កង្កែបដែលចេះសម្របខ្លួនក្នុងទឹកក្តៅ និងអង្គប់កណ្តុរ
Thu, 18 June 2015
Op-Ed: Khmer Post
យ៉ាងហោចណាស់ក៏មានទស្សនៈដូចគ្នាមួយដែលឆ្លុះបញ្ចាំងឲ្យឃើញនៅក្នុងរឿងអង្គប់កណ្តុរ និងកង្កែបដែលចេះសម្របខ្លួនក្នុងឆ្នាំងទឹកក្តៅ។ បើគេចាប់កង្កែបដាក់ក្នុងឆ្នាំងទឹកក្តៅកង្កែបនឹងប្រឹងលោតចេញពីក្នុងឆ្នាំងទឹកក្តៅនោះភ្លាម។ ប៉ុន្តែបើគេដាក់វានៅក្នុងឆ្នាំងទឹកត្រជាក់ធម្មតាហើយដំឡើងសីតុណ្ហភាពទឹកនោះឲ្យក្ដៅបន្តិចម្តងៗកង្កែបនោះនឹងមិនលោតចេញពីឆ្នាំងនោះទេ។ កង្កែបនឹងបន្តរស់នៅក្នុងទឹកក្តៅនោះរហូតដល់ឆ្អិនស្លាប់ដោយមិនដឹងថាខ្លួនរស់នៅក្នុងទឹកក្តៅឡើយ។ ត្រឡប់មករឿងអង្គប់កណ្តុរវិញ។ កណ្តុរមួយបានលួចមើលកសិករពីរនាក់ប្តីប្រពន្ធរើអីវ៉ាន់ដែលទើបតែទិញពីផ្សារក្រែងលោមានចំណីអ្វីដែលខ្លួនអាចលួចស៊ីបាន។កណ្តុរមានការតក់ស្លុតយ៉ាងខ្លាំងនៅពេលដែលវាបានឃើញអង្គប់សម្រាប់ដាក់វាទៅវិញ។ កណ្តុរបានរត់ចេញទៅខាងក្រៅផ្ទះហើយបានស្រែកប្រកាសអាសន្នថា «មានអង្គប់កណ្តុរនៅក្នុងផ្ទះ!»។ មេមាន់ដែលឮសម្រែករបស់កណ្តុរមុនគេបានងក់ក្បាលតិចៗហើយនិយាយទៅកាន់កណ្តុរថា «សម្លាញ់!ខ្ញុំយល់ថាសម្លាញ់ពិតជាមានការតក់ស្លុតយ៉ាងខ្លាំងនៅពេលបានឃើញអង្គប់សម្រាប់ដាក់ខ្លួនឯងយ៉ាងដូច្នេះ តែអង្គប់នោះមិនមែនសម្រាប់ដាក់គ្នាទេដូច្នេះគ្នាគ្មានអ្វីត្រូវបារម្ភឡើយ។ សូមសម្លាញ់ប្រយ័ត្នប្រយែងណា!»។ ដោយអារម្មណ៍ភ័យខ្លាចកណ្តុរក៏បានទៅជួបជ្រូក។ ជ្រូកអាណិតអាសូរកណ្តុរយ៉ាងខ្លាំងហើយបាននិយាយថា «សម្លាញ់គ្នាមិនអាចជួយអ្វីដល់ឯងបានក្រៅតែពីការបួងសួងសូមឲ្យសម្លាញ់បានសេចក្តីសុខរួចពីអង្គប់នោះ»។
កណ្តុរបន្តដំណើររបស់ខ្លួនហើយក៏ទៅប្រាប់គោៗបានឆ្លើយយ៉ាងព្រងើយដាក់កណ្តុរវិញថា «អង្គប់តូចណាស់សម្រាប់ដាក់តែឯងតែប៉ុណ្ណោះមិនមែនសម្រាប់ដាក់គ្នាទេ ថែរក្សាខ្លួនសម្លាញ់»។ កណ្តុរបានត្រឡប់មករកមើលថាតើអង្គប់នោះដាក់នៅកន្លែងណាទាំងការភិតភ័យ និងអស់សង្ឃឹមតែម្នាក់ឯងដេកនៅក្នុងរន្ធរបស់ខ្លួនចាំស្តាប់សភាពការណ៍។ នៅយប់នោះមានសំឡេងឮដូចជាសំឡេងអង្គប់ដែលវាត់ជាប់សត្វអ្វីមួយ។ ប្រពន្ធកសិករបានប្រញាប់ទៅពិនិត្យក្រែងលោអង្គប់របស់ខ្លួនចាប់បានកណ្តុរ។ដោយយប់ងងឹតគាត់មិនបានឃើញពស់ជាប់អង្គប់នោះទេ។ ពស់ក៏បានចឹកគាត់ហើយពិសពស់បានធ្វើឲ្យគាត់មានអាការក្តៅខ្លួនយ៉ាងខ្លាំង។អ្នកភូមិប្រាប់គាត់ថា ស៊ុបមាន់ក្តៅៗអាចជួយឲ្យអ្នកមានអាការក្តៅខ្លួនដោយសារពស់ចិកធូរស្រាលបាន។
កសិករនោះក៏បានសម្លាប់មាន់ដើម្បីធ្វើស៊ុបឲ្យប្រពន្ធគាត់ហូបប៉ុន្តែជំងឺមិនបានធូរស្រាលនោះទេ។ មិត្តភក្តិ និងអ្នកជិតខាងរបស់គាត់បានមកសួរសុខទុក្ខជាហូរហែ។ ដោយសារគាត់គ្មានអ្វីទទួលភ្ញៀវ គាត់ក៏បានសម្លាប់ជ្រូកដើម្បីធ្វើម្ហូបទទួលទាន។ប៉ុន្មានសប្តាហ៍ក្រោយមកទៀតប្រពន្ធរបស់គាត់ក៏ស្លាប់។ កសិករបានឲ្យគេសម្លាប់គោធ្វើម្ហូបទទួលភ្ញៀវនៅក្នុងពិធីបុណ្យសពនោះទៅ។ ដោយសារការភ័យខ្លាចកណ្តុរដែលមិនអាចធ្វើអ្វីបាន ក៏បន្តសម្ងំនៅក្នុងរន្ធរហូតដល់ស្លាប់តាមមិត្តភក្តិរបស់ខ្លួនអស់ទៅ។
ហេតុអ្វីក៏កង្កែបព្រមស្លាប់ក្នុងឆ្នាំងទឹកដែលចេះតែបន្ដឡើងកម្ដៅដោយមិនលោតចេញ? ហេតុអ្វីទើបសត្វទាំងបីដែលជាមិត្តភក្តិរបស់កណ្តុរក្នុងរឿងអង្គប់កណ្ដុរខាងលើ មិនខ្វល់ពីសុខទុក្ខរបស់កណ្ដុរនោះ?សត្វទាំងនេះងាប់អស់ដោយសារបញ្ញាគ្នាជាសត្វមិនដឹងថា ទឹកចេះឡើងកម្ដៅ ឬមនោសញ្ចេតនាអាណិតស្រឡាញ់គ្នាកើតឡើងត្រឹមតែជាសភាវគតិមិនដឹងថាត្រូវជួយដោះស្រាយគ្នាយ៉ាងណា? ស្ថានភាពប្រហាក់ប្រហែលគ្នានេះដែរកំពុងតែកើតឡើងក្នុងសង្គមយើង។
ប្រជាពលរដ្ឋភាគច្រើនអាចសម្របខ្លួនរស់នៅក្នុងស្ថានភាពរបស់ពួកគាត់រៀងៗខ្លួន ហើយបន្តទទួលយកបញ្ហាទាំងនោះបន្តិចម្តងៗដូចជាបញ្ហាប្រព័ន្ធចំណីអាហារដែលមិនមានសុវត្ថិភាព ការចំណាយលុយក្រោមតុបន្តិចបន្តួចដើម្បីទទួលបានសេវាសាធារណៈ សេវាសុខភាពដែលខ្វះវិជ្ជាជីវៈ និងការទទួលខុសត្រូវ ថ្នាំពេទ្យខូចគុណភាពដែលប៉ះពាល់បញ្ហាសុខភាពរាល់ថ្ងៃ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងស្ទះចរាចរណ៍ដែលប៉ះពាល់ដល់ការចំណាយលើប្រេងឥន្ធនៈដោយសារការកកស្ទះ បញ្ហាការងារដែលបណ្តាលមកពីកង្វះប្រព័ន្ធការងារដែលច្បាស់លាស់តម្លាភាព និងយុត្តិធម៌ បញ្ហាទឹកជំនន់ និងគ្រោះរាំងស្ងួតដែលបណ្តាលមកពីការកាប់បំផ្លាញព្រៃឈើ និងបញ្ហាបូរណភាពទឹកដីដែលបណ្តាលមកពីការហូរចូលជនអន្តោប្រវេស ឬព្រំដែន។លនិងល។ ហេតុអ្វីបានជាប្រជាពលរដ្ឋមិនមានប្រតិកម្មជាមួយនឹងរឿងកំប៉ិកកំប៉ុកដែលកើតឡើង និងញាំញីចំពោះពួកគេដោយផ្ទាល់ ឬកើតឡើងចំពោះប្រជាពលរដ្ឋផ្សេងៗទៀត? ប្រហាក់ប្រហែលនឹងកង្កែបដែរក៏ព្រោះតែពួកគាត់អាចសម្របសម្រួលខ្លួនបានទៅនឹងស្ថានភាព ឬប្រព័ន្ធសង្គមដែលស្មុគស្មាញដូចសព្វថ្ងៃនេះបាន។ ប្រហាក់ប្រហែលនឹងស្ថានភាពក្នុងរឿងអង្គប់កណ្តុរដែរ ពួកគាត់គិតថាបញ្ហាដែលកើតឡើងទាំងឡាយ គឺជាបញ្ហាកំប៉ិកកំប៉ុកហើយមិនប៉ះពាល់ដល់ពួកគាត់នោះទេ។ ជាទូទៅប្រជាពលរដ្ឋនឹងមានប្រតិកម្មតបវិញតែចំពោះរឿងណាដែលប៉ះពាល់ផលប្រយោជន៍ពួកគាត់ផ្ទាល់តែប៉ុណ្ណោះ។
ភាពអាត្មានិយមគិតតែប្រយោជន៍ផ្ទាល់ខ្លួនបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរដែលជាពូជសាសន៍ល្បីល្បាញនៅអាស៊ីមួយនេះធ្លាក់ចុះដល់កម្រិតនេះ បើទោះបីជាកម្ពុជាមានការរីកចម្រើនខាងលោកសម្ភារជាងពេលណាៗទាំងអស់នៅក្នុងប្រវត្តិសាស្ត្រក៏ដោយ។ ជំងឺអាត្មានិយមនេះបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរដែលពីមុនមកជាមនុស្សចិត្តល្អស្មោះត្រង់ និងស្លូតបូតក្លាយជាមនុស្សចិត្តអាក្រក់លោភលន់ និងកាចសាហាវគួរឲ្យភ័យខ្លាច។
ជីវិតរបស់សត្វមនុស្សត្រូវតែចេះរួមសុខរួមទុក្ខជាមួយគ្នាឲ្យហួសពីកម្រិតដែលសត្វអាចធ្វើបាន។ កាលណានរណាម្នាក់បម្រុងនឹងមានគ្រោះថ្នាក់អ្នកឯទៀតនឹងប្រាកដថាពួកគេក៏នឹងមិនបានសេចក្តីសុខនោះដែរ។ លោក Martin Luther King Jr ដែលជាសកម្មជនសិទ្ធិមនុស្សអាមេរិកស្បែកខ្មៅបានអះអាងយ៉ាងមានប្រជាប្រិយភាពថា «អំពើអយុត្តិធម៌នៅកន្លែងណាមួយចំពោះមនុស្សណាម្នាក់គឺជាការគំរាមកំហែងយ៉ាងពិតប្រាកដទៅដល់អំពើយុត្តិធម៌នៅគ្រប់ទីកន្លែងចំពោះមនុស្សគ្រប់រូប»។
ដូច្នេះប្រជាពលរដ្ឋគ្រប់រូបត្រូវតែយកចិត្តទុកដាក់ចំពោះបញ្ហានានាដែលពួកគាត់ចាត់ទុកថា ជាបញ្ហាកំប៉ិកកំប៉ុក ឬបញ្ហាដែលមិនពាក់ព័ន្ធដល់ពួកគាត់ដោយការទប់ស្កាត់កុំឲ្យវាកើតឡើងបាន ឬដោយមិនប្រព្រឹត្តបញ្ហាទាំងនោះដោយខ្លួនឯងតែម្តង។បញ្ហាតូចៗប៉ះពាល់មនុស្សពីរបីនាក់នៅថ្ងៃនេះអាចក្លាយជាបញ្ហាធំៗប៉ះពាល់មនុស្សរាប់រយនាក់នៅថ្ងៃស្អែក។ គ្រោះថ្នាក់ធំៗតែងតែកើតពីការធ្វេសប្រហែសបន្ដិចបន្ដួចរបស់យើង។
ភាពខ្ជីខ្ជាខ្ជះខ្ជាយរបស់យើងធំៗកើតចេញពីការមិនចែករំលែករបស់យើងបន្តិចបន្តួចដើម្បីផលប្រយោជន៍រួម។ ដើម្បីទប់ស្កាត់បញ្ហានៅពេលដែលវិធានការច្បាប់ធូររលុងនៅឡើយមានតែការបណ្តុះមនសិការការបង្កើតមនោសញ្ចេតនា និងការរស់នៅក្នុងឧត្តមគតិច្បាស់លាស់របស់ពលរដ្ឋយើងទេទើបសង្គមយើងអាចរកភាពសុខសាន្ត និងភាពថ្លៃថ្នូរបានដោយការចូលរួមរបស់ពលរដ្ឋយើងម្នាក់ៗ។
លី គិមឡុង, ពលរដ្ឋនៅភ្នំពេញ
Kimlong.ly2007@gmail.com