ថ្ងៃអង្គារ, 13 ខែកញ្ញា 2011
ខ្មែរពីររូបទទួលពានរង្វាន់សិទ្ធិមនុស្ស
ដោយ គង់ សុឋានរិទ្ធ វីអូអេ ខ្មែរ | ភ្នំពេញ
រូបថត៖ AP
លោក ព្រែត អាដាមស៍ (Brad Adams) នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ប្រចាំអាស៊ី នៅក្នុងសន្និសីទព័ត៌មានមួយកាលពីឆ្នាំ២០០៦។ អង្គការឃ្លាំមើលសិទ្ធិមនុស្សនេះថា ខ្លួននឹងផ្តល់ពានរង្វាន់ដល់ពលរដ្ឋកម្ពុជាពីររូប ដោយសារពួកគេមានសេចក្ដីក្លាហានក្នុងការបង្ហាញទស្សនៈរបស់ខ្លួនសម្រាប់បម្រើឲ្យសិទ្ធិមនុស្ស។
«រង្វាន់នេះ ជាការលើកទឹកចិត្តធំធេងបំផុតសម្រាប់ខ្ញុំ សម្រាប់ការរួមចំណែកក្នុងការតស៊ូបញ្ចេញមតិនៅលើទំព័រសារព័ត៌មាន របស់ខ្ញុំ»។
ប្រជាពលរដ្ឋកម្ពុជាពីររូបនឹងទទួលពានរង្វាន់សម្រាប់ការតស៊ូដើម្បីបុព្វហេតុសិទ្ធិមនុស្សនៅកម្ពុជានៅថ្ងៃពុធស្អែកនេះនៅទីក្រុងបាងកក ប្រទេសថៃ។ នេះជាពានរង្វាន់ ហេល្លមែន ហាមេ្មត្ត (Hellman Hammett) ដែលនឹងត្រូវប្រគល់ដោយអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ដែលមានមូលដ្ឋាននៅក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
លោក ហង្ស ចក្រា និពន្ធនាយកកាសែតខ្មែរម្ចាស់ស្រុក ដែលត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារដោយសារការផ្សាយពាក់ព័ន្ធនឹងការចោទប្រកាន់អំពីអំពើពុករលួយក្នុងរដ្ឋាភិបាល និងព្រះតេជគុណ លួន សាវ៉ាត ត្រូវបណ្ដេញចេញពី វត្តលង្កា ក្រុងភ្នំពេញ ដោយសារតែព្រះតេជគុណបាននិមន្ដចូលរួមគាំទ្រការធ្វើបាតុកម្មតវ៉ារបស់អ្នកភូមិបឹងកក់ប្រឆាំងនឹងការបំពានយកដីធ្លី។ បុគ្គលទាំងពីររូបគឺជាជ័យលាភីពានរង្វាន់នេះ។
លោក ហ្វ៊ីល រ៉ប៊តសិន (Phil Robertson) នាយករងនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី បានប្រាប់ វីអូអេខ្មែរតាមទូរស័ព្ទថា ពលរដ្ឋកម្ពុជាទាំងពីររូបមានសេចក្ដីក្លាហានក្នុងការបង្ហាញទស្សនៈរបស់ ខ្លួនសម្រាប់បម្រើឲ្យសិទ្ធិមនុស្ស។