ឃុំ២ឆ្នូ ខេត្តក្រចេះ ជាឃុំមានឈ្មោះនៅទីតាំងជាក់ស្តែងនៃការជឿថាជាទីកំណើតគណបក្សប្រជាជនគឺកើតនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៥០ នៅពេលគណបក្សមួយនេះរមែងរំលឹកកំណើតរបស់ខ្លួននៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ជំនួសវិញ។ ការផ្ទុះឡើងនៃការតវ៉ាបញ្ហាដីធ្លីកាលពីថ្ងៃទី៨ ខែមីនាម្សិលមិញនេះ ធ្វើអោយយើងនឹកដល់ការផ្ទុះហឹង្សារវាងកងកំឡាំងប្រដាប់អាវុធនិងប្រជាជនកាលពីឆ្នាំ២០១២ដែលលោកនាយករដ្ឋមន្ត្រីហ៊ុន-សែន បញ្ជាអោយប្រើរហូតដល់យន្តហោះចំបាំងបាញ់ទៅលើប្រជាពលរដ្ឋដោយចោទថាជាអ្នកធ្វើរដ្ឋអបគម។
រឿងរ៉ាវលើកនេះ កើតឡើងក្នុងកំឡុងកម្ពុជាគ្មានពត៍មានឯករាជ្យ តែវីដេអូដែលចែកចាយក្នុងបណ្តាញទំនាក់ទំនងសង្គម និងការផ្តល់បទសម្ភាសន៍ដោយប្រជាជននៅក្នុងទីកើតហេតុ មានការផ្ទុយគ្នាពីអាជ្ញាធរនិងពត៍មានលើកជើងរបស់រដ្ឋមានដូចជាFreshnewsជាដើម។
បើតាមពត៍មាន Phnom Penh Post គឺមានការអៈអាងជាដំបូងថាមានមនុស្សស្លាប់ដោយទទួលស្គាល់ពីមេឃុំ២ឆ្នូថាមានមនុស្សស្លាប់មែន។ ប៉ុន្តែតាមការតាមសម្ភាសន៍របស់អ្នកសារពត៍មានFreshnewsទាំងស្ត្រីរងគ្រោះទាំងមេឃុំបដិសេធន៍នូវសំដីដើមរបស់ខ្លួន។ បើតាមសំដីអ្នកសារពត៍មាន គាត់ថាគាត់គឺពិតនិងឯករាជ្យ ហើយពត៍មានភ្នំពេញប៉ុស្តិ៍និងអាសុីសេរីគឺមិនពិតនិងមិនឯករាជ្យ ជាពត៍មានបំពុលសង្គម…ចំងល់គឺយុវជនម្នាក់នេះកំពុងនិយាយរឿងដែលខ្លួនឯងមិនបានឆ្លុះកញ្ចក់មើលខ្លួនឯងឡើយ។
យុវជនហ្វេសប៊ុកដួង តារា(Duong Dara)
យុវជនម្នាក់នេះជាអ្នកកាន់កាប់និងមើលការខុសត្រូវផេចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន-សែន។ ដើម្បីបន្ថែមប្រជាប្រីយភាព គេបានខិតខំគ្រប់បែបយ៉ាងមានដូចជា អោយមន្ត្រីរាជការសុីវិលគ្រប់ជាន់ថ្នាក់បង្កើតគណនេយ្យហ្វេសប៊ុកផ្ទាល់ខ្លួនដើម្បីចុចឡាច់និងឈៀផេចសម្តេច ដាក់លុយឃោសនាអោយហ្វេសប៊ុករាប់សិបមុឺនដុល្លា និងតាមប្រមាញ់ទិញឡាច់ពីclick farmsផ្សេងៗជាច្រើន។ សព្វថ្ងៃ ផេចរបស់លោកនាយករដ្ឋមន្ត្រីមានអ្នកឡាច់ច្រើនជាងចំនួនប្រជាជនខ្មែរដែលមានគណនេយ្យហ្វេសប៊ុកទៅទៀតគឺជាង៩លាន៦សែនឡាច់ ដោយស្ថិតិអ្នកប្រើអិនតើនិតនៅកម្ពុជាមានប្រមាណជាង៤លាននាក់ប៉ុណ្ណោះ។ យើងដឹងទាំងអស់គ្នាច្បាស់ណាស់ថាហ្វេសប៊ុកជាអ្នករកសុី អោយតែអោយលុយគេ អ្នកគ្រប់គ្រងឡាច់អាចដាក់តួលេខអោយសម្តេចប៉ុន្មានក៏បានដែរ តែដែលយុវជនដួងតារាធ្វើអោយសម្តេចស្រក់ទឹកភ្នែកពេលក្រោយគឺលុយដែលសម្តេចយកមកប្រើមានប្រភពពីណា? ហើយឡាច់ទាំងនោះជានរណាខ្លះ ពីព្រោះហ្វេសប៊ុកនឹងលាតត្រដាងក្នុងពេលខាងមុខដ៏ឆាប់នេះ។
យុវជនហ្វ្រេសនីវលឹម-ជាវុត្ថា(Lim Cheavutha)
យុវជនម្នាក់នេះគឺជាអ្នកបង្កើតនិងជាប្រធានគ្រប់គ្រងកាសែតអនឡាញហ្វ្រេសនីវដែលគេស្គាល់ថាជាសារនាំពាក្យនិងវេទិកាផ្តាច់មុខរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន-សែន។ អ្នកសារពត៍មានហ្វ្រេសនីវមានតែផ្សាយលើកជើងសម្តេចនិងដៀមដាមអោយក្រុមជំទាស់។ តែអ្វីដែលគួរកត់សម្គាល់គឺក្រុមអ្នកសារពត៍មានលំអៀងឥតខ្ចោះនេះមិនមែនបម្រើតែសម្តេចទេ គឺបម្រើក្រុមដែលធ្វើអោយសម្តេចអស់លក្ខណ៍ទៅថ្ងៃក្រោយដូចគ្នា។ ជាក់ស្តែង ករណីការបាញ់រៈទៅលើក្រុមអ្នកតវ៉ាដីធ្លីជាង២០០នាក់នៅខេត្តក្រចេះកាលពីពេលថ្មីៗនេះ ហ្វ្រេសនីវបានព្យាយាមនិយាយថាគ្មានអ្នកស្លាប់ទេ មានតែរបួសតែពីរនាក់តាមការអៈអាងរបស់អភិបាលខេត្តក៏ដូចជាអាជ្ញាធរ តែធាតុពិតបើតាមទ្រឹស្តីការផ្សំគំនិតគ្នា(conspiracy) ខ្មាន់កាំភ្លើងអាចជាមនុស្សដែលប្រឆាំងសម្តេចប្រាថ្នាចង់អោយប្រជាប្រីយភាពសម្តេចធ្លាក់ចុះក៏ថាបាន ឬក៏អាចជាអ្នកបង្កចលាចលឡើងក្នុងគោលបំណងដើម្បីគ្រប់គ្រងអ្វីមួយ។
ជាតថភាពជាក់ស្តែង លោកនាយករដ្ឋមន្ត្រីមិនដែលមានចិត្តស្ងប់សុខសម្រាប់សុវត្ថិភាពខ្លួនឯងឡើយ តាមរយៈការបង្កើនកំឡាំងអង្គភាពអង្គរក្សផ្ទាល់ខ្លួន ការផ្ទេរសិទ្ធិទៅអោយកូននូវតំណែងសំខាន់ៗក្នុងការការពារសុវត្ថិភាពនិងសន្តិសុខផ្ទាល់ខ្លួនជាដើម។ អ្នកប្រាជ្ញវិទ្យាសាស្ត្រនយោបាយជាច្រើនបានសរសេរថាអំណាចផ្តាច់ការដែលគ្មានច្បាប់ទំលាប់រមែងបញ្ចប់សេចក្តីដោយការវាយប្រហារគ្នាឯងដែលកើតអំពីការមិនទុកចិត្តគ្នាឯង កើនខ្លាំងឡើងៗជារៀងរាល់ថ្ងៃ។ បើមានមនុស្សស្លាប់មែន រដ្ឋាភិបាលក៏ដូចជាអាជ្ញាធរមិនអាចដំរីស្លាប់យកចង្អេរមកបាំងបានទេ។
យុវជនខ្មែរត្រូវបានគេបំពាក់បំប៉ននិងយកមកប្រើអោយអស់សាច់(spoil and exploit)
អ្វីគ្រប់យ៉ាងចាប់ផ្តើមពីបបូរមាត់របស់លោកនាយករដ្ឋមន្ត្រីក្នុងការប្រើភាសាហឹង្សានិងជេរប្រទេច។ ទាំងទូរទស្សន៍ ទាំងការផ្សាយផ្ទាល់ក្នុងបណ្តាញសង្គម មិនដែលឃើញមានការកាត់សំលេងភាសាអសុរសម្តងណាឡើយ(censor)។ យុវជនពីរនាក់ដែលលើកឡើងខាងលើគឺជានិមិត្តរូបបញ្ជាក់អំពីភាពមិនដឹងអ្វី(innocent)របស់ពួកគេ។ ប្រព័ន្ធសង្គម(social foundation) របបសង្គម(social regime) អំណាចនិយម(power and entitlement) និងសម្ភារៈនិយម(materialism) ជាដើម បានលើកទឹកចិត្តអោយពួកគេចេះធ្វើការដើម្បីគោរពតាម ផ្គាប់ផ្គុន និងសហការជាមួយចៅហ្វាយនាយ(obey, submit, cooperate or OSC) ដើម្បីបានមកវិញនូវលាភសក្ការៈ(benefits) ជាជាងប្រកាន់ខ្ជាប់ក្នុងក្រមសីលធម៍(ethical conduct) និងបើកចិត្តទូលាយ(open minded) ដោយមើលឃើញអ្នកភូមិផងរបងជាមួយក៏ដូចជាជនរួមជាតិជាឈាមតែមួយដែលមិនគួរកុហកបោកប្រាស់(deceive) ធ្វើវិទ្ធង្សនា(manipulate) កិបកេង(take advantage) ងប់ងុលជ្រុលនិយម(radical) មិនមានចិត្តមេត្តាករុណា(loving-kindness) ដល់អ្នកទន់ខ្សោយ(the under privileged) និងអត្តទត្ថភាព(selfish) ជាដើម។
ជាលទ្ធផលចុងក្រោយ យុវជនបរិសុទ្ធិ(innocent)បានតែការពារនូវពត៍មានដែលថាគ្មានអ្នកស្លាប់ ហើយអាជ្ញាធរគ្មានកំហុសទោះជាលឺស្នូរកាំភ្លើងច្រើនគ្រាប់យ៉ាងណាក៏ដោយ។ តាមទិដ្ឋភាពសង្គមក៏ដូចជាទិដ្ឋភាពច្បាប់ មន្ត្រីរាជការប៉ូលីទាហានមិនអាចយកកំភ្លើងមកគំរាមកំហែងប្រជាជនស្លូតត្រង់បានទេ។ ការផ្ទុះអាវុធនៅចំពោះមុខប្រជាជនគឺជាការខុសច្បាប់ទាហានធ្ងន់ធ្ងរដែលមេក្រុមឬមេកងពលត្រូវហៅបុគ្គលនោះមកដាក់ទោសទណ្ឌនិងឡើងដល់កំរិតដកចេញពីអង្គភាពតែម្តងបើទាហាននិងមេទាហាននោះមានវិន័យត្រឹមត្រូវ។ ម្យ៉ាងទៀត អ្នកខ្លះនៅជាប់កំអែលបៀតបៀនអ្នកទន់ខ្សោយ អ្នកក្រីក្រ និងអ្នកទន់ទាប (the under privileged) ដោយគេដាក់កំហុសទៅលើអ្នកតវ៉ារឿងដីធ្លីហើយកាន់ជើងអ្នកមានអំណាច។ ពួកគេគឺពិតជាមិនមែនជាមនុស្សចេះការពារអ្នកទន់ខ្សោយទេ(the underdogs) ទោះជួនកាលពួកគេក៏ជាមនុស្សទន់ខ្សោយដែលនោះ។ តែពួកគេទៅការពារអ្នកមានអំណាចដែលដេកសុីប្រាក់ខែរាស្ត្រទាំងនោះទៅវិញ។ នេះបានចំជាអ្នកគាំទ្រចាប់ចោរឆក់តាមចិញ្ចើមថ្នល់ តែបដិសេធន៍ចៅអង្គុយលើកៅអីក្នុងម៉ាសុីនត្រជាក់ទៅវិញ! ពួកគេគួរមើលរឿង Robin Hood ទុកគ្រាន់ជាមេរៀន។