Reading swearing words of ancient Khmer people through this article, I am astonished by its level of politically correctness. Descriptively, from earlier Funan period of first century to A.D.624 (called Funan or Phnom Kingdom), to Chenda kingdom and Angkor Kingdom respectively, the rhetoric of swearing inscribed at the end of the whole inscription writing maintained the same level “cursing to go to hell if one stole the worshiping statue or destroying such statue and this curse will remain the same whenever the sun and moon are still orbiting around this universe”. The way of cursing that ancient Khmers articulated is simple and non-provocative or humiliating or bullying textual. As ancient Khmers were dignified by their honesty, gratitude and respect of others, we don’t see much arrogant and pejorative mouthing from this study.
ពាក្យប្រទិចផ្តាសាក្នុងសង្គមខ្មែរនាសម័យបុរាណ
សញ្ញាណនៃបុណ្យ បាប ឋានសួគ៌ នរក សម្រាប់សាសនិកខ្មែរនាសម័យបុរេអង្គរ (ហ្វូ-ណន និងចេនឡា) និងអង្គរ ដែលជាបទបញ្ញាទខាងមនោគមវិទ្យាសាសនា បានដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គមខ្មែរ គ្រប់សម័យកាលទាំងអស់។ ការចាប់អារម្មណ៍របស់យើង គឺនៅខាងចុងអត្ថបទសិលាចារឹកបុរាណមួយចំនួនដែលយើងបានសិក្សាជាមួយលោក ក្លូត ហ្ស័ក និងអ្នកគ្រូពៅ សាវរស កន្លងមក មានចារពាក្យដាក់បណ្តាសានេះ។ អត្ថន័យនៃពាក្យទាំងនេះ បង្ហាញឲ្យយើងឃើញដល់វិស័យសីលធម៌ដ៏ខ្ពង់ខ្ពស់របស់មនុស្សខ្មែរ នាជំនាន់ដើម ក្រៅពីនោះ វាក៏ជាសក្ខីកម្មដល់និរន្តរភាពនៃទំនៀមទម្លាប់ប្រពៃណី ជំនឿសាសនារបស់ខ្មែរយ៉ាងប្រាកដ នៅតាមសម័យកាលវិវត្តនីមួយៗនៃប្រវត្តិសាស្ត្រ។
សូមបញ្ជាក់ថា ពាក្យដាក់បណ្តាសារទាំងនោះ ជាទូទៅត្រូវបានចារនៅផ្នែកខាងចុងនៃអត្ថបទសិលាចារឹក។ ក្នុងអត្ថបទដ៏ខ្លីនេះ យើងគ្រាន់តែសូមលើកយកអត្ថបទសិលាចារឹកពាក់ព័ន្ធទៅនឹងប្រពៃណីការប្រទេចបណ្តាសាខាងលើនេះ ចំនួនតែ៤ មកពិភាក្សាប៉ុណ្ណោះ។ នៅទីនេះ សិលាចារឹកទាំងនោះ ដែលយើងនឹងពិនិត្យខ្លឹមសារ ចែកចេញជាសម័យកាលដូចតទៅនេះ ៖ ១- សម័យអន្តរកាល រវាងនគរភ្នំ និង ចេនឡា ២- សម័យចេនឡា និង ៣- សម័យអង្គរ។
សូមជម្រាបថា បើនិយាយដល់សម័យហ្វូ-ណន ឬនគរភ្នំ ពីស.វទី១ ដល់ឆ្នាំ ៦២៤នៃគ.ស. (កាលប្បប្រវត្តិចិន) យើងអាចកត់សម្គាល់ថា យើងពុំឃើញអត្ថបទជាលាយលក្ខណ៍អក្សរស្តីពីពាក្យបណ្តាសានេះទេ ទោះបីជាពាក្យនេះមានប្រភពចេញពីប្រទេសឥណ្ឌា ហើយបានហូរចូលហ្វូ-ណន តាមរយៈការផ្សព្វផ្សាយនៃលទ្ធិសាសនាធំៗទាំងពីរ គឺព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនាក៏ដោយ។ ក៏ប៉ុន្តែ បើយើងយោងតាមសិលាចារឹក ដែលមានការចុះកាលបរិច្ឆេទ ក្រោយនេះបន្តិច ពោលគឺ សម័យអន្តរកាលរវាងនគរភ្នំ និងចេនឡា យើងអាចនិយាយយ៉ាងត្រឹមត្រូវថា ប្រពៃណីប្រើពាក្យដាក់បណ្តាសា ពិតជាកេរ្តិ៍ដំណែលវប្បធម៌មកពីសម័យហ្វូ-ណន ឬនគរភ្នំយ៉ាងប្រាកដ។