Reading swearing words of ancient Khmer people through this article, I am astonished by its level of politically correctness. Descriptively, from earlier Funan period of first century to A.D.624 (called Funan or Phnom Kingdom), to Chenda kingdom and Angkor Kingdom respectively, the rhetoric of swearing inscribed at the end of the whole inscription writing maintained the same level “cursing to go to hell if one stole the worshiping statue or destroying such statue and this curse will remain the same whenever the sun and moon are still orbiting around this universe”. The way of cursing that ancient Khmers articulated is simple and non-provocative or humiliating or bullying textual. As ancient Khmers were dignified by their honesty, gratitude and respect of others, we don’t see much arrogant and pejorative mouthing from this study.
ពាក្យប្រទិចផ្តាសាក្នុងសង្គមខ្មែរនាសម័យបុរាណ
សញ្ញាណនៃបុណ្យ បាប ឋានសួគ៌ នរក សម្រាប់សាសនិកខ្មែរនាសម័យបុរេអង្គរ (ហ្វូ-ណន និងចេនឡា) និងអង្គរ ដែលជាបទបញ្ញាទខាងមនោគមវិទ្យាសាសនា បានដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គមខ្មែរ គ្រប់សម័យកាលទាំងអស់។ ការចាប់អារម្មណ៍របស់យើង គឺនៅខាងចុងអត្ថបទសិលាចារឹកបុរាណមួយចំនួនដែលយើងបានសិក្សាជាមួយលោក ក្លូត ហ្ស័ក និងអ្នកគ្រូពៅ សាវរស កន្លងមក មានចារពាក្យដាក់បណ្តាសានេះ។ អត្ថន័យនៃពាក្យទាំងនេះ បង្ហាញឲ្យយើងឃើញដល់វិស័យសីលធម៌ដ៏ខ្ពង់ខ្ពស់របស់មនុស្សខ្មែរ នាជំនាន់ដើម ក្រៅពីនោះ វាក៏ជាសក្ខីកម្មដល់និរន្តរភាពនៃទំនៀមទម្លាប់ប្រពៃណី ជំនឿសាសនារបស់ខ្មែរយ៉ាងប្រាកដ នៅតាមសម័យកាលវិវត្តនីមួយៗនៃប្រវត្តិសាស្ត្រ។
សូមបញ្ជាក់ថា ពាក្យដាក់បណ្តាសារទាំងនោះ ជាទូទៅត្រូវបានចារនៅផ្នែកខាងចុងនៃអត្ថបទសិលាចារឹក។ ក្នុងអត្ថបទដ៏ខ្លីនេះ យើងគ្រាន់តែសូមលើកយកអត្ថបទសិលាចារឹកពាក់ព័ន្ធទៅនឹងប្រពៃណីការប្រទេចបណ្តាសាខាងលើនេះ ចំនួនតែ៤ មកពិភាក្សាប៉ុណ្ណោះ។ នៅទីនេះ សិលាចារឹកទាំងនោះ ដែលយើងនឹងពិនិត្យខ្លឹមសារ ចែកចេញជាសម័យកាលដូចតទៅនេះ ៖ ១- សម័យអន្តរកាល រវាងនគរភ្នំ និង ចេនឡា ២- សម័យចេនឡា និង ៣- សម័យអង្គរ។
សូមជម្រាបថា បើនិយាយដល់សម័យហ្វូ-ណន ឬនគរភ្នំ ពីស.វទី១ ដល់ឆ្នាំ ៦២៤នៃគ.ស. (កាលប្បប្រវត្តិចិន) យើងអាចកត់សម្គាល់ថា យើងពុំឃើញអត្ថបទជាលាយលក្ខណ៍អក្សរស្តីពីពាក្យបណ្តាសានេះទេ ទោះបីជាពាក្យនេះមានប្រភពចេញពីប្រទេសឥណ្ឌា ហើយបានហូរចូលហ្វូ-ណន តាមរយៈការផ្សព្វផ្សាយនៃលទ្ធិសាសនាធំៗទាំងពីរ គឺព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនាក៏ដោយ។ ក៏ប៉ុន្តែ បើយើងយោងតាមសិលាចារឹក ដែលមានការចុះកាលបរិច្ឆេទ ក្រោយនេះបន្តិច ពោលគឺ សម័យអន្តរកាលរវាងនគរភ្នំ និងចេនឡា យើងអាចនិយាយយ៉ាងត្រឹមត្រូវថា ប្រពៃណីប្រើពាក្យដាក់បណ្តាសា ពិតជាកេរ្តិ៍ដំណែលវប្បធម៌មកពីសម័យហ្វូ-ណន ឬនគរភ្នំយ៉ាងប្រាកដ។
ឧទាហរណ៍ជាក់ស្តែង នៅក្នុងអត្ថបទភាសាខ្មែរ សិលាចារឹក K 44 ដែលយើងនឹងពិនិត្យនៅពេលបន្តិចទៀត យើងដឹងថា សិលាចារឹកនេះត្រូវបានចារឡើងនៅឆ្នាំ ៥៩៦ ត្រូវនិងឆ្នាំ ៦៧៤នៃគ.ស. ក្នុងរាជ្យរបស់ព្រះបាទជ័យវរ្ម័នទី១ ក៏មែនពិត។ ក៏ប៉ុន្តែ សំណេរថ្មីនេះ បាននិយាយដល់អំណោយបុណ្យពីមន្ត្រីជាន់ខ្ពស់ពីររូបនាកាលពីរាជ្យរបស់ព្រះបាទរុទ្រវរ្ម័ន (នៅទ្រវម៌) ដែលជាអធិរាជនៃចក្រភពហ្វូ-ណន រវាង ៥១៤ និង ៥៤៥នៃគ.ស.។
១- ពាក្យដាក់បណ្តាសានាសម័យបុរេអង្គរ
ចារនៅចុងស.វទី៧ សិលាចារឹក K.44 ដែលត្រូវបានរកឃើញ ដោយលោក អាដឺម៉ារ ឡឺក្លែរ នៅចុងស.វទី១៩ នៅក្នុងគុហាមួយឈ្មោះថា ព្រះគុហាហ្លួង នៅខេត្តកំពតបច្ចុប្បន្ន ដែលពីដើមជាខេត្តឧបសម្ព័ន្ធរបស់ខេត្តតាកែវ ដែលនៅទីនោះមានទីតាំងនៃព្រះរាជធានីវ្យាធបុរៈ ឬអង្គរបុរី។
ការផ្តាមយកសំណៅនៃសិលាចារឹកនេះ ហើយសិក្សាបកប្រែឡើងវិញនៅពេលថ្មីៗនេះ ដោយលោក វង់ សុធារ៉ា នៅឆ្នាំ ២០០៣, សិលាចារឹកនៃប្រទេសកម្ពុជា សម័យមុនអង្គរ បានបញ្ជាក់នៅភាគខាងចុង នៃផ្ទាំងសិលាចារឹកថា “បើអ្នកណាចាប់យកនូវទ្រព្យសម្បត្តិជាអំណោយបុណ្យទាំងអស់របស់ព្រះ (ឥសូរ) ឧត្បន្នេស្វរៈ នោះនឹងធ្លាក់ក្នុងសកឈ្មោះអន្ធតាមិស្រៈ (នរកងងឹតឈឹង) ដរាបណាមានព្រះអាទិត្យ ព្រះច័ន្ទ និងដួងតារានៅឡើយ” (Cf. វង់ សុធារ៉ា, ២០០៣ ទំព័រ ១៤៥)។
ក្រោយនេះបន្តិច រវាងពាក់កណ្តាលស.វទី៧ និងចុងស.វទី៧ យើងក៏បានរកឃើញនូវថ្មកិនថ្នាំមួយ នៅភូមិព្រែកទោល ឃុំផ្ទោល ស្រុកអង្គរបុរី ដែលជាកម្មសិទ្ធិរបស់អ្នកស្រុក។ លក្ខណៈសំខាន់នៃអក្សរចារឹក Ka 24 ដែលជាអក្សរខ្មែរ ៣បន្ទាត់ ចារនៅផ្នែកជើងទម្ររាងប្រល នៅកែង មានខ្លឹមសារថា “ថ្ម (នេះគឺ) ជាអំណោយរបស់សតក្រមាឡ្តក្ស ដល់ព្រះអាទិទេពស្រីវក្រតិថ៌ ពួកគេដែលលួចរបស់នេះ (គឺជាអ្នកបំផ្លិចបំផ្លាញ) ព្រះ (សូមឲ្យ) ពួកគេទៅកាន់ស្ថាននរក (Cf. វង់ សុធារ៉ា, ទំព័រ ៤៦)។”
រីឯផ្នែកខាងចុងនៃសិលាចារឹក Ka 11 វិញ ដែលយើងបានរកឃើញមុនគេដែរ នៅមិនឆ្ងាយប៉ុន្មានពីភ្នំស្រង់ ក្នុងភូមិគងពិសី ក្នុងខេត្តកំពង់ស្ពឺបច្ចុប្បន្ន ក៏បាននិយាយដល់ការដាក់ពាក្យបណ្តាសារដែរ។ តទៅនេះ គឺជាអត្ថន័យរបស់អត្ថបទខាងលើ ៖ “(បើ) អ្នកណាដែលហ៊ានរារាំងនៅទីនេះ អ្នកណាដែលប្រវ័ញ្ចយករបស់របរនៅទីនេះ អ្នកណាដែលយកសម្បត្តិនៅទីនេះទៅប្រើប្រាស់ អ្នកណាធ្វើឲ្យមានវិបត្តិនៅទីនេះ សូមឲ្យពួកគេធ្លាក់ទៅក្នុងសប្តាវិសនរក (៧ជាន់ហ៊ុំព័ទ្ធដោយសមុទ្រ) កុំបីខាន (Cf. វង់ សុធារ៉ា, ទំព័រ ៦១)។”
ក្រៅពីនេះ យើងបានឃើញនៅមានសិលាចារឹក២ ទៀត នៅចុងស.វទី និងដើមស.វទី៧ នៅម្តុំវត្តភូ ខេត្តចម្ប៉ាសាក់ ប្រទេសលាវបច្ចុប្បន្នដែរ ដែលទាក់ទិនទៅនឹងបញ្ហាដូចគ្នា។
២- សម័យចេនឡាពីស.វទី៨-៩នៃគ.ស.
ដើម្បីបង្ហាញនូវនិរន្តភាពនៃប្រពៃណីប្រជាប្រិយ៍ខាងលើ តទៅនេះ នៅសម័យចេនឡាស.វទី៨-៩នៃគ.ស សូមលើកខ្លឹមសារនៃផ្នែកខាងចុងនៃអត្ថបទសិលាចារឹក សរសេរជាភាសាខ្មែរ នៅភូមិតាតថង ឃុំតាតថង ស្រុកមឿង ខេត្តយសោធន ព្រះរាជាណាចក្រថៃបច្ចុប្បន្ន ដែលមានអត្ថន័យដូចខាងក្រោមនេះ។
“(សូម) កុំប្រគល់អ្នកគ្មានមាយាទឲ្យមើលថែរក្សាព្រះទេវរូបទាំងនោះ” យើង “សូមកុំដាក់បណ្តាសារឲ្យនរណាបំផ្លាញព្រះទេវរូប (ទាំង ៣) នោះដែលជាវត្ថុ (របស់ខ្ញុំម្ចាស់) ឲ្យដល់ប្រជាជន។ ចូរ (អ្នកបំផ្លាញ) ឲ្យធ្លាក់ចុះនរកដរាបដល់ព្រះអាទិត្យ និងព្រះច័ន្ទរលាយ”។
សូមរំឮកថា នៅផ្នែកទី១ នៃសិលាចារឹកខាងលើនេះ ដែលត្រូវបានចារឡើងក្នុងរាជ្យរបស់ព្រះបាទឥសានវរ្ម័នទី២ សម័យចេនឡា មានតួអក្សរសំស្ក្រឹត ២០បន្ទាត់ រីឯភាគទី២ ជាភាសាខ្មែរមាន ២៨បន្ទាត់។ (Cf. Nantana Tantivess, Ban Tat Thong Inscription, Silpakorn, 45, No 2)។
៣- សម័យអង្គរ
ក្រោយនេះបន្តិច ពោលគឺ នៅសម័យអង្គរ សិលាចារឹកស្ទឹងច្រាប ស្រុកម៉ោងឫស្សី ខេត្តបាត់ដំបង (K.693) ចារឡើងក្នុងរាជ្យរបស់ព្រះបាទជ័យវរ្ម័ន គ.ស ១០០៣ ក៏មានអត្ថន័យដូចតទៅ ទោះបីជាពាក់ព័ន្ធទៅនឹងធ្វើរឿងវិវាទដីធ្លីក៏ដោយ។ សូមរំឮកខ្លឹមសារនៃអត្ថបទនេះថា “បូជានេះសូមឲ្យចុះនរកទាំង ៣២ជាន់ ដរាបណាលោកនេះ នៅតែមានព្រះច័ន្ទ និងព្រះអាទិត្យ”។
សូមជម្រាបថា ចុះពីសិលាចារឹកក្នុងរាជ្យព្រះបាទឥសានវរ្ម័នទី២ ដែលតម្កល់នៅក្នុងបរិវេណនៃប្រាង្គប្រាសាទ សិលាចារឹកមកពីស្ទឹងច្រាប គឺជាបង្គោលសីមា ដែលគេដោតនៅលើទទីដីដែលមានវិវាទ ដើម្បីជាព្រំប្រទល់។ សូមបញ្ជាក់ថា វត្តមានរបស់រូបចម្លាក់ព្រះយមរាជ ដែលមានកិត្តិនាមថា អ្នកកាត់ក្តីដោយភាពសុក្រិត ជិះគោអមដោយព្រះធម៌ និងព្រះចិត្រគុប្ត ព្រមទាំងព្រះច័ន្ទ និងព្រះអាទិត្យ គឺជាភស្តុតាងបង្ហាញអំពីជំនឿលើបុណ្យបាប ស្ថានសួគ៌ នរក របស់ខ្មែរនាសម័យដើមយ៉ាងប្រាកដ។
បន្ថែមលើនេះ ការសិក្សាវិភាគបានឲ្យដឹងទៀតថា សម្រាប់ខ្មែរបុរាណ ដែលប្រកបដោយសីលធម៌ខ្ពស់ គេរមែងតែជឿថា រាល់ការបំពាននូវបទបញ្ញាតិរមែងតែនាំមកនូវបាបកម្មគ្រប់ប្រភេទ មិនថានៅជាតិនេះ ឬជាតិខាងមុខនោះទេ។ ហើយប្រពៃណីនេះ តាមពិតទៅនៅតែមានជីវិតរស់រានរហូតដល់សព្វថ្ងៃ ពោលគឺមិនទាន់សាបរលាបប៉ុន្មាននៅឡើយទេ ជាពិសេសនៅតំបន់ជនបទ។
ជារួម តាមរយៈអត្ថបទនៃសិលាចារឹកមួយចំនួនតូច ដែលយើងទើបពិនិត្យនៅខាងលើ យើងអាចយល់យ៉ាងជាក់ច្បាស់អំពីសញ្ញាណបុណ្យ-បាប កុសល-អកុសល ស្ថានសួគ៌-នរក ក្នុងសង្គមខ្មែរបុរាណ។ ទាំងនោះក៏អាចបង្ហាញអំពីកម្រិតខ្ពស់នៃសីលធម៌របស់ខ្មែរផងដែរ ដែលជាននិច្ចកាលស្ថិតនៅក្រោមឥទ្ធិពលនៃមនោគមវិទ្យាសាសនា៕ (ម.ត្រាណេ) – See more at: http://www.cen.com.kh/culture/detail_culturecustom/MzFjM2IzMmI1ZTY#sthash.FwZRaF0N.dpuf