សូមចូលរួមអបអរសាទរទិវាសិទ្ធិនារី៨មីនា២០១៥
នារីគឺជាមាតាពិភពលោក
សូមអោយការអបអររបស់យេីងក្លាយជាការពិតដេីម្បីមេ មាតា និងមាតុភូមិរបស់យេីង
ខ្ញុំមានបីតិសោមនស្សពន់ពេកប្រមាណដោយឃេីញយុវនារីខ្មែរកំពុងនាំមុខនាំមុខដេីម្បីការផ្លាស់ប្តូរនៅកម្ពុជា។
សូមនារីខ្មែរទាំងអស់បាននូវពុទ្ធពរទាំង៥ប្រការគឺអាយុ វណ្ណេៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡេីយ។
Happy Woman Day of 8 march 2015!
Women are the mother of the world
May our woman day congratulation become reality for Me(chief), Mother(mother) and Matuphumi(motherland) of us all.
I am very delightful and optimistic to see that more feminine youths have emerged in Cambodia front line for social change.
I wish them with five blessings of longevity, beauty, well-being, healthy, and intellectual.
សារដ៏មានសារៈសំខាន់ ពីស្ត្រីឆ្នើមមកពីវិស័យនានាក្នុងប្រទេសកម្ពុជាសម្រាប់ទិវាសិទ្ធិនារីអន្តរជាតិ
ពាក្យ ថា «ស្ត្រីបង្វិលចង្ក្រានមិនជុំ» នៅក្នុងបរិបទរបស់ប្រទេសកម្ពុជា ហាក់សាបរលាបបន្តិចម្តងៗហើយក្នុងពេលបច្ចុប្បន្ននេះ។
«ស្ត្រី» បច្ចុប្បន្ន ជាបុគ្គលដែលត្រូវបានមជ្ឈដ្ឋានគ្រប់ជាន់ថ្នាក់ទទួលស្គាល់ និងឲ្យតម្លៃពីការចូលរួមលើកស្ទួយសេដ្ឋកិច្ចរបស់កម្ពុជាតាមរយៈការបម្រើការនៅក្នុងវិស័យសំខាន់ៗមួយចំនួន។ ស្ត្រីដែលបម្រើការនៅក្នុងឧស្សាហកម្មកាត់ដេរ ដែលជាកម្លាំងជំរុញ ៨០ ភាគរយ នៃកម្លាំងពលកម្មសរុបក្នុងវិស័យនេះ បានចូលរួមធ្វើឲ្យមានកំណើនផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំច្រើនជាង ៣០ ភាគរយ។ ក្រៅពីការចូលរួមក្នុងវិស័យឧស្សាហកម្មកាត់ដេរ វត្តមានរបស់ស្ត្រីកាន់តែច្រើនឡើងៗ មាននៅគ្រប់ស្ថាប័នរដ្ឋ ឯកជន ជំនួញ នយោបាយ ក៏ដូចជាអង្គការក្រៅរដ្ឋាភិបាលនានា ចាប់តាំងពីបុគ្គលិកទូទៅ រហូតដល់ថ្នាក់ដឹកនាំកំពូល។
ក្នុងឱកាសទិវាសិទ្ធិនារីអន្តរជាតិខាងមុខនេះទស្សនាវដ្តី LIFT បាននាំយកនូវសារដ៏មានសារៈសំខាន់ពីសំណាក់អ្នកដឹកនាំជាស្ត្រីនៅតាមវិស័យនានា ទាំងរដ្ឋ ឯកជន ជំនួញ អង្គការក្រៅរដ្ឋាភិបាល ក៏ដូចជាស្ត្រីវ័យក្មេងដែលមានស្នាដៃ សមត្ថភាព និងមានភាពលេចធ្លោខ្លាំងតាមរយៈសកម្មភាពរបស់ខ្លួននាពេលបច្ចុប្បន្ននេះ។
លោកស្រី វេជ្ជ. អ៊ឹង កន្ថាផាវី (រដ្ឋមន្ត្រីក្រសួងកិច្ចការនារី)
លោកស្រី វេជ្ជ. អ៊ឹង កន្ថាផាវី បានបម្រើការងារជារដ្ឋមន្ត្រីនៃក្រសួងកិច្ចការនារី ចាប់តាំងពីឆ្នាំ ២០០៤ ដោយការតែងតាំងលោកស្រីចុងក្រោយនៅក្នុងខែកញ្ញា ឆ្នាំ ២០១៣។ ចាប់តាំងពីឆ្នាំ ១៩៩៩ រហូតមកដល់ ឆ្នាំ ២០០៤ លោកស្រី វេជ្ជ.អ៊ឹង កន្ថាផាវី បានបម្រើការងារជារដ្ឋលេខាធិការនៃក្រសួងកិច្ចការនារី និងអតីតយុទ្ធជន។ លោកស្រី រដ្ឋមន្ត្រី អ៊ឹង កន្ថាផាវី បានបំពេញតួនាទីដ៏សំខាន់ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការបញ្ជ្រាបយេនឌ័រនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងថ្នាក់អន្តរជាតិ។
លោកស្រីទទួលសញ្ញាបត្រ Doctor of Medicine (M.D.) ពីសាកលវិទ្យាល័យ Saint Antoine សាកលវិទ្យាល័យ Paris VI ដែលមានជំនាញផ្នែកអាហារូបត្ថម្ភ និងជំងឺត្រូពិក រួមទាំងសញ្ញាបត្រផ្នែករដ្ឋបាលសាធារណៈពីសាលា Ecole Nationaled Administration នៅក្នុងទីក្រុង Paris (ENA)។
លោកស្រីក៏បានចូលរួមនៅក្នុងកម្មវិធីធំៗជាច្រើនមានដូចជាកម្មវិធីស្តីពី “អ្នកដឹកនាំនៅក្នុងការអភិវឌ្ឍ៖ ការគ្រប់គ្រងកំណែទម្រង់នយោបាយ និងសេដ្ឋកិច្ច” នៅឯសាលា John F. Kennedy នៃសាកលវិទ្យាល័យ Harvard នៅសហរដ្ឋអាមេរិក (ក្នុងឆ្នាំ ២០០៤) ។ ក្នុងឆ្នាំ ២០១៤ លោកស្រីរដ្ឋមន្ត្រី អ៊ឹង កន្ថាផាវី គឺជាស្ត្រីមេដឹកនាំម្នាក់ក្នុងចំណោមស្ត្រីមេដឹកនាំ ៩ នាក់ដែលបានទទួលពានរង្វាន់ “ស្ត្រីឆ្នើមបំផុត” ពីវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក។
នាទិវាសិទ្ធិនារីអន្តរជាតិនេះ លោកស្រីរដ្ឋមន្រ្តី បានផ្ញើសារដល់ស្រ្តីទាំងអស់ទូទាំងប្រទេសថា៖ «សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី គឺជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពមួយក្នុងការអភិវឌ្ឍសង្គមជាតិប្រកបដោយបរិយាប័ន្ន និងចីរភាព។ ការបង្កើនភាពអង់អាចដល់ស្ត្រី មិនមានន័យត្រឹមតែជួយឲ្យស្ត្រីមានឋានៈខ្ពស់ក្នុងសហគ្រាស ឬក្លាយជាមន្ត្រីជាន់ខ្ពស់ក្នុងស្ថាប័នរដ្ឋ ឬការបង្ហាញចំនួនស្ត្រីច្រើនក្នុងជីវិតសាធារណៈប៉ុណ្ណោះទេ។ ជាការពិតការបង្កើនភាពអង់អាចដល់ស្ត្រីគឺមានន័យថា ការផ្លាស់ប្តូរនូវផ្នត់គំនិតដែលនាំទៅរកការកែប្រែនូវទំនាក់ទំនងរវាងប្រជាជន និងទស្សនៈរបស់សង្គមចំពោះតួនាទីយេនឌ័រ។ ដូច្នេះការបង្កើនភាពអង់អាចដល់ស្ត្រីជាបុរេលក្ខខណ្ឌមួយសម្រាប់សង្គមប្រជាធិបតេយ្យនិងយុត្តិធម៌។ ក្រសួង ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការសហការជាមួយយុវជនយុវនារី ដើម្បីបង្កើនភាពអង់អាចដល់ស្ត្រី និងសមភាពយេនឌ័រក្នុងសង្គមដោយយល់ឃើញថា យុវជន យុវនារីជាភ្នាក់ងារដែលនាំមកនូវការផ្លាស់ប្តូរ។ ពួកយើងកំពុងកៀរគរអ្នកដឹកនាំវ័យក្មេង និស្សិតសាកលវិទ្យាល័យ និងយុវជនយុវនារីដើម្បីបំផុសនូវការផ្លាស់ប្តូរអាកប្បកិរិយា និងលុបបំបាត់នូវផ្នត់គំនិតសង្គមលើតួនាទីយេនឌ័រដែលបង្កឲ្យមានការរើសអើងដល់ស្ត្រី និងក្មេងស្រី»។
អ្នកស្រីនាង ផល្លា (បេក្ខជន ១០ នាក់ចុងក្រោយរបស់ពានរង្វាន់គ្រូបង្រៀនអន្តរជាតិ)
អ្នកគ្រូ នាង ផល្លា ជាគ្រូបង្រៀនដ៏ឆ្នើមម្នាក់ដែលបង្រៀននៅសាលាកុមារពិការភ្នែក និងគថ្លង់ភ្នំពេញថ្មីនៃអង្គការគ្រួសារថ្មី ហើយអ្នកគ្រូក៏ជាបេក្ខជនម្នាក់ដែលបានជាប់ឈ្មោះក្នុងបញ្ជីបេក្ខជនចុងក្រោយចំនួន ១០ រូបដែលត្រូវប្រឡងផ្តាច់ព្រ័ត្រដើម្បីទទួលបានពានរង្វាន់គ្រូបង្រៀនអន្ដរជាតិ (Global Teacher Prize) ដែលជាទឹកប្រាក់ ១ លានដុល្លានៅក្នុងទីក្រុងឌូបៃនាថ្ងៃទី១៦ ខែមិនា ខាងមុខនេះ។
សាររបស់អ្នកគ្រូ នាងផល្លា៖ «បំភ្លេចផ្នត់គំនិតចាស់ចោលដែលនិយាយថា កូនស្រីបង្វិលចង្ក្រានមិនជុំ សូមបញ្ជូនកូនស្រីទៅសាលារៀន កូនស្រីមានសិទ្ធិទទួលបានការអប់រំ! សូមផ្តល់ការលើកកម្ពស់ និងគាំទ្ររាល់សកម្មភាពស្ត្រីដើម្បីផ្តល់ឱកាសឲ្យស្ត្រីទទួលបានការងារកាន់តែច្រើន! សូមឲ្យស្ត្រីគ្រប់រូបប្រើប្រាស់សមត្ថភាពរបស់ខ្លួនដើម្បីជួយអភិវឌ្ឍន៍លើគ្រប់វិស័យនៅក្នុងសង្គម!»។
លោកស្រី ជា សិរី (អគ្គនាយិកាបច្ចេកទេសនៃធនាគារជាតិកម្ពុជា និងជាប្រធានសមាគមសេដ្ឋកិច្ចកម្ពុជា)
លោកស្រី ជា សិរី បច្ចុប្បន្នគឺជាអគ្គនាយិកាបច្ចេកទេសនៃធនាគារជាតិកម្ពុជា និងជាប្រធានសមាគមសេដ្ឋកិច្ចកម្ពុជា។
លោកស្រី បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកធនាគារពីសាកលវិទ្យាល័យនៃទីក្រុងឡុង នៃចក្រភពអង់គ្លេស និងបរិញ្ញាបត្រផ្នែកគណនេយ្យពីសាកលវិទ្យាល័យវិចតូរៀក្នុងទីក្រុង Wellington ប្រទេសនូវែសេឡង់។ លោកស្រី បានបម្រើការនៅក្នុងធនាគារជាតិនៃកម្ពុជាតាំងពីឆ្នាំ ១៩៩៩ ហើយត្រូវបានតែងតាំងជាអគ្គនាយិកាបច្ចេកទេសនៃធនាគារជាតិកម្ពុជាតាំងពីឆ្នាំ ២០១៣ ។
លោកស្រី បានផ្តល់ជាសារក្នុងទិវាសិទ្ធិនារីអន្តរជាតិថា៖ «សម្រាប់ស្ត្រីដែលកំពុងតែបម្រើការងារទាំងឡាយ សូមចាប់យកការងាររបស់អ្នកប្រកបដោយមោទនភាព។ វាប្រៀបបានដូចនៅក្នុងផ្ទះអ៊ីចឹងដែលម្តាយ និងឪពុកមានសារៈសំខាន់ដូចគ្នាដើម្បីធ្វើឲ្យគ្រួសារមានតុល្យភាព ដូច្នេះហើយអង្គការសាធារណៈ និងឯកជនក៏ត្រូវការការចូលរួមរបស់ស្ត្រីដើម្បីឲ្យមានតុល្យភាព និងដំណើរការការងារដោយរលូន។ ប្រសិនបើនៅក្នុងគ្រួសារមួយមានឪពុកជាអ្នកចាំរកប្រាក់មកផ្គត់ផ្គង់តម្រូវការក្នុងគ្រួសារអ៊ីចឹងម្តាយគឺជាអ្នកដែលចាំរឹតចំណងគ្រួសារដោយក្តីស្រឡាញ់ ភាពអំណត់ និងការយកចិត្តទុកដាក់ក្នុងនាមជាម្តាយម្នាក់។ សម្រាប់ស្ត្រីវ័យក្មេង និងសិស្សានុសិស្សទាំងឡាយ ទ្រព្យសម្បត្តិគឺគេអាចចំណាយពេលវេលាដើម្បីរកវាបាន តែវាអាចហិនហោចទៅក្នុងមួយប៉ព្រិចភ្នែក។ ដូចគ្នានេះដែរ ចំណេះដឹងក៏ត្រូវការពេលវេលាដើម្បីកសាងវាឡើងដែរ ក៏ប៉ុន្តែគ្មាននរណាម្នាក់អាចលួចវា ឬលុបចោលអ្វីដែលអ្នកធ្លាប់បានរៀននោះឡើយ»។
លោកស្រី ចក់ សុភាព (នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា)
លោកស្រី ចក់ សុភាព ជានាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ហើយក៏ជានារីម្នាក់ដែលបានទទួលការសរសើរពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក បារ៉ាក់ អូបាម៉ា កាលពីថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០១៤ កន្លងទៅ នៅពេលដែលលោកស្រីចូលរួមក្នុងជំនួបប្រចាំឆ្នាំសម្រាប់កម្មវិធីផ្ដួចផ្ដើមគំនិតពិភពលោក គ្លីនតុន (Clinton Global Initiative) នៅក្នុងទីក្រុងញូវយ៉កចំពោះការងារការពារសិទ្ធិមនុស្សរបស់លោកស្រី។
សាររបស់លោកស្រី ចក់ សុភាព៖ «សិទ្ធិរបស់ស្ត្រីត្រូវការការពារពីយើងទាំងអស់គ្នាជារៀងរាល់ថ្ងៃ។ ខណៈពេលដែលរដ្ឋជាអ្នកទទួលខុសត្រូវដំបូងដើម្បីលើកកម្ពស់ និងការពារសិទិ្ធរបស់ស្ត្រី និងការធានាឱ្យបាននូវសមភាពយេនឌ័រ។ វាគឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នាក្នុងការលុបបំបាត់ការរើសអើងភេទ ឬឋានៈនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកយើង។ សង្គមស៊ីវិល និងសមាជិកទាំងអស់នៅក្នុងសង្គមក៏មានតួនាទីសំខាន់ផងដែរ»។
កញ្ញា មាស សុខសោភា (តារាចម្រៀងល្បីឈ្មោះប្រចាំព្រះរាជាណាចក្រកម្ពុជា)
កញ្ញា មាស សុខសោភា បានចាប់ផ្តើមអាជីពជាអ្នកចម្រៀងដំបូងបំផុតក្នុងឆ្នាំ ២០០៤ ហើយបានកសាងកេរ្តិ៍ឈ្មោះជាបន្តបន្ទាប់រហូតដល់ក្លាយជាតារាចម្រៀងលេចធ្លោម្នាក់ក្នុងចំណោមកំពូលតារាចម្រៀងល្បីៗក្នុងប្រទេសកម្ពុជា។ ក្នងឆ្នាំ ២០១៥ នេះ អ្វីដែលធ្វើឲ្យកញ្ញា មាស សុខសោភា រឹតតែត្រូវបានគេចាប់អារម្មណ៍ខ្លាំងគឺដោយសារតែកញ្ញាជាសិល្បការិនីម្នាក់ដែលហ៊ានចេញមុខមកតវ៉ា ការពារព្រៃឈើរបស់កម្ពុជា ដោយ កញ្ញា បានប្តេជ្ញាផងដែរថានឹងដាំកូនឈើឲ្យបានចំនួន ១ ម៉ឺនដើម។ មិនតែប៉ុណ្ណោះកញ្ញាក៏ជាអ្នកដែលហ៊ានចេញមុខគាំទ្រលោកអាឡិច ដែលជាប្រធានចលនាមាតាធម្មជាតិតវ៉ាប្រឆាំងទៅនឹងការអភិវឌ្ឍវារីអគ្គិសនីនៅតំបន់អារ៉ែង។
សារពីកញ្ញា មាស សុខសោភា៖ «នាងខ្ញុំសូមសំណូមពរឲ្យមានការបញ្ឈប់អំពើហិង្សាលើស្ត្រី ហើយទទួលយកអ្វីដែលជាជម្រើសរបស់ស្ត្រី ជាពិសេសថ្ងៃ ៨ មីនានេះសូមឲ្យស្ត្រីទាំងអស់បញ្ចេញសកម្មភាព និងចលនានៅក្នុងការងារសង្គម និងនយោបាយ តស៊ូ រឹងមាំ ក្លាហានឡើង។ ស្ត្រីជាមាតាពិភពលោក»។
កញ្ញា ឃៀង សត្ថាបូរ៉ាម៉ាណា (អតីតអ្នកស្ម័គ្រចិត្តរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកជាបុគ្គលិកសិទ្ធិមនុស្សរបស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា)
កញ្ញា ឃាង សត្ថាបូរ៉ាម៉ាណា វ័យ ២២ ឆ្នាំ ជាអតីតអ្នកស្ម័គ្រចិត្តរបស់អង្គការសហប្រជាជាតិ និងជានិស្សិតអាហារូបករណ៍កំពុងសិក្សាថ្នាក់ អនុបណ្ឌិត នៅសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិក។ កញ្ញា ក៏ជាអតីតសិស្សអាហារូបករណ៍នៅវិទ្យាស្ថានភាសាបរទេស (IFL) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញផ្នែកភាសាអង់គ្លេស(បញ្ចប់ឆ្នាំ ២០១២ និងសាកលវិទ្យាល័យកម្ពុជា (UC) ផ្នែកទំនាក់ទំនងអន្តរជាតិ (បញ្ចប់ឆ្នាំ ២០១៣ )។
សាររបស់សត្ថាបូរ៉ាម៉ាណា៖ «សូមកុំមានការភ័យខ្លាច ដោយពាក្យគេនិយាយថា ស្ត្រីដែលនៅជាមួយសៀវភៅ គឺជាមនុស្សដែលគួរឲ្យខ្លាចបំផុត។ ត្រង់នេះខ្ញុំចង់និយាយថា ស្ត្រីទាំងឡាយកុំមានការភ័យខ្លាចក្នុងការសិក្សាឲ្យបានខ្ពង់ខ្ពស់ពីព្រោះការសិក្សាផ្តល់អ្វីៗគ្រប់យ៉ាងដល់អ្នក គ្រួសារអ្នក សហគមន៍របស់អ្នក និងប្រទេសជាតិរបស់អ្នក។ ដើម្បីពង្រឹងពិភពលោកដំបូងអ្នកត្រូវពង្រឹងខ្លួនអ្នកជាមុនសិន។ ស្ត្រីទាំងអស់សូមបន្តការសិក្សាឲ្យបានខ្ពង់ខ្ពស់ មុជចូលឲ្យជ្រៅទៅក្នុងសហគ្រាសសង្គម ចូលរួមក្នុងវិស័យសង្គមនយោបាយ ហើយធ្វើឲ្យសំឡេងរបស់អ្នកត្រូវបានគេឮ។ សម្រាប់សង្គមមួយដើម្បីឈានដល់សក្តានុពលរបស់ខ្លួនឥឡូវនេះវាត្រូវការវត្តមានរបស់ស្ត្រីឲ្យស្មើនឹងបុរសអ៊ីចឹងដែរ»។
កញ្ញា ស៊ន សៀវម៉ី (កីឡាការិនីតេក្វាន់ដូ ម្ចាស់មេដាយមាសអាស៊ីហ្គេម ២០១៤)
យុវតីស៊ន សៀវម៉ី ត្រូវបានប្រជាជនខ្មែរជាច្រើនស្គាល់រូបនាងដោយសារតែនាងបាននាំយកនូវកិត្តិយសមួយយ៉ាងធំដល់ប្រទេសកម្ពុជាតាមរយៈជ័យជម្នះប្រដាល់ក្បាច់តេក្វាន់ដូក្រោមទម្ងន់ ៧៣ គីឡូក្រាមរបស់ខ្លួនដោយបាននាំមកនូវមេដាយមាសមកឲ្យប្រទេសកម្ពុជានៅក្នុងព្រឹត្តិការណ៍កីឡាទ្វីបអាស៊ី Asian Games លើកទី ១៧ នៅទីក្រុង Incheon ប្រទេសកូរ៉េខាងត្បូងកាលពីខែតុលា ឆ្នាំ ២០១៤ កន្លងទៅ ខណៈដែលប្រទេសកម្ពុជាមិនដែលទទួលបានមេដាយមាសម្តងណាឡើយក្នុងរយៈពេល ៦០ ឆ្នាំចុងក្រោយនេះ។
សាររបស់សៀវម៉ី៖ «ការចូលរួមរបស់ស្ត្រីក្នុងវិស័យកីឡាគឺជាកម្លាំងចលករមួយដ៏ធំក្នុងការអភិវឌ្ឍកីឡាជាតិ។ តាមលទ្ធផលកន្លងមកយើងឃើញថា ស្ត្រីខ្មែរជាអ្នកដណ្ដើមយកមេដាយជូនជាតិយ៉ាងច្រើន លើឆាកអន្តរជាតិ ជាក់ស្តែងកីឡាការិនីប៉េតង់ដណ្ដើមបានមេដាយពិភពលោក នាងខ្ញុំផ្ទាល់ បានមេដាយអាស៊ីលើកដំបូង ហើយក៏មានកីឡាការិនីចំបាប់ ក៏ទទួលបានមេដាយអាស៊ីឆ្នេរខ្សាច់លើកដំបូងផងដែរ»។
កញ្ញា ធី សុវណ្ណថា (សកម្មជនរបស់គណបក្សនយោបាយ)
ធី សុវណ្ណថា ជាយុវតីម្នាក់ដែលបានចូលរួមយ៉ាងសកម្មក្នុងរឿងនយោបាយនៅប្រទេសកម្ពុជាពិសេសក្នុងអំឡុងពេលឃោសនាបោះឆ្នោត និងក្នុងមហាបាតុកម្មតវ៉ាលទ្ធផលបោះឆ្នោតរបស់គណបក្សប្រឆាំងនៅក្រោយការបោះឆ្នោតឆ្នាំ ២០១៣ កន្លងទៅ។ កញ្ញាក៏ជាមនុស្សម្នាក់ដែលតែងតែចែករំលែកព័ត៌មានផ្សេងៗដែលកើតឡើងក្នុងសង្គមតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក។ ក្រៅពីនេះកញ្ញាក៏បានធ្វើការងារមនុស្សធម៌យ៉ាងសកម្មផងដែរ។
សាររបស់ ធី សុវណ្ណថា៖ «បើចង់ឲ្យស្ត្រីមានសិទ្ធិស្មើបុរសគឺត្រូវឲ្យស្ត្រីមានអំណាចស្មើបុរស។ បច្ចុប្បន្នរាជរដ្ឋាភិបាលចេញគោលនយោបាយ និងផ្សព្វផ្សាយជាច្រើនពីនារី តែចំពោះខ្ញុំជានារី និងបានធ្វើកិច្ចការជាច្រើនជាមួយនារី ខ្ញុំយល់ថា សិទ្ធិនារីមាននៅតែលើក្រដាសតែប៉ុណ្ណោះ។ ដោយសារតែខ្ញុំសង្កេតឃើញថា ស្ត្រីធ្វើការជាមន្ត្រីរាជការនៅមានចំនួនតិច ពិសេសនៅក្នុងស្ថាប័នប៉ូលិសដែលជាស្ថាប័នដោះស្រាយទំនាស់តាមមូលដ្ឋានភាគច្រើនទំនាស់ក្នុងគ្រួសារ និងការរំលោភបំពានលើសិទ្ធិស្ត្រីច្រើនកើតចេញពីបុរស។ បុរសតាមមូលដ្ឋានភាគច្រើនស្គាល់គ្នា និងដើរស៊ីផឹកជាមួយគ្នាពេលដែលមានទំនាស់ តែងតែការពារខាងបុរស និងរាល់ការប្រើអំពើហិង្សា និងរំលោភបំពានផ្សេងៗ ស្ត្រីពិបាកបកស្រាយជាមួយប៉ូលិសប្រុស និងភាគច្រើនតែងតែទៅប្តឹងអង្គការសង្គមស៊ីវិលដែលមានបុគ្គលិកស្រីច្រើន។ រាជរដ្ឋាភិបាលគួរតែទទួលស្គាល់កំហុសរបស់ខ្លួន និងរៀនសូត្រឲ្យបានច្រើនពីអង្គការសង្គមស៊ីវិល។ ខ្ញុំចង់ឲ្យស្ត្រីមានសិទ្ធិស្មើបុរស គឺត្រូវឲ្យស្ត្រីមានអំណាចស្មើបុរស(មន្ត្រីរាជការត្រូវមានបុរស ៥០ ភាគរយ ស្ត្រី ៥០ ភាគរយ)»។
កញ្ញា អ៊ុយ ស្រីនិច (អ្នកសារព័ត៌មានប្រជាពលរដ្ឋ Citizen journalist)
Dany Koun Khmer គឺជាទំព័រហ្វេសប៊ុកដែលបានផ្សាយនូវព័ត៌មាននានាដែលជាភាពអវិជ្ជមាននៅក្នុងសង្គម។ ម្ចាស់គេហទំព័រនេះគឺកញ្ញា អ៊ុយ ស្រីនិច ដែលជាអ្នកសារព័ត៌មានសហគមន៍។ ដូចគ្នានឹងកញ្ញា ធី សុវណ្ណថាដែរ ស្រីនិច ក៏បានធ្វើការងារមនុស្សធម៌ជួយដល់សង្គមជាច្រើនផងដែរ។
សាររបស់ស្រីនិច៖ «ថ្ងៃ ៨ មីនាជាថ្ងៃទិវាសិទ្ធិនារីអន្តរជាតិគ្មានការបៀតបៀនលើសិទ្ធិស្ត្រី ស្ត្រីជាមាតាពិភពលោក ស្ត្រី និងបុរសមានសិទ្ធិស្មើរគ្នា មានសិទ្ធិចូលរួមក្នុងកិច្ចការសង្គមមានសិទ្ធិចូលរួមក្នុងការបញ្ចេញមតិ ស្ត្រីគឺជាកម្លាំងមួយនៃការចូលរួមផ្លាស់ប្តូរសង្គមជាតិ សូមចូលរួមឲ្យតម្លៃ និងគោរពសិទ្ធិស្ត្រីទាំងអស់គ្នា»។
កញ្ញា ដែក ដារី (សហគ្រិន)
កញ្ញា ដែក ដារី ជាអតីតនិស្សិតអាហារូបករណ៍ Full Bright និងជាគ្រូបណ្ដុះបណ្ដាលនៅវិទ្យាស្ថានសារគមនាគមន៍កម្ពុជាហើយក៏ជាស្ត្រីខ្មែរវ័យក្មេងដែលមានសកម្មភាពសង្គមដ៏សកម្មម្នាក់ផងដែរ។ បច្ចុប្បន្នកញ្ញាគឺជានាយកប្រតិបត្តិក្រុមហ៊ុន 360 ads & events ។
សាររបស់កញ្ញាដែក ដារី៖ «ការស្វែងរកបុរសល្អម្នាក់ដើម្បីផ្គត់ផ្គង់ដល់គ្រួសារហើយធ្វើឲ្យជីវិតរបស់អ្នកប្រសើរឡើងគឺហាក់បីដូចជាសុបិនក្លាយជាការពិតអ៊ីចឹងសម្រាប់ស្ត្រីជាច្រើន ក៏ប៉ុន្តែវានឹងរឹតតែប្រសើរឡើងទៅទៀត ប្រសិនបើអ្នកអាចចេញទៅខាងក្រៅហើយធ្វើអ្វីដែលអ្នកចង់ធ្វើដោយខ្លួនឯងជាជាងការដែលរង់ចាំស្វាមីរបស់អ្នកមកញុំាបាយនៅផ្ទះជារៀងរាល់ថ្ងៃ។ ដំបូន្មានរបស់ខ្ញុំសម្រាប់ស្ត្រីវ័យក្មេងទាំងឡាយ គឺថាអ្នកគួរតែចេញទៅក្រៅហើយកសាងសុបិនរបស់អ្នកដោយខ្លួនឯង។ អ្នកមិនគួរផ្ញើរ ឬពឹងផ្អែកសុភមង្គលរបស់អ្នកទៅលើអ្នកដទៃឡើយ។ នេះគឺជាជីវិតរបស់អ្នក ជាសុបិនរបស់អ្នក ហើយក៏ជាទំនួលខុសត្រូវរបស់អ្នកដោយផ្ទាល់»៕
សុង គីមសួរ និង ស៊ុន សុឃេន