ថ្ងៃស្អែកតំណាងរាស្ត្រគណបក្សប្រជាជននឹងប្រជុំសភាជាបក្សតែមួយដើម្បីធ្វើវិសោធនកម្មច្បាប់ដើម្បីបែងចែកអសនៈសភាទាំង៥៥របស់គណបក្សសង្គ្រោះជាតិក្នុងការខិតខំចុងក្រោយរំលាយឬសម្លាប់គូរប្រកួតរបស់ខ្លួនមុនថ្ងៃប្រកួតជាក់ស្តែងឈានចូលមកដល់។ ការណ៍នេះគឺជាការផ្តាច់បំពង់ដង្ហើមជាតិខ្មែរទាំងមូល ឬជាការសម្លាប់តាមរូបភាពនៃការប្រើប្រាស់ច្បាប់និងលេសនយោបាយសំលែងភាគច្រើនដាច់ខាត ទៅតាមសុភាសិតបុរាណខ្មែរដែលនិយាយតៗគ្នាដ៏មានប្រជាប្រីយ៍ភាពថា កាត់ក្បាលតំរូវមួក ដែលក្បាលគឺជារដ្ឋធម្មនុញ្ញជាតិ មួកគឺជាជនអវិជ្ជាល្មោភអំណាច។ មតិមហាជនមួយចំនួនអាចយល់ថានេះជាការសំលាប់គណបក្សសង្គ្រោះជាតិតែម្យ៉ាង ធាតុពិតមិនមែនដូច្នោះទេ៖
១. របបនយោបាយសេរីពហុបក្ស ប្រជាជនកម្ពុជាជាម្ចាស់អំណាច និងការបែងចែកអំណាចដាច់ឡែកពីគ្នារវាងអំណាចនីតិបញ្ញតិ្ត តុលាការ និងនីតិប្រតិបត្តិ ស្របតាមជំពូកទី៤ មាត្រា៥១ថ្មី នឹងច្បាស់ជាគ្មានន័យ ហើយរលាយខ្លួនឯងដូចអំបិលត្រូវទឹក។ អ្នកមានអំណាចមិនអាចបន្តកុហកប្រជាពលរដ្ឋដូចមុនៗតាមរយៈការបោះឆ្នោតក្លែងបន្លំតទៅទៀតទេ ហើយការបន្តកុហកដាក់ខ្លួនរក្សាប្រជាធិបតេយ្យសេរីពហុបក្សដោយការប្លន់យកកៅអីដែលប្រជាពលរដ្ឋបោះឆ្នោតទុកចិត្តអោយគណបក្សសង្គ្រោះជាតិនៅពេលនេះ នឹងកាន់តែពិបាកក្នុងការបន្តគោលនយោបាយវិទ្ធង្សនា។ ការណ៍នេះគឺស្មើនឹងការរំលាយចោលមាត្រា៥១នៃរដ្ឋធម្មនុញ្ញ។
២. គឺជាការសំលាប់សេដ្ឋកិច្ចរបស់កម្ពុជា ពីព្រោះក្នុងមាត្រាទី៥៦ស្តីអំពីសេដ្ឋកិច្ចទីផ្សាសេរីនិយាយយ៉ាងច្បាស់ថាកម្ពុជាប្រកាន់របបសេដ្ឋកិច្ចទីផ្សារសេរីដោយមានការប្រកួតប្រជែងគ្នាដោយសេរី ដោយមានតុលាការឯករាជ្យជាអ្នកធានានូវក្រឹតក្រមស្មើរភាពគ្នាក្នុងការប្រកបរបររកសុីនៅកម្ពុជា។ បន្ទាប់ពីច្បាប់ថ្ងៃស្អែកចេញជាធរមាន វិនិយោគទុនបរទេសដែលមានស្តង់ដារខ្ពស់នឹងអនុវត្តន៍តាមក្រិតក្រមទីផ្សារសេរីនឹងមិនមកវិនិយោគទុននៅកម្ពុជា ឬដកខ្លួនចេញពីកម្ពុជាជាបន្តបន្ទាប់ បន្សល់ទុកតែអ្នកវិនិយោគទុនដែលជាអ្នកឱកាសនិយមឬអ្នករកសុីធ្វើនំអត់ម្សៅជាដើម។
៣. គឺជារំលាយរដ្ឋសភាចោលទាំងស្រុង ពីព្រោះតាមមាត្រា៧៦ដល់មាត្រា៩៨នៃរដ្ឋធម្មនុញ្ញ គ្មានមាត្រាណាដែលនិយាយពីនីតិវិធីក្នុងការដោះដូរតំណាងរាស្ត្រទេ គឺមានតែនិយាយអំពីការរំលាយរដ្ឋសភាដោយព្រះមហាក្សត្រឬបន្តអាយុកាលអោយហួសពី៥ឆ្នាំតាមករណីចាំបាច់។ ច្បាប់គណបក្សនយោបាយអនុមតិដោយបក្សតែមួយមិនអាចមានអាជ្ញាយុកាលគ្របដណ្តប់លើជំពូកទី៧ស្តីអំពីរដ្ឋសភាឡើយ។
៤. គឺស្មើនឹងការរំលាយស្ថាប័នព្រះមហាក្សត្រស្របតាមមាត្រា៨ដែលចែងថាព្រះមហាក្សត្រគឺជាអ្នកធានាការគោរពសិទ្ធិនិងសេរីភាពរបស់ប្រជាពលរដ្ឋជាដើម។ ដូច្នេះ សិទ្ធិនិងសេរីភាពប្រជាពលរដ្ឋដែលបោះឆ្នោតអោយតំណាងរាស្ត្រទាំង៥៥រូប និងក្រុមប្រឹក្សាឃុំ-សង្កាត់ជិត៥០០០នាក់ ដោយមានសំលេងឆ្នោតសរុបជិតកន្លៈនគរទូទាំងប្រទេសកម្ពុជា មិនអាចមាននរណាបំពារបំពានបានឡើយ។
៥. គឺជាការបំពារបំពានលើដែនអធិបតេយ្យភាពកម្ពុជាដូចដែលមានចែងក្នុងមាត្រា១នៃរដ្ឋធម្មនុញ្ញថា ប្រទេសកម្ពុជាជាព្រះរាជាណាចក្រដែលព្រះមហាក្សត្រទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងតាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ ការបង្ខិតបង្ខំតំណាងរាស្ត្រទាំង៦៨រូបអោយលើកដៃអនុមតិច្បាប់តាមបែបកាត់ក្បាលតំរូវមួក និងការឈានទៅរកការអនុវត្តន៍ច្បាប់ប្រភេទនេះត្រូវបានមហាជននិងអ្នកជំនាញយល់ថាជាការផ្លាស់ប្តូររបបនយោបាយពីសេរីពហុបក្សទៅរកប្រព័ន្ធនយោបាយបែបឯកបក្សដែលជារបបផ្តាច់ការ បើមិនដូចវៀតណាមឬចិនទេ ក៏ដូចប្រទេសកូរ៉េខាងជើងជាដើម។
ជាការទស្សន៍ទាយទុកជាមុន នៅពេលដែលច្បាប់នេះចេញនិងនៅពេលដែលមានការអនុវត្តន៍ជាក់ស្តែងទៅលើគណបក្សសង្គ្រោះជាតិ ប្រទេសកម្ពុជានឹងអាប់អួរទៅដោយការហ៊ុមព័ទ្ធផ្នែកសេដ្ឋកិច្ចនិងចលនាប្រជាធិបតេយ្យផ្ទៃក្នុង ដែលការណ៍នេះបង្ខំចិត្តលោកហ៊ុន សែន អោយពឹងពាក់ចិនកាន់តែខ្លាំងឡើង ដែលចិននឹងប្រើប្រាស់កម្ពុជាដូចចិនបានប្រើប្រាស់ប្រទេសកូរ៉េខាងជើងជាកូនជីងរបស់ខ្លួនដូច្នោះដែរ។ ក្នុងកាលៈទេសៈពិភពលោកបច្ចុប្បន្ន ចិនកំពុងត្រូវការកូនជីងស្មោះត្រង់របស់ខ្លួន ទោះបីចិនត្រូវចំណាយប៉ុណ្ណាក៏ហ៊ានចំណាយដែរ ឬរំលាយស្ថាប័នជាតិមួយអោយក្លាយទៅជាក្រុមអង្គការក្រៅនីតិរដ្ឋទំនើបដែលហៅថា nation-state ដែលធានានិងទទួលស្គាល់ដោយអង្គការសហប្រជាជាតិយ៉ាងណាក៏ដោយ។
សូមតាមដានភាគបន្តអំពីយន្តការមួយចំនួនដើម្បីលើកតំកើងជាតិខ្មែរកុំអោយដួលរលំ….