អានអត្ថបទខាងក្រោមធ្វើអោយយើងភ្ញាក់ព្រើតពេលអ្នកមានកាន់តែមានដោយសារពួកគេអាចចំរាញ់យកកំរៃពីប្រជាជនដែលចំនួនកាន់តែច្រើនឡើង។ ធនធានធម្មជាតិនឹងត្រូវចំរាញ់យកគ្មានត្រាប្រណីដោយបចេ្ចកទេសទំនើប ធ្វើអោយអ្នកមានទ្រព្យ កាន់តែជិះសេះលែងដៃ បើយើងគ្មានបទប្បញ្ញត្តិក្នុងការទប់ស្កាត់ទេ។ កម្ពុជាមិនអាចទ្រាំមើលអ្នកមាននិងនាយទុនជិះសេះ លែងដៃក្នុងការកេញចំណេញនិងលក់សម្បត្តិធម្មជាតិដើម្បីប្រយោជន៍និងបក្សពួកតាមតែអំពើចិត្តបានឡើយ។
ប្រធានក្រុមហ៊ុន CP នៅតែជាមហាសេដ្ឋីលេខ ១
ក្រុងបាងកកៈ យោងតាមទស្សនាវដ្តី Forbes ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីថៃនៅតែកើនឡើងដដែល ទោះជាសេដ្ឋកិច្ចមិនសូវល្អក៏ដោយ។
លោក Dhanin Chearavanont ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Charoen Pokphand Group នៅតែបន្តភាពនាំមុខរបស់លោកក្នុងបញ្ជីឈ្មោះមហាសេដ្ឋីចំនួន ១៦ នាក់នៅប្រទេសថៃ នៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោកប្រចាំ ឆ្នាំ២០១៥ របស់ទស្សនាវដ្តីមួយនេះ។ ចំនួនមហាសេដ្ឋីរបស់ប្រទេសនេះកើនឡើងធៀបនឹងចំនួនមហាសេដ្ឋីត្រឹមតែ ១១ នាក់ប៉ុណ្ណោះកាលពីឆ្នាំមុន។
លោក Dhanin ជាប់ចំណាត់ថ្នាក់ ទី៨១ នៅក្នុងចំណាត់ថ្នាក់ពិភពលោក ធៀបនឹងចំណាត់ថ្នាក់ ទី៩៧ កាលពីឆ្នាំមុន ដោយលោកបានបង្កើនទ្រព្យសម្បត្តិរបស់លោកបន្ថែមចំនួន ២,២ ពាន់លានដុល្លារអាមេរិក និងមានទ្រព្យសម្បត្តិសរុបចំនួន ១៣,៦ ពាន់លានដុល្លារ ធៀបនឹងចំនួន ១១,៤ ពាន់លានដុល្លារកាលពី ឆ្នាំ២០១៤។
ភាគហ៊ុនរបស់ក្រុមហ៊ុនដែលមានតម្លៃច្រើនជាងគេរបស់លោកគឺក្រុមហ៊ុនធានារ៉ាប់រងរបស់ចិនឈ្មោះថា Ping An ដែលលោកបានទិញនៅ ឆ្នាំ២០១៣ បានកើនឡើង ៤០ ភាគរយ បន្ទាប់ពីទទួលបានប្រាក់ចំណូលប្រចាំត្រីមាសជិតពីរដងដោយសារលទ្ធផលការងារល្អនៅក្រុមហ៊ុនបុត្រសម្ព័ន្ធជាធនាគាររបស់ក្រុមហ៊ុននេះ។ ភាគហ៊ុនក្រុមហ៊ុន True Corporation របស់លោកបានកើនឡើងជាងពីរដងគិតចាប់តាំងពីក្រុមហ៊ុន China Mobile បានទិញយកភាគហ៊ុនចំនួន ១៨ ភាគរយក្នុងតម្លៃ ៨៨០ លានដុល្លារកាលពី ខែមិថុនា ឆ្នាំមុន។ នៅ ឆ្នាំ២០១៥ នេះ លោកបានចាប់ផ្តើមចាប់ដៃគូជាមួយនឹងក្រុមហ៊ុនពាណិជ្ជកម្មជប៉ុនមួយឈ្មោះថា Itochu ដើម្បីទិញយកភាគហ៊ុនចំនួន ២០ ភាគរយក្នុងក្រុមហ៊ុន China International Trust and Investment Corporation ក្នុងតម្លៃ ១០,២ ពាន់លានដុល្លារ។
ទ្រព្យសម្បត្តិសុទ្ធរបស់លោករាប់បញ្ចូលទាំងភាគហ៊ុនដែលលោកកាន់កាប់រួមគ្នាជាមួយនឹងបងប្អូនប្រុសទាំងបីរបស់លោក គឺលោក Jaran Chiaravanont លោក Montri Jiaravanont និងលោក Sumet Jiaravanont ។ បងប្អូនជីដូនមួយរបស់លោកគឺលោក Kiat Chiaravanont ក៏ជាមហាសេដ្ឋីផងដែរ។
បន្ទាប់មកអ្នកដែលដេញតាមយ៉ាងប្រកៀកប្រកិតនោះ គឺមហាសេដ្ឋីផ្នែកឧស្សាហកម្មស្រាលោក Charoen Sirivadhanabhakdi ដោយទ្រព្យសម្បត្តិបានកើនឡើងចំនួន ៤,២ ពាន់លានដុល្លារថែមទៀតដោយកើនដល់ ១៣,២ ពាន់លានដុល្លារ។ លោក Krit Ratanarak ដែលមហាសេដ្ឋីផ្នែកប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងអចលនទ្រព្យ បានក្លាយជាអ្នកមានទ្រព្យសម្បត្តិច្រើនជាងគេទីបី បន្ទាប់ពីភាគហ៊ុនរបស់លោកក្នុងធនាគារ Bank of Ayudhya ដែលលោកកាន់កាប់ភាគហ៊ុនភាគតិចក្នុងធនាគារនេះបានកើនឡើងទ្វេដងកាលពីឆ្នាំមុន។
លោក Krit បានវ៉ាដាច់មហាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនជាងគេទីបីរបស់ថៃកាលពីឆ្នាំមុន គឺលោក Vanich Chaiyawan ប្រធានក្រុមហ៊ុន Thai Life ដែលទ្រព្យសម្បត្តិសុទ្ធរបស់លោកបានកើនឡើងតិចតួចដល់ ៣,៧ ពាន់លានដុល្លារ។
ដោយបានចូលរួមជាមួយនឹងបងប្រុសរបស់លោកស្រីនៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោកជាលើកដំបូងដែរនោះ លោកស្រី Sudthida Ratanarak ប្អូនស្រីមិនសូវមានឈ្មោះល្បីរបស់លោក Krit គឺជាអ្នកមានទ្រព្យសម្បត្តិច្រើនជាងគេ ទី១០ នៅប្រទេសនេះក្នុងឆ្នាំនេះ ដោយមានទ្រព្យសម្បត្តិសុទ្ធចំនួន ១,៧ ពាន់លានដុល្លារ។
បើទោះជាចំណាត់ថ្នាក់របស់លោកបានធ្លាក់ចុះក៏ដោយ ក៏លោក Thaksin Shinawatra នាយករដ្ឋមន្ត្រីថៃបណ្តេញចេញពីតំណែង នៅតែបន្តសកម្មភាពបង្កើនទ្រព្យសម្បត្តិរបស់លោកដដែល។ ទ្រព្យសម្បត្តិសុទ្ធរបស់លោក Thaksin បានកើនឡើងដល់ចំនួន ១,៧ ពាន់លានដុល្លារធៀបនឹងចំនួន ១,៦ ពាន់លានដុល្លារកាលពីឆ្នាំមុន។
សេដ្ឋកិច្ចរបស់ពិភពលោកមិនសូវមានស្ថិរភាពនោះទេ ប៉ុន្តែទ្រព្យសម្បត្តិសុទ្ធរបស់ក្រុមមហាសេដ្ឋីបានបង្ហាញពីនិន្នាការកើនឡើងដោយមានមហាសេដ្ឋីសរុបចំនួន ១៨២៦ នាក់ដែលត្រូវបានគេស្រង់ចូលក្នុងបញ្ជីរបស់ទស្សនាវដ្តីមួយនេះ ពោលគឺកើនឡើងធៀបនឹងចំនួនមហាសេដ្ឋី ១៦៤៥ នាក់កាលពីឆ្នាំមុន៕