្ឋមន្ត្រីលើកបន្តុបដោយវៀតណាម តាំងពីទសវត្សរ៍ឆ្នាំ១៩៨០ ប៉ុន្តែរឹងប៉ឹងគ្រប់គ្រាន់ក្នុងការបង្ហាញថាលោកមិនជាប់ពាក់ព័ន្ធនឹងពួកគេទេ ហើយធ្វើអោយអាមេរិក និងអឺរ៉ុបខាងលិចទទួលយកលោកបាន»។
លោកបិតាស្ថាបនិកប្រទេសសាំងកាពួររូបនេះបានពិពណ៌នាលោក ហ៊ុន សែន បន្ថែមថា៖ «គាត់បានបន្សល់នូវចំណាប់អារម្មណ៍មួយ គឺកម្លាំង និងអំណាច។ គាត់យល់ពីអំណាច គឺថាត្រូវតែចេញពីកាណុងកាំភ្លើង ដែលនេះជាចំណុចគាត់ប្ដេជ្ញាច្បាមយកអោយបាន»។ លោក លី ខ្វាន់យូ បន្ថែមថា ពេលខ្មែរក្រហមចុះខ្សោយ ហើយទ្រង់ រណឫទ្ធិ លែងចងសម្ព័ន្ធជាមួយពួកគេបាន លោក ហ៊ុន សែន ក៏ផ្ដួលទ្រង់ រណឫទ្ធិ រួចក្ដាប់អំណាចទាំងស្រុងនៅឆ្នាំ១៩៩៧។
នៅចុងបញ្ចប់ លោក លី ខ្វាន់យូ ក៏បានធ្វើចំណាប់អារម្មណ៍អំពីប្រទេសកម្ពុជាជារួម។ លោកថា៖ «កម្ពុជាប្រៀបដូចជាថូព័រសឺឡែនមួយ ដែលគេបោកអោយបែកជាច្រើនអំបែងអញ្ចឹង» ហើយការតំរៀបវិញ «ជាកិច្ចការយឺតយូរ និងចំណាយកម្លាំងច្រើន»។ គាត់បានពិពណ៌នាបន្ថែមថា៖ «[កម្ពុជា]បច្ចុប្បន្ន គ្មានរដ្ឋបាលដឹកនាំស្អិតរមួតទេ។ ប្រជាជនស៊ាំនឹងភាពគ្មានច្បាប់ទម្លាប់យូរមកហើយ រហូតធ្វើអោយពួកគេលែងធ្វើតាមគន្លងច្បាប់ហើយ។ មានតែកាំភ្លើងទេ ដែលពួកគេខ្លាច»។
លោកថា៖ «ប្រជាជនកម្ពុជា គឺជាមនុស្សបរាជ័យ។ ប្រទេសត្រូវខ្ទេច វណ្ណៈអ្នកមានការអប់រំរបស់ប្រទេសនេះត្រូវបានកម្ទេច [ហើយ]សេដ្ឋកិច្ចត្រូវបានបំផ្លាញ។ រដ្ឋប្រហារ*របស់លោក ហ៊ុន សែន ធ្វើអោយការចូលជាសមាជិកអាស៊ានរបស់កម្ពុជាត្រូវបានផ្អាក»។ លោក លី ខ្វាន់យូ បានបញ្ចប់ថា៖ «មេដឹកនាំបច្ចុប្បន្នរបស់[កម្ពុជា] គឺជាលទ្ធផលនៃការច្បាំងយ៉ាងជូរចត់ [និង]មួយអស់ដៃ ហើយក្នុងនោះ គូប្រជែងត្រូវបានគេកម្ទេច ឬកាច់ធ្មុង។ [មេដឹកនាំទាំងនេះ] គ្មានក្ដីមេត្តាទេ ហើយសាហាវ គឺគ្មានមនោសញ្ចេតនាជាមនុស្ស។ ប្រវត្តិសាស្ត្រព្រៃផ្សៃណាស់សម្រាប់ជនជាតិខ្មែរ»។