ទាំងស្ថាប័នជាតិនិងអន្តរជាតិមើលឃើញថាលោកហ៊ុន-សែនមិនអាចឃុំលោកកឹម-សុខាលើសថ្ងៃកំណត់ដែលច្បាប់អនុញ្ញាតអោយឃុំខ្លួនបណ្តោះអាសន្នមិនអោយលើសពី១៨ខែនោះទេ។ ថ្ងៃទី៣មីនានេះនឹងគ្រប់១៨ខែឬ៥៤២ថ្ងៃដែលច្បាប់តម្រូវអោយតុលាការត្រូវតែដោះលែងលោកកឹម-សុខាជាបន្ទាន់។ បើហ៊ុន-សែនអន្តរាគមន៌តុលាការ ហ៊ុន-សែនអាចធ្វើបានតាមទំលាប់របស់គាត់ដែលមិនដែលមានចំណេះដឹងនិងអនុវត្តន៌ច្បាប់ដើម្បីដឹកនាំប្រទេសនោះទេ។ ប៉ុន្តែកាលៈទេសៈនេះ ជាពេលទុំជរដែលហ៊ុន-សែនទទួលសំពាធទាំងក្នុងនិងក្រៅប្រទេស។
លោកហ៊ុន-សែនអាចផលិតផែនការណ៌នយោបាយឈ្នះសម្រាប់ខ្លួនតែវាក៏ជាអាវុធបំផ្លាញខ្លួនឯងដែរ
ហ៊ុន-សែនធ្លាប់យកឈ្នះហ្វ៊ុនសិនបុិកដោយប្រើវិធីដដែលៗគឺឌីហ្វីត(DIFID=divide, isolate, finish, integrate, and develop) ដែលមានន័យថាបំបែក ទុកអោយឯកោ បញ្ជប់ជីវិតនយោបាយ សមាហរណកម្ម និងអភិវឌ្ឍន៌គំនិតថ្មីដើម្បីគូរបដិបក្ស។ ជាលទ្ធផល រដ្ឋប្រហារឆ្នាំ១៩៩៧មន្សល់ទុកអោយគណបក្សហ៊ុនសិនបុិកសល់ជីវិតនយោបាយដូចសព្វថ្ងៃ។ ការរំលាយគណបក្សសង្គ្រោះជាតិឆ្នាំ២០១៧នេះ ចាប់ឃុំមេបក្សនិងសមាជិកបក្ស និងហាមឃាត់មនុស្សសំខាន់ៗ១១៨មិនអោយធ្វើនយោបាយ គឺជាទំលាប់នយោបាយឈ្នះដដែលៗរបស់លោកហ៊ុន-សែនបន្តប្រើជារៀងរហូត។
ក្រោមសម្ពាធអន្តរជាតិកាន់តែរន្ថើនឡើង លោកហ៊ុន-សែនដែលតែងតែអួតអាងតាមការឈ្វេងយល់របស់ខ្លួនថាអន្តរជាតិមិនអាចរំលោភអធិបតេយ្យភាពកម្ពុជាតាមរយៈជំនួយនោះគឺបានក្លាយទៅជាភរច្រើនរែងចាញ់អាត្មាបាត់ហើយ។ លោកហ៊ុន-សែនបច្ចុប្បន្នមិនខុសគ្នានឹងលោកអ៊ីត្លែរទេដែលវិធីសាស្រ្តគឺបង្កើនកំឡាំងយោធាផ្ទាល់ខ្លួននិងកើបកោយយកថវិការជាតិមកដាក់ជាប់នឹងខ្លួនដើម្បីយកឈ្នះគូរបដិបក្ស។ ជាការសង្កេត ទាំងលោកហ៊ុន-សែន ទាំងកូនៗរបស់លោកគឺគ្មានទេវិជ្ជាជីវៈ គ្មានទេក្រមសីលធម៍ និងគ្មានទេការពង្រឹងនីតិរដ្ឋ ផ្ទុយទៅវិញយកនីតិរដ្ឋមកជាឧប្បករណ៌នយោបាយរបស់លោក។ ជាឧទាហរណ៌ស្រាប់កូនមួយរបស់លោកត្រូវបានលើកបន្តុបជាមេបញ្ជាការទ័ពទូទាំងផ្ទៃប្រទេស ប៉ុន្តែរមែងដើរឃោសនាអោយគណបក្សប្រជាជននៅក្រៅប្រទេសដែលប្រការនេះរំលោភលើវិជ្ជាជីវៈយោធាយ៉ាងពេញទំហឹង។ កូនម្នាក់ទៀត ជាមេចារកម្មជាតិ ប៉ុន្តែលួចថតសំលេងមនុស្សទាំងអស់ដើម្បីធ្វើជាឧប្បករណ៌គំរាមកំហែងនិងចាប់ដាក់គុកដោយគ្មានក្រមសីលធម៍និងវិជ្ជាជីវៈក្នុងការគោរពសិទ្ធិឯកជនរបស់ប្រជាពលរដ្ឋដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញជាតិ។ កូនម្នាក់ទៀត មានតួនាទីជាតំណាងរាស្ត្រប៉ុន្តែបានកំពុងបំពេញតួនាទីជាប្រធានអង្គការសង្គមស៊ីវិលសហភាពសហព័ន្ធយុវជនកម្ពុជាដែលសមាគមនេះគ្មានអ្វីក្រៅពីផលិតអន្សមយក្ស ទូកយក្ស និងក្រម៉ាយក្សជាដើម ដោយចំណាយលុយរដ្ឋនិងធនធានមន្ត្រីរាជការដែលជាធនធានជាតិអស់ជាច្រើន ដែលសកម្មភាពនេះមិនអាចប្រៀបធៀបជាមួយក្រុមការពារព្រៃឡង់ឬក្រុមមាតាធម្មជាតិជាដើម បានឡើយ។
គណបក្សសង្គ្រោះជាតិគឺសម-រង្ស៊ីនិងកឹម-សុខាគឺជាមនុស្សតែមួយ
មហាជនបានដឹងច្បាស់ណាស់តាមរយៈពាក្សសំដីផ្ទាល់ពីហ៊ុន-សែននិងទង្វើជាក់ស្តែងរបស់លោកហ៊ុន-សែនក្នុងការបណ្តុះពូជអ្នកប្រជាធិបតេយ្យដោយដៃខ្លួនឯង តែកុំភ្លេចថាទោះជាកូនបង្កើត ឳពុកម្តាយក៏ពិបាកក្នុងការរក្សាកូនអោយធ្វើតាមខ្លួនដែលចង់បាននោះណាស់។ ដូចគ្នាដែរក្រោយពីកំណើតគណបក្សសិទ្ធិមនុស្សដែលហ៊ុន-សែនរួមកំឡាំងកាយនិងថវិកាបណ្តុះពន្លកបក្សនេះមក បែរជាបក្សនេះទៅរួមជាមួយបក្សសម-រង្ស៊ីបង្កើនកំឡាំងគាំទ្រពីប្រជាពលរដ្ឋផ្តួលរំលំបក្សប្រជាជនរបស់លោកហ៊ុន-សែនទៅវិញ។
គ្រប់កាលៈទេសៈណាក៏ដោយ លោកកឹម-សុខារមែងសន្សំចិត្តមិនអាចធ្វើតាមលោកហ៊ុន-សែនចង់បានរហូតនោះទេ តែក៏អាចធ្វើដំណើរជាមួយលោកហ៊ុន-សែនបាន ហើយការផ្តាច់ខ្លួនលោកពីលោកសម-រង្ស៊ី លោកនឹងត្រូវបញ្ចប់ជីវិតនយោបាយរបស់លោកដូចសម្តេចក្រុមព្រះនរោត្តមរណប្ញទ្ធិដូច្នោះដែរ។ មិនមែនជាការចំឡែកទេដែលថ្ងៃនេះ ជំនួយការរបស់លោកគឺមុត-ចន្ថាបង្ហោះសារដោយប្រើត្រាសង្គ្រោះជាតិថ្លៃងថាអតីតគណបក្សសម-រង្ស៊ីបានរត់ចូលគណបក្សសង្គ្រោះជាតិក្រោមការដឹកនាំរបស់លោកកឹម-សុខាជាដើម។ តាមពិតហេតុការណ៌នេះបានកើតឡើងតាំងពីភាពស្ងៀមស្ងាត់ពីសមាជិកគាំទ្រជិតកន្លៈនគរនៅពេលដែលគេចាប់មេបក្សដាក់ពន្ធនាគារ ហើយចុងក្រោយក្រសួងមហាផ្ទៃប្តឹងបក្សសង្គ្រោះជាតិដើម្បីរំលាយដោយតុលាការកំពូលនៅទីបំផុត។ ហេតុការណ៌នេះគឺផ្ទុយស្រឡៈពីប្រទេសវេណេស៊ុយអេឡាដែលលោកជួន-កៃដូប្រកាសជាប្រធានាធិបតីស្តីទី ហើយរដ្ឋអំណាចយោធាម៉ាដេរ៉ូមិនហ៊ានប៉ៈពាល់ទេពីព្រោះខ្លាចកំឡាំងសាមគ្គីរបស់ប្រជាពលរដ្ឋ។
និន្នាការប្រថុចញ៉ុចរបស់លោកហ៊ុន-សែន ប្រហែលជាបង្ខំលោកកឹម-សុខាកៀរគរក្រុមរបស់លោកអោយសុំសិទ្ធិនយោបាយក្រោមច្បាប់នយោបាយកែប្រែថ្មីដោយសភាឯកបក្សដើម្បីបាននីតិសម្បទាសិទ្ធិធ្វើនយោបាយឡើងវិញ។ វិធីដែលអាចធ្វើបានគឺត្រូវដោះលែងសិន រួចទើបភ្ញង់កាំភ្លើងអោយកៀរគរមនុស្សមកសុំនីតិសម្បទានិងប្រកាសដកខ្លួនចេញពីលោកសម-រង្ស៊ី ក៏ដូចជាជួយកៀរគរអន្តរជាតិអោយទទួលស្គាល់រដ្ឋាភិបាលខុសច្បាប់និងឯកបក្សរបស់លោកហ៊ុន-សែន។
បើលោកកឹម-សុខាបណ្តោយខ្លួនធ្វើបែបនេះជាពិសេសបណ្តោយខ្លួនតាមក្រុមអែបអបដូចជាលោកមុត-ចន្ថានោះ គឺមិនខុសពីធ្វើអត្តឃាតខ្លួនឯងទេ ហើយមិនប្រាកដថាអន្តរជាតិជាពិសេស EBAនិង GSP នឹងបណ្តោយខ្លួនអោយលោកហ៊ុន-សែនបោកប្រាស់ពួកគេងាយៗបានឡើយ។
លោកសម-រង្ស៊ីត្រូវតែធ្វើមាតុភូមិនិវត្តន៌ទៅកម្ពុជាវិញ
ដូចការប្រកាសរបស់លោកសម-រង្ស៊ីថានឹងធ្វើមាតុភូមិនិវត្តន៌វិញគឺពិតជាតំរូវការចាំបាច់ណាស់ ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ក្រុមការងារនៃការធ្វើមាតុភូមិនិវត្តន៌នឹងជួបប្រជុំគ្នានៅទីក្រុងឡូថ្ងៃទី១៧ខែមីនាខាងមុខ ហើយការស្ទង់មតិតាមអន្តរបណ្តាញមួយបានបង្កើតឡើងដើម្បីស្ទង់យកមតិនិងយោបល់តាមលក្ខណៈបែបវិទ្យាសាស្ត្រដើម្បីអោយការមាតុភូមិនិវត្តន៌នេះទទួលបានជោគជ័យ។
ផ្លូវចេញសម្រាប់គណបក្សសង្គ្រោះជាតិ
គណបក្សសង្គ្រោះជាតិក្នុងដំណាក់កាលនេះត្រូវអនុវត្តគោលនយោបាយឈ្នៈៗបែបប្រាកដនិយមមួយដែលមានឈ្មោះថា ហ្វក់ខល (FOCAL=Flexibility, Occupy, Convergence, Anger, and Lash-out)ដែលមានន័យថា ភាពបត់បែន កាន់កាប់ រួមជាធ្លុងមួយ ខឹងអោយខ្លាំង និងព្រលែងខ្សែ។ កន្លងមក យើងសង្កេតឃើញថាក្រុមអ្នកប្រជាធិបតេយ្យរមែងធូររលុង បណ្តោយខ្លួនពេក និងចាប់ក្បួនទ័ពមិនត្រូវចំណុច។ ជាឧទាហរណ៌ ហ្វ៊ុនសិនបុិកព្រមព្រៀងជាមួយហ៊ុន-សែនមានសរសេរជាលាយលាក់អក្សរនូវគោលនយោបាយកំណែរទម្រង់ច្រើនគរគក តែចុងក្រោយមិនមែនមិនគ្រាន់តែអនុវត្តន៌មិនបានទេថែមទាំងរលាយខ្លួនឯងទៀត។
១. ភាពបត់បែន= ពេលនេះគណបក្សសង្គ្រោះជាតិត្រូវសហការជាមួយអន្តរជាតិធ្វើកំណែរទម្រង់តុលាការអោយខាងតែបានគឺដកមនុស្សអសមត្ថភាពនិងលំអៀងបច្ចុប្បន្នជាពិសេសប្រធានតុលាការកំពូល ចៅក្រម អយ្យការ និងសមាសភាពនៃក្រុមប្រឹក្សានៃអង្គចៅក្រម ជាដើមរួចដាក់មនុស្សថ្មីទៅតាមក្រិតក្រមនៃការជ្រើសរើសដែលត្រឹមត្រូវនិងមានឯករាជ្យ។ គណកម្មាធិការរៀបចំការបោះឆ្នោតដែលសុក្រឹតយុត្តិធម៍គឺត្រូវការមនុស្សថ្មីមិនចំណុះអោយគណបក្សនយោបាយឬត្រូវបញ្ចូលមនុស្ស៣នាក់ចាស់បំពេញតួនាទីឡើងវិញ។ ការដោះលែងលោកកឹម-សុខាគឺមានន័យថាគណបក្សសង្គ្រោះជាតិរស់ឡើងវិញ អ្នកនយោបាយដែលគេហាមឃាត់ទាំងអស់មានសិទ្ធិធ្វើនយោបាយឡើងវិញរួមទាំងលោកសម-រង្ស៊ីអាចវិលចូលស្រុកវិញដោយមិនមានការចោទប្រកាន់តាមបែបនយោបាយណាមួយ ហើយក្រុមប្រឹក្សាឃុំ-សង្កាត់ទាំង៥០០៧អាចធ្វើការឡើងវិញតាមការជ្រើសរើសរបស់ប្រជាពលរដ្ឋ។
២. កាន់កាប់=ប្រកាន់ខ្ជាប់នយោបាយអហឹង្សាមិនយកខ្មែរណាជាសត្រូវ ពង្រឹងយុត្តិធម៍សង្គមទាំងយុត្តិធម៍នៅចំពោះមុខច្បាប់និងការបែងភាគលាភសេដ្ឋកិច្ចដល់ប្រជាជនទាំងអស់ និងកំណែរទំរង់ប្រព័ន្ធយុត្តិធម៍។
៣. រួមជាធ្លុងមួយ= ប្តូរផ្តាច់រក្សាចំណងកឹម-សុខាសម-រង្ស៊ីជាមនុស្សតែមួយដោយអ្នកទាំងពីរត្រូវមានវត្តមានជាមួយគ្នាជានិច្ច។
៤. ខឹងអោយខ្លាំង=ភាពអមាសរបស់កម្ពុជាក្នុងការដែលនីតិរដ្ឋនិងប្រជាធិបតេយ្យត្រូវបានគេជាន់ឈ្លីយ៉ាងដំណំបានបង្កជាកំហឹងទាំងសហគមអន្តរជាតិនិងប្រជាជាតិខ្មែរដែលប្រការមិនងាយនឹងរលប់រលាយពីកំហឹងរបស់អ្នកប្រជាធិបតេយ្យបានឡើយ។
៥. ព្រលែងខ្សែ=កំហឹងនឹងក្លាយជាកំឡាំងតស៊ូទាំងរយៈខ្លីនិងរយៈវែងដើម្បីអោយមានការផ្លាស់ប្តូរ។