Reading this article is to enrich your critical thinking. The theory author articulated here is not generally relevant but it is a foundation of strategic framework for Cambodia.
Op-Ed: Phnom Penh Post in Khmer
ថ្នាំកែរោគប្រជាធិបតេយ្យ
ជាទូទៅក្រុមនិស្សិតបញ្ញវន្តត្រូវបានគេចាត់ទុកថា ជា «ក្រុមស្អីក៏ប្រឆាំង»។ គេប្រឆាំងគ្រប់របបទាំងអស់នៅក្នុងសង្គម។ ក៏ប៉ុន្តែកម្លាំងយុវជនតែមួយមុខមិនអាចធ្វើឲ្យរបបនយោបាយផ្លាស់ប្តូរឬដួលរលំបានទេ។ វាជាការចាំបាច់ដែលត្រូវមានការជួយពីចលនាមហាជន គណបក្ស និងក្រុមយោធា។
ជាក់ស្តែងដូចជាចលនាបាតុកម្មនិស្សិតនៅ មីយ៉ាន់ម៉ា (Generation 88) ឆ្នាំ១៩៨៨, ចលនាបាតុកម្មយុវជនចិននៅទីលានក្រហម (Tiananmen Square) ឆ្នាំ១៩៨៩ ចលនាបាតុកម្មនិស្សិតខ្មែរ (Youth For Democracy Movement) នៅ ឆ្នាំ១៩៩៨, បាតុកម្មចលនាឆត្រនិស្សិត (Umbrella Movement) នៅហុងកុង ឆ្នាំ២០១៤ និងចលនាផ្កាព្រះអាទិត្យនិស្សិត (Sunflower Movement) នៅតៃវ៉ាន់ ឆ្នាំ២០១៤ ជាដើម។
កំហុសឆ្គងដ៏ធំមួយរបស់ជនប្រជាធិបតេយ្យជ្រុលនិយមគឺជាការយល់ច្រឡំថា ការកាត់ក្បាលម៉ាស៊ីនរបបចាស់ចោលហើយដាក់ក្បាលម៉ាស៊ីនរបបថ្មីជំនួសគឺជាការស្រេច។ តែប្រវត្តិសាស្ត្រជាក់ស្តែងបានបង្ហាញថា រឿងមិនសាមញ្ញយ៉ាងនេះពេកនោះទេ។
ឧទាហរណ៍ អាមេរិកទម្លាក់សម្តេចសីហនុ ដាក់សេនាប្រមុខ លន់ នល់ ទីបំផុតអូសកម្ពុជាចូលក្នុងសង្គ្រាមតស៊ូអំណាចឡើងម៉ដ្ឋប្រទេសមួយ រីឯមជ្ឈិមបូព៌ាវិញក្នុងបដិវត្តន៍អារ៉ាប់នារដូវផ្តារីក (Arab Spring) ខែធ្នូ ឆ្នាំ២០១០ រហូតមកទល់ពេលនេះ ឆ្នាំ២០១៥ យ៉ាងហោចមានប្រទេសចំនួន ២១ ដូចជា ទុយនីស៊ី អេហ្ស៊ីប លីប៊ី យេម៉ែន បារ៉ែន ស៊ីរី អាល់ហ្សេរី អ៊ីរ៉ាក់ ហ្ស៊កដានី កូវ៉ែត ម៉ារ៉ុក អ៊ីស្រាអែល ស៊ូដង់ ម៉ូរីស អូម៉ង់ អារ៉ាប់ខាងត្បូង ឌីបូទីសាហារ៉ាខាងលិច ប៉ាឡេស្ទីន ម៉ាលី និងអាហ្វ្រិកខាងជើងជាដើម ក្នុងនោះមាន ៦ ប្រទេសខាងដើមបានផ្ទុះដែលទីបំផុតបានក្លាយជាបដិវត្តន៍អារ៉ាប់នារដូវរងា (Arab Winter) ទី១ ដោយសារតែឆ្លងចូលរដូវរងា តែ ទី២ គឺប្រទេសត្រូវខ្ទេចខ្ទីថ្វីដ្បិតតែមេដឹកនាំផ្តាច់ការធ្លាក់ពីអំណាចតែមិនព្រមចាញ់ ហើយបង្កជាសង្គ្រាមស៊ីវិលអូសប្រទេសថយក្រោយ ១៥ ទៅ ២០ឆ្នាំ។ ឧទាហរណ៍ថ្មីៗ ដូចជាអាមេរិកកាត់ក្បាល សាដាម ហ៊ូសេន នៅអ៊ីរ៉ាក់ ឆ្នាំ២០០៣ ទីបំផុត ១០ ឆ្នាំក្រោយ នៅ ឆ្នាំ២០១៣ ទីក្រុងបាកដាដ នៅតែជាទីក្រុងខ្មោចដូចគ្នានឹងទីក្រុងដាម៉ាស នៃប្រទេសស៊ីរី បច្ចុប្បន្ននេះដែរ។
ក្រោយពីការដួលរលំអង្គរសង្គ្រាមផ្ទៃក្នុងនៃនគរខ្មែរ និងការបែកបាក់ក្នុងរយៈពេលជាង ៦០០ ឆ្នាំកន្លងមក ជាលទ្ធផលបានធ្វើឲ្យកម្ពុជាសល់ដីប៉ុនសម្បកក្តាមជាតិសាសន៍ខ្មែរស្ទើរផុតពូជ។ អ្នកណាក៏ចង់បានល្អដែរ តែអ្វីៗវាជាច្បាប់នយោបាយដែលត្រូវការពេលវេលានិងមាគ៌ាត្រឹមត្រូវដោយ «ធ្វើម្តងមួយជំហានៗ»។ ដូចពាក្យថា «គេមិនអាចសង់ទីក្រុងអង្គរ ទីក្រុងប៉ារីស ដ៏ស្អាតអស្ចារ្យក្នុងរយៈពេលមួយយប់បានទេ»។ ឲ្យតែមាគ៌ាត្រឹមត្រូវចំណាយពេលវេលាយូរបន្តិចក៏មិនជាបញ្ហាដែរ។ «គ្រប់ផ្លូវសុទ្ធតែអាចធ្វើដំណើរទៅដល់ទីក្រុងរ៉ូមទាំងអស់»។
ដូចនេះបើផ្អែកតាមបទពិសោធនៃប្រជាធិបតេយ្យនីយកម្មក្នុងប្រវត្តិសាស្ត្រនយោបាយរបស់មនុស្សជាតិក្នុងរយៈពេលកន្លះសតវត្សរ៍ក្រោយសង្គ្រាមលោកលើក ទី២ នេះ តើអ្វីទៅជាមាគ៌ាដើម្បីសាងប្រជាធិបតេយ្យឬជាថ្នាំសម្រាប់កែរោគប្រជាធិបតេយ្យសម្រាប់កម្ពុជា? ជាទូទៅមានមាគ៌ាធំបីសម្រាប់ធ្វើប្រជាធិបតេយ្យនីយកម្មដោយការបោះឆ្នោតនៅតែជាបេះដូងនៃមាគ៌ាទាំងបីនេះ។
មាគ៌ា ទី១. គឺការធ្វើកំណែទម្រង់ប្រព័ន្ធអំណាចផ្តាច់ការ ក.ដាក់មនុស្សក្នុងតួនាទី ដែលមានអំណាចផ្លាស់ប្តូរនិងអំណាចសម្រេចចិត្តដូចជាក្នុងរដ្ឋាភិបាលបក្សនិងយោធាជាដើម ខ.រក្សាចលនាពីរជំហានទៅមុខមួយជំហានថយក្រោយតាមរយៈការធ្វើឲ្យមានអនីត្យានុកូលភាពនៃរដ្ឋាភិបាលមានន័យថា ធ្វើឲ្យរដ្ឋាភិបាលខ្វះភាពស្របច្បាប់ គ.ធ្វើការផ្លាស់ប្តូរមណ្ឌលឆ្នោតដើម្បីបំបែកការវាយប្រហារពីគណបក្សកាន់រដ្ឋាភិបាល ឃ.ជួយជំរុញក្រុមកំណែទម្រង់ខាងក្នុងរដ្ឋាភិបាលតាមរបៀបខ្ចីកាំបិតសម្លាប់មនុស្សឬយកដៃខ្មោចក្នុង ង.រក្សាសាមគ្គីផ្ទៃក្នុងប្រឆាំងក្រុមដែលចង់បំបែកផ្ទៃក្នុងអ្នកប្រជាធិបតេយ្យ ច.រក្សាការអត់ធ្មត់ ឆ.បង្ហាញចរន្តដែលអ្នកប្រជាធិបតេយ្យឡើងកាន់អំណាចដោយសន្តិភាពនិរន្តរភាពនិងគ្មានការគំរាមកំហែងឬប៉ះពាល់ផលប្រយោជន៍របស់ក្រុមកាន់អំណាច ជ.ធ្វើឲ្យការកសាងលទ្ធិប្រជាធិបតេយ្យគឺជារឿងដែលមានសារៈសំខាន់ចាំបាច់ខ្លាំងក្លាមែនទែនក្នុងគំនិតរបស់ប្រជាពលរដ្ឋខ្មែរភាគច្រើនបំផុត។
មាគ៌ា ទី២. គឺការផ្តួលរំលំរបបផ្តាច់ការតាមរយៈ ក.ដូចយើងដឹងហើយថាចំណុចខ្សោយជាងគេបំផុតរបស់របបផ្តាច់ការគឺភាពស្របច្បាប់នៃរដ្ឋាភិបាលឬរបបដូចនេះបើរបបលែងមានភាពស្របច្បាប់ ពលរដ្ឋចាប់ផ្តើមសួររកចម្លើយថ្មីថា អ្នកណាគួរមកកាន់អំណាចដោយស្របច្បាប់? ខ.ដូចគ្នានឹងអ្នកប្រជាធិបតេយ្យដែរគឺជនផ្តាច់ការតែងតែផ្តាច់ខ្លួនឯងចេញពីសម្ពាធអ្នកគាំទ្រលើសពីនេះគេចងក្រងពួកមេឈ្មួញមនុស្សឋានៈកណ្តាលមេសាសនា មេគណបក្សនយោបាយតូចៗ ក្រុមពួកអាជីពវិជ្ជាជីវៈ ដូចជាពេទ្យ វិស្វករអ្នកវិទ្យាសាស្ត្រជាដើមដើម្បីទាក់ទាញការគាំទ្រពីពលរដ្ឋធម្មតាចំណុចនេះត្រូវមើលថា តើអ្នកណាឆ្លាតជាងអាចយកចិត្តក្រុមពួកបញ្ញវន្តបាន? គ.ជាទូទៅរបបមួយចុងក្រោយអាចដួលរលំឬអត់ គឺវាអាស្រ័យលើពួកឧត្តមសេនីយ៍ ដូចនេះត្រូវប្រើប្រាស់នូវទំនាក់ទំនងតាមស្ថាប័នដែលមានស្រាប់ ដើម្បីស្ទាបចិត្តឧត្តមសេនីយ៍និងយកបេះដូងកងទ័ពឲ្យបាន។
ចំណុចនេះហើយដែលគណបក្សកាន់អំណាចតែងតែដំឡើងឋានៈបុណ្យស័ក្តិផ្តាយឲ្យពួកឧត្តមសេនីយ៍ ដើម្បីទិញទឹកចិត្តភក្តីភាពតែមិនមែនឧត្តមសេនីយ៍ទាំងអស់សុទ្ធតែអាចទិញបានឯណាហើយម្យ៉ាងវិញទៀតចង់យកចិត្តទាហានត្រូវយកចិត្តគ្រួសារគេ។ ឃ.ធ្វើការបង្រៀននិងអនុវត្តនូវការប្រឆាំងបែបអហិង្សាឲ្យបាននៅក្នុងចំណោមពលរដ្ឋ។ ជាទូទៅកងទ័ពមិនស៊ីខ្សែនឹងក្រុមហិង្សាទេដូចនេះត្រូវយកឈ្នះលើភាពហិង្សាដោយអហិង្សានៅពេលពលរដ្ឋអ្នកគាំទ្រហ៊ានដើរចូលដោយសន្តិវិធីឲ្យទាហានបាញ់ហើយគឺរបបនោះច្បាស់ជារលំមិនខាន។ ង.ចាប់យកឱកាសគ្រប់ទីកន្លែង បើគ្មានឱកាសបង្កើតឱកាសដើម្បីបង្ហាញផ្សព្វផ្សាយពីគំនិតប្រឆាំងការផ្លាស់ប្តូរ និងជម្រើសថ្មីពេលខ្លះបើទោះត្រូវចូលក្នុងរូងខ្លាក៏ត្រូវចូលដែរ។ ចំណាយពេលច្រើនជាមួយអ្នកដែលមិនគាំទ្រយើង។ ច. បង្កើតទំនាក់ទំនងជាមួយសារព័ត៌មានក្នុងតំបន់ និងក្នុងពិភពលោកដើម្បីវាយយកសមរភូមិការទូតតំបន់ និងកម្រិតអន្តរជាតិ។ វាយជិតមិនបានវាយឆ្ងាយ។ យកសមរភូមិឆ្ងាយមកបង្ក្រាបជិត។ ឆ.លើកកម្ពស់ការឯកភាពគ្នានៅក្នុងចំណោមក្រុមប្រឆាំង។ វាជារឿងដែលលំបាកតែត្រូវយកឈ្នះឲ្យបាន។ បើមិនឈ្នះខ្លួនឯងម៉េចអាចនឹងឈ្នះចិត្តរាស្ត្របាន។ មេដឹកនាំដែលអស្ចារ្យគឺមេដឹកនាំដែលអាចចងក្រងនិងគ្រប់គ្រងមនុស្សគ្រប់ប្រភេទ។ ជ.នៅពេលរបបផ្តាច់ការដួលរលំត្រូវត្រៀមខ្លួនរៀបចំឲ្យហើយដើម្បីបំពេញនៅចន្លោះប្រហោងនៃអំណាចដែលបានបាត់បង់។ អាចធ្វើតាមរយៈការស្វែងរកការគាំទ្រពីមហាជន, ប្រជាប្រិយភាពមេដឹកនាំ, បណ្តាញអ្នកប្រជាធិបតេយ្យ, កំណត់ការបោះឆ្នោតជាក់លាក់ដើម្បីបង្កើតភាពស្របច្បាប់ឲ្យរដ្ឋាភិបាលថ្មី, កសាងនូវភាពស្របច្បាប់ក្នុងចំណោមសហគមន៍អន្តរជាតិជាដើម។
រីឯមាគ៌ា ទី៣. គឺការចរចាដើម្បីប្តូរប្រព័ន្ធនយោបាយផ្តាច់ការ ពីអ្នកធ្វើកំណែទម្រង់ប្រជាធិបតេយ្យក្នុងរដ្ឋាភិបាល។ នៅពេលក្រុមប្រឆាំងមានយុទ្ធសាស្ត្ររបស់ខ្លួន ពួកកំណែទម្រង់ក្នុងរដ្ឋាភិបាលក៏មានវិធីរបស់គេដែរ។ ក.គេនឹងធ្វើការផ្តាច់ចេញឲ្យនៅតែឯងនិងធ្វើឲ្យខ្សោយនូវក្រុមសើរើនិយមក្នុងរដ្ឋាភិបាលហើយប្រមូលផ្តុំកម្លាំងយកទៅបុកពួកប្រឆាំងសិន។ ខ.គេនឹងរឹតឲ្យណែនលែងឲ្យធូរគឺតឹងៗណាស់ តែធូរក៏ធូរណាស់ដែរ របស់ដែលឲ្យងាយបែរជាធ្វើឲ្យតឹងដល់ពេលត្រូវក៏ឲ្យលែងយ៉ាងធូរដើម្បីធ្វើឲ្យក្រុមសើរើនិយមក្នុងរដ្ឋាភិបាលនិងពួកប្រឆាំងភ្ញាក់ផ្អើលនិងមានការសង្ស័យគ្នា តែគេដាច់ខាតមិនធ្វើសម្បទានក្រោមសម្ពាធគណបក្សប្រឆាំងជាដាច់ខាត។ គ.គេនឹងគាំទ្រនូវគោលគំនិតចរចាដែលស្នើឡើងដោយក្រុមឧត្តមសេនីយ៍ ឬមន្ត្រីជាន់ខ្ពស់ដែលទទួលបន្ទុកផ្នែកសន្តិសុខដើម្បីបានជាលេសថា មិនមែនមិនចង់ឲ្យទេតែមន្ត្រីខ្ញុំគេមិនព្រម។ ឃ.គេនឹងធ្វើអ្វីដែលអាចធ្វើបានដើម្បីរក្សាលំនឹងរដ្ឋអំណាចនិងរាជការដើម្បីជាកម្លាំងក្នុងការចរចាជាមួយបក្សប្រឆាំង។ ង.គេនឹងបង្កើតផ្លូវក្រោយដើម្បីចរចាជាមួយក្រុមប្រឆាំងចំពោះរឿងសំខាន់ៗបង្កើតការសង្ស័យគ្នាក្នុងក្រុមប្រឆាំងនិងការនិន្ទាពីរាស្ត្រគាំទ្រ។ ច.នៅពេលការចរចាបានជោគជ័យគឺបក្សកាន់អំណាចក្លាយទៅជាអ្នកប្រឆាំងវិញម្តង។ ត្រូវការពារអំណាចបក្ខពួករបស់ខ្លួនបើត្រូវលះបង់ សុខចិត្តឲ្យបាត់តិច។
ចំណែកឯក្រុមប្រឆាំងវិញគ្រប់ពេលក្នុងពេលចរចាគ្នាបក្សប្រឆាំងវិញត្រូវ៖
ក. ត្រៀមខ្លួនដើម្បីបញ្ចេញកម្លាំងធ្វើបាតុកម្មដង្ហែក្បួនដើម្បីរក្សាជំនឿរបស់អ្នកគាំទ្រផងដើម្បីធ្វើឲ្យដៃគូចរចាទន់ខ្សោយផង ហើយក៏ឆ្កឹះឲ្យមានការព្រួយបារម្ភពីសំណាក់ពលរដ្ឋដែលមានជីវភាពមធ្យមពីច្បាប់ និងសណ្តាប់ធ្នាប់សង្គមដើម្បីបានការចូលរួមពីមហាជនកាន់តែច្រើន។ ខ.ត្រូវបង្ហាញពីភាពចាស់ទុំដល់ដៃគូចរចានិងពលរដ្ឋក្នុងនាមជាអ្នកដឹកនាំនិងក្រុមដែលត្រូវទៅដឹកនាំប្រទេសក្នុងពេលអនាគត។ គ.ត្រូវរៀបចំខ្លួនឲ្យរួចរាល់បន្ទាប់ពីធ្វើបាតុកម្មហើយនឹងមានការហៅគ្នាចរចាតើចរចារឿងអ្វី? ចង់បានអ្វី? អ្វីជាវត្ថុចរចា? អ្វីដែលត្រូវលះបង់ អ្វីដែលមិនអាចលះបង់បាន? ក្នុងករណីចាំបាច់ អាចលះបង់អ្វីក៏បានតែលើកលែងការបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌។ ជនផ្តាច់ការខ្លាចការបោះឆ្នោតត្រឹមត្រូវ។ ឃ.ចាំថាមុននឹងក្រោយអ្នកប្រឆាំងនឹងឈ្នះដូចនេះមិនត្រូវធ្វើសកម្មភាពណាមួយដែលធ្វើឲ្យការធ្វើដំណើរទៅដឹកនាំប្រទេសមានភាពស្មុគស្មាញចំពោះខ្លួនឯងឬចងជើងខ្លួនឯងនោះទេ។
ទាំងអ្នកប្រជាធិបតេយ្យក្នុងបក្សប្រឆាំងនិងក្នុងរដ្ឋាភិបាលត្រូវដឹងថា៖
ក. ចាំថាលក្ខខណ្ឌនយោបាយដែលអំណោយផលសម្រាប់ការចរចាផ្លាស់ប្តូរប្រព័ន្ធគឺមិនស្ថិតស្ថេរទេឬមិនមានគ្រប់ពេលនោះទេ។ ដូចនេះត្រូវចេះចាប់យកឱកាសឲ្យបានល្អទៅដោះស្រាយបញ្ហាសំខាន់ៗដែលជាចំណុចស្លាប់រស់ដល់ប្រជាធិបតេយ្យដូចជា ការបោះឆ្នោតជាដើម។ ខ.ចាំថាជីវិតនយោបាយរបស់អ្នកនិងដៃគូអ្នក គឺពឹងផ្អែកលើជោគជ័យក្នុងការចរចាដើម្បីផ្លាស់ប្តូរទៅកាន់ប្រជាធិបតេយ្យ។ គ. រក្សាការទាមទារដាច់ខាតហើយពេលខ្លះអាចពន្យារពេលចរចាឬគំរាមកំហែងដល់ចំណុចខ្សោយដែលជាប្រយោជន៍សំខាន់របស់ដៃគូចរចា។ ឃ. ចាំថាលទ្ធផលចរចា គឺជាលទ្ធផលជាជម្រើសតែមួយគត់។ អ្នកជ្រុលនិយមនិងអ្នកសើរើនិយមប្រាកដជាប្រកាសមិនព្រមទទួលស្គាល់លទ្ធផលចរចា ប៉ុន្តែពួកគេនឹងមិនអាចសម្រេចលទ្ធផលអ្វីឲ្យល្អជាងនេះបានទេ។ ចំណុចនេះត្រូវមើលថា តើក្រុមណាចេះពន្យល់ផ្សព្វផ្សាយបានល្អជាងដើម្បីរក្សាការគាំទ្ររបស់ខ្លួន។ ពេលចរចាព័ត៌មានគឺជាចំណុចស្លាប់រស់។ ច. ចំពោះរឿងណាដែលមិនច្បាស់ស្រពេចស្រពិលគឺសម្របសម្រួលគ្នាយកផ្លូវកណ្តាល។
មាគ៌ា ទី២ គឺគ្រោះថ្នាក់បំផុត។ លទ្ធផលអាក្រក់ ច្រើនជាងលទ្ធផលល្អ។ ពោលគឺជាជម្រើសចាញ់-ចាញ់ (Zero-Sum Game) ព្រោះអ្នកណាឈ្នះក៏ដោយក៏ជាតិរលាយពលរដ្ឋជាអ្នកចាញ់។ មាគ៌ា ទី១ អាចអនុវត្តទៅបានវាទាល់តែចូលធ្វើរដ្ឋាភិបាលជាដៃគូចម្រុះ ដូចកាល ១៩៩៣ រវាងក្រុម ហ៊្វុនស៊ិនប៉ិច និងគណបក្សប្រជាជន។ តែបញ្ហាពេលនោះគឺមេដឹកនាំហ៊្វុនស៊ិនប៉ិច អន់ខ្លាំងពេក។ មាគ៌ា ទី៣ គឺតែងតែកើតឡើងបន្ទាប់ពីការបោះឆ្នោតមានការជាប់គាំងបង្កើតជាការចរចាគ្នាលទ្ធផលគឺ ឈ្នះ-ឈ្នះ ទាំងអស់គ្នា (Positive-Sum Game)។ បក្សកាន់អំណាចក៏ឈ្នះបក្សប្រឆាំងក៏ឈ្នះរាស្ត្រក៏ឈ្នះ។
បក្សកាន់អំណាចឈ្នះព្រោះបានដឹកនាំរដ្ឋបន្ត។ បក្សប្រឆាំងឈ្នះ ព្រោះបានកែប្រែ គ.ជ.ប និងស្ថាប័នជាតិធំៗឲ្យប្រសើរឡើងសម្រាប់ការបោះឆ្នោតលើកក្រោយ។ រាស្ត្រទាំងអស់គ្នាឈ្នះព្រោះប្រទេសជាតិនៅតែមានសុខសន្តិភាព និងស្ថិរភាព។ សន្តិភាពជាស្តេចនៃការអភិវឌ្ឍ។ ថ្វីដ្បិតតែមួយជំហានថយក្រោយតែពីរជំហានបានបោះទៅមុខ។
មួយជំហានដែលសល់នេះហើយជាដំណើរការកសាងប្រជាធិបតេយ្យឬការធ្វើប្រជាធិបតេយ្យនីយកម្មដែលសមស្របបំផុតនៅកម្ពុជា។ ដាក់ថ្នាំខ្សោយពេកវាមិនជា។ ដាក់ថ្នាំខ្លាំងពេកវាប្រតិកម្មងាប់ប្រទេសមួយទាំងមូល៕
និស្សិតក្មេងវត្តកូនអ្នកស្រែ សូរ សមយុទ្ធ sosamyuth@gmail.com